សំណួរពីយុវវ័យ
តើតាមរបៀបណាខ្ញុំអាចគេងគ្រប់គ្រាន់?
បើអ្នកធ្លាក់មុខវិជ្ជាគណិត អ្នកប្រហែលជាគិតថាអ្នកត្រូវរៀនថែមទៀត។ បើអ្នកមិនពូកែខាងកីឡាដូចពីមុន អ្នកប្រហែលជាគិតថាអ្នកត្រូវហ្វឹកហាត់ច្រើនជាង។ ប៉ុន្តែ ក្នុងករណីទាំងពីរ អ្វីដែលអ្នកប្រហែលជាត្រូវការ គឺគេងគ្រប់គ្រាន់។ សូមពិចារណានូវមូលហេតុ។
ហេតុអ្វីអ្នកត្រូវការគេង?
ពួកអ្នកជំនាញនិយាយថាយុវវ័យភាគច្រើនត្រូវគេងចាប់ពី៨ទៅ១០ម៉ោងក្នុងមួយយប់។ ហេតុអ្វីសំខាន់ដែលអ្នកត្រូវគេងឲ្យបានគ្រប់គ្រាន់?
ការគេងជួយឲ្យអ្នកគិតបានច្បាស់ជាង។ ការគេងបានត្រូវគេហៅថាជា«អាហារសម្រាប់ខួរក្បាល»។ ការគេងអាចជួយអ្នកខាងការរៀនសូត្រ និងខាងកីឡាកាន់តែប្រសើរជាង ថែមទាំងជួយអ្នកឲ្យមានសមត្ថភាពដោះស្រាយបញ្ហាទៀតផង។
ការគេងជួយឲ្យចិត្តគំនិតនិងអារម្មណ៍របស់អ្នកល្អប្រសើរជាង។ ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យអារម្មណ៍ឡើងចុះភ្លាមៗ ក្រៀមក្រំចិត្ត ឬធ្លាក់ទឹកចិត្ត ហើយពិបាកចុះសម្រុងជាមួយអ្នកឯទៀត។
ការគេងគ្រប់គ្រាន់ជួយអ្នកឲ្យបើកបរដោយសុវត្ថិភាព។ ការសិក្សាមួយនៅសហរដ្ឋអាម៉េរិកបានបង្ហាញថាដើមហេតុនៃអ្នកបើកបរពីអាយុ១៦ដល់២៤ឆ្នាំ«ជួបគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារពួកគេបានងោកពេលបើកបរ» ការសិក្សានោះក៏បានបង្ហាញថាអ្នកបើកបរពីអាយុ១៦ដល់២៤ឆ្នាំស្រួលងោកជាងអ្នកបើកបរពីអាយុ៤០ដល់៥៩ឆ្នាំ ដែលជួបគ្រោះថ្នាក់។
ការគេងជួយឲ្យសុខភាពល្អជាង។ ការគេងជួយរាងកាយរបស់អ្នកឲ្យថែរក្សានិងជួសជុល កោសិកា ជាលិកា និងសរសៃឈាម។ ការគេងគ្រប់គ្រាន់ជួយកាត់បន្ថយការធាត់ជ្រុល ជំងឺទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមខួរក្បាល។
តើអ្វីរារាំងអ្នកពីការគេង?
យើងទើបតែរៀនអំពីអត្ថប្រយោជន៍នៃការគេង ទោះជាយ៉ាងនោះក៏ដោយ ពួកយុវវ័យជាច្រើនមិនបានគេងគ្រប់គ្រាន់ទេ។ ជាឧទាហរណ៍ ប្អូនស្រីអ៊ីឡេនដែលមានអាយុ១៦ឆ្នាំបាននិយាយថា៖
«គ្រូរបស់ខ្ញុំបានសួរសិស្សក្នុងថ្នាក់ថា តើគ្រប់គ្នាចូលគេងនៅម៉ោងប៉ុន្មាន។ ភាគច្រើនឆ្លើយថា ប្រហែលម៉ោង២:០០ទៀបភ្លឺ។ អ្នកខ្លះទៀតថាប្រហែលម៉ោង៥:០០ព្រឹក។ មានតែសិស្សម្នាក់ប៉ុណ្ណោះដែលឆ្លើយថាម៉ោង៩:៣០យប់»។
តើមានអ្វីខ្លះដែលអាចរារាំងអ្នកពីការគេង?
