លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ឈប់​ធ្វើ​ជា​មនុស្ស​មាន​មុខ​ពីរ?

តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ឈប់​ធ្វើ​ជា​មនុស្ស​មាន​មុខ​ពីរ?

 ជួន​កាល អ្នក​ខ្លះ​ដែល​គោរព​ប្រណិប័តន៍​ព្រះ​ឆ្ងល់​ថា​ការ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ​គឺ​ទាន់​សម័យ​និង​មាន​ប្រយោជន៍​ឬ​យ៉ាង​ណា។ (​ចម្រៀង​សរសើរ​ព្រះ ៧៣:២, ៣​) ពួក​គេ​ប្រហែល​ជា​ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​បំពាន​ច្បាប់​របស់​ព្រះ​យេហូវ៉ា ហើយ​ព្យាយាម​បញ្ឆោត​បង​ប្អូន​រួម​ជំនឿ​ដោយ​បិទ​បាំង​ការ​ប្រព្រឹត្ត​អាក្រក់​របស់​ខ្លួន។

 អត្ថបទ​នេះ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​ជួយ​អស់​អ្នក​ដែល​កំពុង​ដើរ​តាម​គន្លង​នេះ តែ​ចង់​ឈប់​ធ្វើ​ដូច្នេះ​ត​ទៅ​ទៀត។

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​៖

 តើ​ការ​មាន​មុខ​ពីរ​មាន​ន័យ​យ៉ាង​ណា?

 ការ​មាន​មុខ​ពីរ​មាន​ន័យ​ថា ពេល​នៅ​ជា​មួយ​មនុស្ស​ស្រករ​ប្អូន ដែល​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ប្អូន​ធ្វើ​អ្វី​ដែល​ប្អូន​ដឹង​ថា​ខុស តែ​ពេល​ប្អូន​នៅ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ ប្អូន​ប្រព្រឹត្ត​ហាក់​ដូច​ជា​ប្អូន​ចង់​បម្រើ​ព្រះ​យេហូវ៉ា​វិញ។ នេះ​ប្រៀប​ដូច​ជា​ប្អូន​មាន​របៀប​រស់​នៅ​ពីរ​បែប ហើយ​ប្អូន​ព្យាយាម​បិទ​បាំង​មិន​ឲ្យ​គេ​ដឹង​ទេ។

 ប្អូន​អ៊ែរិន​បាន​រៀប​រាប់​ថា​៖​«​ពេល​យើង​មាន​មុខ​ពីរ យើង​កំពុង​បិទ​បាំង​អ្វី​ម្យ៉ាង​ពី​ពួក​គេ​ទាំង​សង​ខាង។ ដូច្នេះ គ្មាន​នរណា​ម្នាក់​ដឹង​ថា​យើង​ជា​មនុស្ស​បែប​ណា​ឲ្យ​ពិត​ប្រាកដ​ទេ។ ការ​ពិត ពេល​យើង​មាន​មុខ​ពីរ យើង​កំពុង​បញ្ឆោត​មនុស្ស​គ្រប់​គ្នា​»។

 តើ​ប្អូន​ដឹង​ទេ? ការ​មាន​មុខ​ពីរ​អាច​រួម​បញ្ចូល​ការ​ធ្វើ​អ្វី​មួយ​ដែល​ប្អូន​ដឹង​ថា​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ពេល​ប្អូន​នៅ​ម្នាក់​ឯង។

 ប្អូន​ណូឡិន​បាន​រៀប​រាប់​ថា​៖​«​កាល​ខ្ញុំ​អាយុ​១៤​ឆ្នាំ ខ្ញុំ​បាន​មើល​រូប​អាសអាភាស​តាម​អ៊ីនធឺណិត។ ពេល​នៅ​មុខ​អ្នក​ឯ​ទៀត ខ្ញុំ​ធ្វើ​ដូច​ជា​ស្អប់​ខ្ពើម​រូប​អាសអាភាស​ណាស់ តែ​តាម​ពិត​ក្នុង​ចិត្ត ខ្ញុំ​មិន​បាន​ស្អប់​ទេ​»។

 គោល​ការណ៍​គម្ពីរ​៖ «គ្មាន​អ្នក​ណា​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ម្ចាស់​ពីរ​បាន​ឡើយ ព្រោះ​អ្នក​នោះ​នឹង​ស្រឡាញ់​ម្ចាស់​មួយ ហើយ​ស្អប់​ម្ចាស់​មួយ ឬ​ក៏​ស្មោះ​ត្រង់​នឹង​ម្ចាស់​មួយ ហើយ​មើល​ងាយ​ម្ចាស់​មួយ​»។—ម៉ាថាយ ៦:២៤

 តើ​ការ​ដែល​ខ្ញុំ​មាន​មុខ​ពីរ​បាន​ន័យ​ថា​ខ្ញុំ​ជា​មនុស្ស​អាក្រក់​ឬ?

