សំណួរពីយុវវ័យ
តើខ្ញុំអាចបំបាត់ចោលគំនិតអវិជ្ជមានយ៉ាងដូចម្ដេច?
តើប្អូនមានទស្សនៈយ៉ាងណាចំពោះខ្លួនឯង?
គំនិតវិជ្ជមាន
ប្អូនវ៉ាលីរីបានរៀបរាប់ថា៖«ខ្ញុំព្យាយាមធ្វើជាមនុស្សសប្បាយរីករាយ និងស្រួលទាក់ទង។ ដូច្នេះ ជារៀងរាល់ថ្ងៃខ្ញុំគួរតែញញឹម»។
គំនិតអវិជ្ជមាន
ប្អូនស្រីរេបិកាបានរៀបរាប់ថា៖«ប្រតិកម្មដំបូងរបស់ខ្ញុំចំពោះអ្វីដែលល្អ គឺខ្ញុំតែងតែគិតថាអ្វីទាំងនោះសុទ្ធតែមិនល្អ ឬគិតថាវាល្អពេកមិនគួរឲ្យជឿទេ ប្រហែលគេច្រឡំហើយ»។
គំនិតសមហេតុផល
ប្អូនស្រីអាណាបានរៀបរាប់ថា៖«ការគិតវិជ្ជមានពេកនាំឲ្យខកចិត្ត ហើយការគិតអវិជ្ជមានពេកនាំឲ្យជីវិតអាប់អួរ។ ប៉ុន្តែ ការមានគំនិតសមហេតុផលជួយខ្ញុំឲ្យឃើញ សថាស ខ្មៅថាខ្មៅ»។
ហេតុអ្វីនេះសំខាន់?
គម្ពីរចែងថា៖‹អ្នកដែលមានចិត្តរីករាយ គាត់ដូចជានៅក្នុងពិធីជប់លៀងរាល់ថ្ងៃ›។ (សុភាសិត ១៥:១៥) ពិតណាស់ អ្នកដែលមិនគិតអវិជ្ជមានហើយព្យាយាមគិតអ្វីល្អៗ នោះពួកគេច្រើនតែសប្បាយជាង មានមិត្តច្រើនជាង។ លើសពីនោះទៅទៀត ពេលដែលបុគ្គលម្នាក់តែងតែក្រៀមក្រំនិងគិតអវិជ្ជមាន នោះមិនសូវមានអ្នកណាចង់នៅក្បែរពួកគេទេ។
ប៉ុន្តែ ទោះជាអ្នកជាមនុស្សដែលតែងតែគិតវិជ្ជមានក៏ដោយ អ្នកនៅតែជួបរឿងពិបាកក្នុងជីវិត។ ជាឧទាហរណ៍៖
អ្នកឮព័ត៌មានអំពីសង្គ្រាម ភេវរកម្ម ឬឧក្រិដ្ឋកម្ម។
អ្នកប្រហែលជាត្រូវដោះស្រាយបញ្ហាផ្សេងៗក្នុងក្រុមគ្រួសារ។
អ្នកប្រហែលជាមានភាពទន់ខ្សោយ ហើយត្រូវតយុទ្ធនឹងភាពទន់ខ្សោយនោះ។
មិត្តភក្តិណាម្នាក់ប្រហែលជាធ្វើឲ្យអ្នកឈឺចិត្ត។
ជាជាងធ្វើមិនដឹងមិនឮចំពោះបញ្ហាឬគិតច្រើនពេកពីរឿងទាំងនោះ សូមព្យាយាមទទួលស្គាល់ការពិត។ ការធ្វើដូច្នោះ នឹងជួយអ្នកឲ្យជៀសវាងពីការមានគំនិតអវិជ្ជមានហួសហេតុពេក ហើយទទួលយកការពិតដោយមិនធ្លាក់ទឹកចិត្តខ្លាំងពេក។
អ្វីដែលប្អូនអាចធ្វើ
មានទស្សនៈត្រឹមត្រូវចំពោះភាពទន់ខ្សោយរបស់ខ្លួន