ការជប់លៀង។ ប្អូនស្រីផាម៉ាឡានិយាយថា៖«គឺងាយស្រួលឲ្យខ្ញុំចូលគេងយឺត និងបង្ខាតពេល ជាពិសេសពេលដែលខ្ញុំចេញទៅដើរលេងជាមួយមិត្តភក្ដិនៅពេលយប់»។
ភារៈកិច្ចផ្សេងៗ។ ប្អូនស្រីអាណានិយាយថា៖«ខ្ញុំចូលចិត្តគេង តែពិបាកឲ្យខ្ញុំគេងគ្រប់គ្រាន់ ព្រោះកាលវិភាគខ្ញុំរវល់ពេក»។
បច្ចេកវិជ្ជា។ ប្អូនស្រីអានីសានិយាយថា៖«មូលហេតុធំដែលធ្វើឲ្យខ្ញុំពិបាកគេងគឺទូរស័ព្ទខ្ញុំ។ ពេលដែលខ្ញុំចូលគេង ខ្ញុំចេះតែចង់មើលទូរស័ព្ទរហូត»។
តើតាមរបៀបណាអ្នកអាចគេងឲ្យបានគ្រប់គ្រាន់?
សូមសួរខ្លួនអ្នកថាការគេងរបស់អ្នកសំខាន់យ៉ាងណាចំពោះអ្នក។ គម្ពីរចែងថា៖«បើមានតែ១ក្ដាប់ ទាំងប្រកបដោយសេចក្ដីសុខ នោះវិសេសជាងមាន២ក្ដាប់ ហើយមានទាំងការនឿយហត់នឹងការខំជាអសារឥតការផង»។ (សាស្ដា ៤:៦) ការគេងគឺសំខាន់ចាំបាច់ មិនមែនជាអ្វីដែលចង់ឬមិនចង់ទេ។ បើអ្នកមិនគេង នោះអ្នកនឹងមិនអាចធ្វើការបានល្អ សូម្បីតែការកម្សាន្តសប្បាយក៏អាចជាអ្វីដែលមិនសប្បាយវិញ!
សូមសម្គាល់មូលហេតុចម្បងដែលធ្វើឲ្យអ្នកគេងមិនបានគ្រប់គ្រាន់។ ជាឧទាហរណ៍ តើអ្នកដើរលេងជាមួយនឹងមិត្តភក្តិរហូតដល់យប់ជ្រៅឬទេ? តើអ្នកមានលំហាត់ដែលត្រូវធ្វើនិងមានកិច្ចការផ្ទះច្រើនពេកឬទេ? តើទូរស័ព្ទដៃរបស់អ្នកធ្វើឲ្យអ្នកចូលគេងយប់ជ្រៅ ឬធ្វើឲ្យអ្នកភ្ញាក់ក្រោយពីអ្នកចូលគេងឬទេ?
សូមគិតអំពីនេះ: ដើម្បីយកឈ្នះអ្វីដែលរារាំងអ្នកពីការគេងឲ្យបានគ្រប់គ្រាន់ អ្នកត្រូវខំប្រឹងព្យាយាម ហើយអ្នកនឹងទទួលលទ្ធផលល្អសមនឹងការព្យាយាមនោះ។ សុភាសិត ២១:៥ចែងថា៖«គំនិតរបស់មនុស្សឧស្សាហ៍ នោះនាំឲ្យបានបរិបូរឡើងតែម្យ៉ាង»។
ពិតមែនហើយ អ្វីដែលល្អសម្រាប់បុគ្គលម្នាក់ មិនមែនល្អសម្រាប់អ្នកឯទៀតទេ។ ជាឧទាហរណ៍ អ្នកខ្លះនិយាយថាការគេងថ្ងៃ ជួយពួកគេឲ្យគេងស្រួលជាងនៅពេលយប់។ ប៉ុន្តែ អ្នកខ្លះទៀតនិយាយថាការគេងថ្ងៃធ្វើឲ្យពួកគេពិបាកគេងនៅពេលយប់វិញ។ សូមរកវិធីដែលល្អសម្រាប់អ្នក។ អ្នកអាចធ្វើតាមយោបល់ដូចតទៅ៖
ទុកពេលឲ្យខ្លួនសម្រាកមុនចូលគេង។ បើមុនពេលចូលគេង អ្នកសម្រាកបន្តិច អ្នកប្រហែលជានឹងឆាប់គេងលក់ជាង។
