សំណួរពីយុវវ័យ
ចុះបើខ្ញុំមិនចង់រស់ទៀត?
ចនណាថិនដែលមានអាយុ១៧ឆ្នាំ បានរៀបរាប់ថា៖«ប៉ុន្មានឆ្នាំមុន ខ្ញុំមានការថប់បារម្ភខ្លាំងដល់ម្ល៉េះរហូតដល់ខ្ញុំមានអារម្មណ៍ថាមានភ្លើងឆេះសន្ធោសន្ធៅនៅក្នុងចិត្តរបស់ខ្ញុំ ហើយខ្ញុំមិនអាចពន្លត់បានទេ។ ក្នុងអំឡុងពេលនោះ ខ្ញុំគិតចង់សម្លាប់ខ្លួន។ ខ្ញុំមិនចង់រស់ទៀតទេ។ ខ្ញុំចង់ឲ្យការឈឺចាប់នេះរលាយបាត់ទៅ»។
យោងតាមការស្ទង់មតិសិស្សវិទ្យាល័យប្រមាណ១៤.០០០នាក់ គេរកឃើញថាក្នុងអំឡុង១២ខែមុន ក្នុងចំណោមសិស្សប្រាំនាក់ មានម្នាក់គិតចង់សម្លាប់ខ្លួន។ a បើប្អូនគិតថាជីវិតគ្មានតម្លៃ តើប្អូនអាចធ្វើយ៉ាងណា?
ចាំសិន។ សូមកុំសម្រេចចិត្តធ្វើអ្វីមួយភ្លាមៗឡើយ។ ទោះជាបញ្ហារបស់ប្អូនមើលទៅមិនអាចដោះស្រាយក្ដី តែនៅមានវិធីដែលប្អូនអាចរៀនដើម្បីដោះស្រាយបញ្ហាទាំងនោះបាន។
ប្អូនប្រហែលជាមានអារម្មណ៍ថាគ្មានដំណោះស្រាយចំពោះបញ្ហារបស់ប្អូនទេ។ ប៉ុន្តែ ការមានអារម្មណ៍បែបនោះ មិនបានន័យថានោះជាការពិតទេ។ ការពិត មានវិធីជាច្រើនដែលអាចដោះស្រាយបញ្ហារបស់ប្អូន។ បើប្អូនទទួលជំនួយត្រឹមត្រូវ នោះប្អូនប្រហែលអាចដោះស្រាយបញ្ហាលឿនជាងការគិតរបស់ប្អូនទៅទៀត។
គោលការណ៍គម្ពីរ៖«យើងត្រូវគេគាបសង្កត់នៅគ្រប់ច្រកល្ហក តែមិនមែនដោយរើមិនរួចឡើយ យើងទាល់គំនិត តែមិនមែនទាល់ច្រកទេ»។—កូរិនថូសទី២ ៤:៨
យោបល់៖ បើគំនិតចង់សម្លាប់ខ្លួនមានកាន់តែខ្លាំងនិងកាន់តែញឹកញាប់ សូមស្វែងរកជំនួយដែលប្អូនអាចទទួលបាន ដូចជាទូរស័ព្ទទៅទីប្រឹក្សាពិគ្រោះយោបល់អំពីអ្វីដែលប្អូនអាចធ្វើដើម្បីបំបាត់អារម្មណ៍ចង់សម្លាប់ខ្លួន ឬទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់ជាដើម។ អ្នកដែលធ្វើការនៅទីនោះបានទទួលការបង្ហាត់បង្រៀនដើម្បីផ្ដល់ជំនួយ ហើយពួកគេពិតជាចង់ជួយប្អូនខ្លាំងណាស់។
និយាយជាមួយអ្នកណាម្នាក់។ មានអ្នកដែលពិតជាយកចិត្តទុកដាក់ចំពោះប្អូន និងចង់ជួយប្អូន។ អ្នកទាំងនោះរួមបញ្ចូលមិត្តភក្តិ និងក្រុមគ្រួសាររបស់ប្អូន។ ពួកគាត់ប្រហែលជាមិនដឹងថាប្អូនកំពុងរងទុក្ខទេ បើប្អូនមិនប្រាប់ពួកគាត់។
អ្នកខ្លះត្រូវការវ៉ែនតាដើម្បីជួយពួកគេឲ្យឃើញច្បាស់ជាង។ ស្រដៀងគ្នាដែរ មិត្តភក្តិអាចជួយប្អូនឲ្យមើលឃើញបញ្ហារបស់ប្អូនច្បាស់ជាង ហើយគាត់អាចជួយប្អូនឲ្យមានចិត្តចង់រស់តទៅទៀត។
គោលការណ៍គម្ពីរ៖«មិត្តពិត . . . កើតមក ដើម្បីជួយគ្នានៅពេលមានទុក្ខលំបាក»។—សុភាសិត ១៧:១៧