គម្ពីរចែងថា៖«នៅផែនដី គ្មានមនុស្សសុចរិតណាម្នាក់ដែលតែងតែធ្វើល្អជានិច្ច ហើយមិនចេះធ្វើខុសនោះទេ»។ (អ្នកទូន្មាន ៧:២០) តាមពិត ពេលដែលអ្នកធ្វើខុសឬសាងកំហុសណាមួយ នេះបង្ហាញថាអ្នកជាមនុស្សធម្មតា មិនមែនជាមនុស្សបរាជ័យទេ។
របៀបមានគំនិតសមហេតុផល៖ សូមខំរីកចម្រើន តែសូមចាំថាយើងជាមនុស្សមិនល្អឥតខ្ចោះ។ ប្អូនប្រុសម្នាក់ឈ្មោះខេលឹបបាននិយាយថា៖«ខ្ញុំព្យាយាមមិនផ្ដោតអារម្មណ៍ទៅលើកំហុសរបស់ខ្ញុំដើម្បីកុំឲ្យខ្ញុំធ្លាក់ទឹកចិត្ត តែផ្ទុយទៅវិញខ្ញុំព្យាយាមរៀនពីកំហុសទាំងនោះ ដើម្បីខ្ញុំអាចឃើញរបៀបដែលខ្ញុំអាចរីកចម្រើន»។
កុំប្រៀបធៀប
គម្ពីរចែងថា៖«កុំឲ្យយើងទៅជាមនុស្សដែលលើកខ្លួនហួសប្រមាណ ដោយបង្កើតឲ្យមានការប្រកួតប្រជែងគ្នា និងដោយឈ្នានីសគ្នាទៅវិញទៅមកឡើយ»។ (កាឡាទី ៥:២៦) ពេលយើងមើលរូបថតនៅលើបណ្ដាញសង្គមអំពីកម្មវិធីផ្សេងៗដែលគេមិនបានអញ្ជើញយើង នោះអាចធ្វើឲ្យយើងអាក់អន់ចិត្តខ្លាំងណាស់ ហើយអាចធ្វើឲ្យយើងសង្ស័យថា តើមិត្តភក្តិរបស់យើងពិតជាចូលចិត្តយើងឬយ៉ាងណា។
របៀបមានគំនិតសមហេតុផល៖ សូមទទួលស្គាល់ថាអ្នកមិនតែងតែត្រូវគេអញ្ជើញគ្រប់កម្មវិធីទេ។ ម្យ៉ាងទៀត រូបថតដែលអ្នកឃើញក្នុងបណ្ដាញសង្គមគឺគ្រាន់តែឃើញមួយជ្រុងប៉ុណ្ណោះ។ ប្អូនស្រីម្នាក់ឈ្មោះអាឡិចសឺសបាននិយាយថា៖«នៅក្នុងបណ្ដាញសង្គម មនុស្សតែងតែបង្ហោះអំពីអ្វីដែលសប្បាយ តែគេមិនតែងតែបង្ហោះអ្វីដែលមិនសប្បាយទេ»។
ចូរធ្វើឲ្យមានសន្តិភាព ជាពិសេសក្នុងក្រុមគ្រួសារ
គម្ពីរចែងថា៖«ចូរខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យមានសន្តិភាពជាមួយនឹងមនុស្សទាំងអស់ ប្រសិនបើអាចធ្វើទៅបាន»។ (រ៉ូម ១២:១៨) ជាញឹកញយ អ្នកមិនអាចផ្លាស់ប្ដូរអ្វីដែលអ្នកឯទៀតធ្វើទេ តែអ្នកអាចផ្លាស់ប្ដូរអ្វីដែលអ្នកធ្វើ។ ដូច្នេះ អ្នកអាចជ្រើសរើសធ្វើឲ្យមានសន្តិភាពបាន។