ប្អូនស្រីម៉ារៀរៀបរាប់ថា៖«ជាការល្អបើយើងបង្ហើយកិច្ចការដែលត្រូវធ្វើឲ្យរួចរាល់ជាមុនសិន ដើម្បីកុំឲ្យខ្វល់ខ្វាយអំពីកិច្ចការនោះពេលចូលគេង»។
ចាត់វិធានការ។ ជាជាងអនុញ្ញាតឲ្យកាលៈទេសៈរបស់អ្នកគ្រប់គ្រងអ្នក អ្នកត្រូវគ្រប់គ្រងកាលវិភាគរបស់អ្នក។ យ៉ាងនេះ អ្នកអាចគេងបានគ្រប់គ្រាន់។
ប្អូនប្រុសវីនសិនរៀបរាប់ថា៖«ខ្ញុំត្រូវគេងយ៉ាងតិចឲ្យបាន៨ម៉ោង។ ដូច្នេះ បើខ្ញុំត្រូវក្រោកលឿនជាងធម្មតាខ្ញុំត្រូវកំណត់ម៉ោងដើម្បីឆាប់ចូលគេងជាង»។
ព្យាយាមចូលគេងនិងក្រោកនៅម៉ោងដូចគ្នា។ ក្នុងខ្លួនអ្នកមាននាឡិកា ហើយនាឡិកានោះដំណើរការបានល្អលុះត្រាតែអ្នកបង្វឹកបង្ហាត់វា។ ពួកអ្នកជំនាញឲ្យយោបល់ថាត្រូវចូលគេងនិងក្រោកនៅម៉ោងដូចគ្នាជារៀងរាល់ថ្ងៃ។ សូមសាកល្បងធ្វើដូចនេះក្នុងរយៈពេលមួយខែ ហើយមើលថាអ្នកមានអារម្មណ៍ល្អប្រសើរយ៉ាងណា។
ប្អូនប្រុសចារេដរៀបរាប់ថា៖«បើអ្នកចូលគេងនៅម៉ោងដូចគ្នាជារៀងរាល់យប់ នោះនៅថ្ងៃបន្ទាប់អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ ហើយនេះនឹងជួយអ្នកឲ្យធ្វើកិច្ចការផ្សេងៗបានល្អជាង»។
មានតុល្យភាពក្នុងការកម្សាន្ត។ គម្ពីរចែងថា ចូរ«ប្រព្រឹត្តដោយមានតុល្យភាព» ហើយនេះរួមបញ្ចូលអ្វីដែលអ្នកធ្វើក្នុងពេលសម្រាកលម្ហែកាយដែរ។—ធីម៉ូថេទី១ ៣:២, ១១
ប្អូនស្រីរេបិការៀបរាប់ថា៖«ខ្ញុំត្រូវរៀនដាក់កម្រិតលើសកម្មភាពពេលល្ងាចរបស់ខ្ញុំ។ បើខ្ញុំមិនដាក់ពេលកំណត់សម្រាប់ការកម្សាន្តទេ វាអាចស៊ីពេល ហើយប៉ះពាល់ដល់ការគេងរបស់ខ្ញុំ»។
ទុកឲ្យទូរស័ព្ទរបស់អ្នក«ដេក»ដែរ! យ៉ាងហោចណាស់ មួយម៉ោងមុនចូលគេង ព្យាយាមកុំលេងអ៊ីនធឺណិតឬផ្ញើសារទៅមិត្តភក្តិ។ តាមពិតអ្នកជំនាញខ្លះបានព្រមានថា ពន្លឺពីទូរស័ព្ទ ទូរទស្សន៍ ឬកុំព្យូទ័របន្ទះស្ដើងអាចធ្វើឲ្យពិបាកចូលគេងជាង។
ប្អូនស្រីជូលីសឺរៀបរាប់ថា៖«មនុស្សខ្លះរំពឹងថាអ្នកអាចទទួលទូរស័ព្ទ២៤ម៉ោង ប៉ុន្តែដើម្បីអាចសម្រាកបានពេញលេញអ្នកត្រូវទុកទូរស័ព្ទរបស់អ្នកនៅឲ្យឆ្ងាយពីខ្លួន»។