យោបល់៖ ប្អូនអាចចាប់ផ្ដើមដោយនិយាយថា៖«ថ្មីៗនេះ ខ្ញុំមានគំនិតមិនត្រឹមត្រូវសោះ។ បើបងមិនប្រកាន់ ខ្ញុំសុំនិយាយជាមួយបងអំពីរឿងនោះបានទេ?»។ ប្អូនក៏អាចនិយាយថា៖«ខ្ញុំមានបញ្ហាខ្លះដែលខ្ញុំមិនអាចដោះស្រាយខ្លួនឯងទេ។ តើបងអាចជួយខ្ញុំបានទេ?»។
ជួបគ្រូពេទ្យ។ បញ្ហាសុខភាពដូចជាជំងឺថប់បារម្ភឬជំងឺធ្លាក់ទឹកចិត្ត អាចបណ្ដាលឲ្យអ្នកខ្លះលែងចង់រស់ទៀត។ ប៉ុន្តែ ប្អូនដឹងទេតាមពិតជំងឺទាំងនេះអាចព្យាបាលបាន។
ដូចជំងឺផ្ដាសាយអាចធ្វើឲ្យយើងលែងចង់ញ៉ាំអាហារ នោះជំងឺធ្លាក់ទឹកចិត្តក៏ធ្វើឲ្យយើងលែងចង់រស់ទៀតដែរ។ ទោះជាយ៉ាងនេះក្ដី ជំងឺទាំងពីរអាចព្យាបាលបាន។
គោលការណ៍គម្ពីរ៖ «មនុស្សដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ តែអ្នកដែលឈឺទើបត្រូវការគ្រូពេទ្យ»។—ម៉ាថាយ ៩:១២
យោបល់៖ សូមគេងនិងហាត់ប្រាណឲ្យបានគ្រប់គ្រាន់ ហើយបរិភោគអាហារដែលមានជីវជាតិ ព្រោះសុខភាពផ្លូវកាយអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ប្អូន។
អធិដ្ឋាន។ គម្ពីរចែងថាព្រះដែលជាអ្នកបង្កើតយើងគឺ«ធំជាងចិត្តរបស់យើង ហើយក៏ជ្រាបគ្រប់ទាំងអស់»។ (យ៉ូហានទី១ ៣:២០) ចុះយ៉ាងណាបើប្អូនអធិដ្ឋានប្រាប់ពីអារម្មណ៍របស់ប្អូនទៅលោកនៅថ្ងៃនេះ? សូមនិយាយអស់ពីចិត្តប្រាប់លោក ដោយប្រើឈ្មោះរបស់លោកគឺយេហូវ៉ា។
បន្ទុកខ្លះគឺធ្ងន់ពេកដែលប្អូនមិនអាចរែកពុនតែម្នាក់ឯងបានឡើយ។ ប៉ុន្តែ ព្រះយេហូវ៉ាត្រៀមជួយប្អូនជានិច្ច។
គោលការណ៍គម្ពីរ៖ «ចូរ . . . អង្វរសុំ និងថ្លែងអំណរគុណ។ យ៉ាងនេះ សេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្តនិងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា»។—ភីលីព ៤:៦, ៧
យោបល់៖ ក្រៅពីជម្រាបប្រាប់ព្រះយេហូវ៉ាអំពីបញ្ហារបស់ប្អូន សូមព្យាយាមគិតអំពីអ្វីល្អមួយដែលប្អូនអាចអរគុណលោកថ្ងៃនេះ។ (កូឡុស ៣:១៥) ការមានអំណរគុណនឹងជួយប្អូនឲ្យផ្ដោតអារម្មណ៍ទៅលើអ្វីល្អៗក្នុងជីវិតប្អូន។
បើប្អូនគិតថាជីវិតគ្មានតម្លៃ ហើយមិនចង់រស់ទៀត សូមទទួលជំនួយ។ នេះជាអ្វីដែលប្អូនចនណាថិនបានធ្វើ។ គាត់បាននិយាយថា៖«ខ្ញុំត្រូវនិយាយច្រើនជាមួយឪពុកម្ដាយរបស់ខ្ញុំ ហើយទទួលការព្យាបាល។ ឥឡូវស្ថានភាពរបស់ខ្ញុំប្រសើរជាងឆ្ងាយណាស់។ ទោះជាពេលខ្លះអារម្មណ៍ខ្ញុំឡើងចុះក្ដី តែខ្ញុំលែងមានអារម្មណ៍ចង់សម្លាប់ខ្លួនទៀតហើយ»។
a ការស្ទង់មតិនេះបានធ្វើនៅឆ្នាំ២០១៩ ដោយមណ្ឌលប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ជំងឺ នៅសហរដ្ឋអាម៉េរិក។