របៀបមានគំនិតសមហេតុផល៖ កុំបន្ថែមបញ្ហានៅក្នុងក្រុមគ្រួសារ តែសូមធ្វើឲ្យមានសន្តិភាពវិញ ដូចដែលអ្នកមានជាមួយនឹងមិត្តភក្ដិរបស់អ្នក។ ប្អូនស្រីម្នាក់ឈ្មោះម៉ាឡេនដាបាននិយាយថា៖«គ្មានយើងណាម្នាក់ល្អឥតខ្ចោះទេ ប្រហែលពេលមួយយើងអាចធ្វើឲ្យបុគ្គលម្នាក់ឈឺចិត្ត តែយើងអាចសម្រេចចិត្តថាយើងគួរមានប្រតិកម្មបែបណាដើម្បីធ្វើឲ្យមានសន្តិភាព»។
រៀនឲ្យចេះដឹងគុណ
គម្ពីរចែងថា៖«ចូរអ្នករាល់គ្នាបង្ហាញអំណរគុណ»។ (កូឡុស ៣:១៥) បើប្អូនមានចិត្តដឹងគុណ ប្អូននឹងផ្ដោតអារម្មណ៍ទៅលើអ្វីដែលល្អក្នុងជីវិតរបស់ប្អូន មិនមែនអ្វីដែលមិនល្អទេ។
របៀបមានគំនិតសមហេតុផល៖ សូមទទួលស្គាល់បញ្ហារបស់ប្អូន តែសូមកុំមើលរំលងអ្វីដែលល្អកើតឡើងក្នុងជីវិតរបស់ប្អូនឡើយ។ ប្អូនស្រីម្នាក់ឈ្មោះរេបិកាបានរៀបរាប់ថា៖«រៀងរាល់ថ្ងៃ ខ្ញុំបានសរសេរចំណុចល្អមួយក្នុងសៀវភៅកំណត់ហេតុរបស់ខ្ញុំ ដោយសារខ្ញុំចង់រំលឹកខ្លួនឯងថាទោះជាខ្ញុំមានបញ្ហាក៏ដោយ នៅតែមានអ្វីល្អកើតឡើងចំពោះខ្ញុំ»។
គិតអំពីមិត្តដែលប្អូនគួររាប់អាន
គម្ពីរចែងថា៖«ការសេពគប់អាក្រក់បង្ខូចការប្រព្រឹត្តល្អ»។ (កូរិនថូសទី១ ១៥:៣៣) ពេលប្អូនចំណាយពេលជាមួយអ្នកដែលចូលចិត្តចាប់កំហុសនិងរិះគន់ ចិត្តគំនិតបែបនោះនឹងមានឥទ្ធិពលមកលើប្អូនដែរ។
របៀបមានគំនិតសមហេតុផល៖ ពេលមិត្តរបស់ប្អូនមានបញ្ហាក្នុងជីវិត អស់មួយរយៈពួកគេប្រហែលជានឹងពិបាកចិត្តហើយតានតឹងចិត្ត។ សូមជួយពួកគេ តែសូមកុំឲ្យបញ្ហារបស់ពួកគេមានឥទ្ធិពលខ្លាំងពេកមកលើប្អូន។ ប្អូនស្រីមីស្យែលបាននិយាយថា៖«យើងមិនគួរចំណាយពេលជាមួយនឹងអ្នកដែលតែងតែមើលអ្វីក្នុងផ្លូវអាក្រក់ទេ។ តាមគណិតវិទ្យា ពេលយើងយកលេខអវិជ្ជមានបូកនឹងលេខអវិជ្ជមាន នោះយើងនឹងបានលេខអវិជ្ជមានកាន់តែធំ»។
សូមអានថែមទៀតអំពីរឿងនេះ
យើងកំពុងរស់នៅក្នុងគ្រាមួយដែលគម្ពីរហៅថាគ្រា«លំបាកខ្លាំងណាស់»។ (ធីម៉ូថេទី២ ៣:១) ពេលដែលពិភពលោកមានបញ្ហាកាន់តែច្រើន តើអ្នកពិបាកមានចិត្តគំនិតត្រឹមត្រូវឬទេ? សូមអានអត្ថបទដែលមានចំណងជើងថា«ហេតុអ្វីមានទុក្ខវេទនាច្រើនម្ល៉េះ?»។