 មិន​បាន​ន័យ​ដូច្នោះ​ទេ។ ពិត​មែន​មាន​អ្នក​ខ្លះ​បាន​សម្រេច​ចិត្ត​មិន​ចង់​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ។ ប៉ុន្តែ ចុះ​ប្អូន​វិញ? តើ​ប្អូន​ពិត​ជា​មាន​បំណង​ចិត្ត​បែប​នេះ​ទេ? ឬ​មាន​មូលហេតុ​ផ្សេង​ដែល​នាំ​ឲ្យ​ប្អូន​មាន​មុខ​ពីរ​បែប​នោះ ដូច​ជា​៖

  •   ប្អូន​ខ្លាច​ថា​ខ្លួន​ខុស​គេ​ខុស​ឯង ជា​ពិសេស​ខុស​ពី​មនុស្ស​ស្រករ​ប្អូន។

  •   ប្អូន​មាន​អារម្មណ៍​ថា​ប្អូន​ស៊ី​ខ្សែ​គ្នា​ជា​មួយ​នឹង​សិស្ស​រួម​ថ្នាក់​ជាង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។

  •   ប្អូន​មាន​អារម្មណ៍​ថា​ប្អូន​គ្រាន់​តែ​គ្មាន​កម្លាំង​និង​សមត្ថភាព​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​ព្រះ។

 ប្អូន​ដាវីឌ​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​គិត​ថា​យុវវ័យ​ខ្លះ​ដែល​មាន​មុខ​ពីរ មាន​អារម្មណ៍​ស្រួល​ជាង​ពេល​នៅ​ជា​មួយ​នឹង​មនុស្ស​ដែល​មិន​មាន​ជំនឿ​ដូច​ខ្លួន ដោយ​សារ​ចង់​ចូល​ចុះ​ជា​មួយ​គេ​គ្រប់​រឿង​»។

 អ្វី​ដែល​យើង​ទើប​តែ​ពិចារណា​ខាង​លើ គ្មាន​អ្វី​ណា​មួយ​ក្នុង​នោះ​ជា​ចំណុច​ល្អ​ឲ្យ​យើង​ធ្វើ​ជា​មនុស្ស​មុខ​ពីរ​ឡើយ។ ប៉ុន្តែ នេះ​ជួយ​ពន្យល់​យើង​អំពី​របៀប​ដែល​មនុស្ស​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​នេះ។ បើ​នេះ​បាន​កើត​ឡើង​ចំពោះ​ប្អូន​មែន តើ​ប្អូន​អាច​ធ្វើ​អ្វី​ខ្លះ?

 តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ឈប់​មាន​មុខ​ពីរ?

  1.  ១. គិត​អំពី​របៀប​រស់​នៅ​របស់​ប្អូន​ឥឡូវ​នេះ។ សូម​សួរ​ខ្លួន​ថា​៖‹តើ​ខ្ញុំ​ចង់​ធ្វើ​ជា​មនុស្ស​មុខ​ពីរ​មែន​ឬ? បើ​ខ្ញុំ​បន្ត​ធ្វើ​ដូច​នេះ​ទៀត តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា?›។

     គោល​ការណ៍​គម្ពីរ​៖ ​«​មនុស្ស​ឈ្លាស​វៃ​ឃើញ​អន្តរាយ . . . តែ​មនុស្ស​ខ្វះ​បទ​ពិសោធន៍​បន្ត​ដើរ​ទៅ​ទៀត ហើយ​រង​ផល​ពិបាក​»។—សុភាសិត ២៧:១២

  2.  ២. ទៀង​ត្រង់។ សូម​ប្រាប់​រឿង​នេះ​ដល់​ឪពុក​ម្ដាយ​ឬ​មិត្ត​ភក្តិ​ដែល​មាន​គំនិត​ចាស់​ទុំ​និង​គោរព​ច្បាប់​របស់​ព្រះ​យេហូវ៉ា។ ពួក​គាត់​ច្បាស់​ជា​រីករាយ​ជួយ​ប្អូន។ ពួក​គាត់​ពិត​ជា​សប្បាយ​ណាស់​ដែល​ឃើញ​ថា​ប្អូន​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ!

    បើ​ប្អូន​ជា​មនុស្ស​មាន​មុខ​ពីរ សូម​ស្វែង​រក​ជំនួយ

     ប្អូន​ណូឡិន​បាន​រៀប​រាប់​ថា​៖​«​ការ​សារភាព​កំហុស​របស់​ខ្លួន​ដល់​អ្នក​ឯ​ទៀត​គឺ​ជា​អ្វី​មួយ​ដែល​ពិបាក​បំផុត តែ​ពេល​ខ្ញុំ​បាន​សារភាព​ហើយ ខ្ញុំ​មាន​អារម្មណ៍​ធូរ​ជាង​ឆ្ងាយ​ណាស់​»។

     គោល​ការណ៍​គម្ពីរ​៖ ​«​អ្នក​ដែល​ខំ​លាក់​បាំង​អំពើ​រំលង​របស់​ខ្លួន នឹង​មិន​បាន​ជោគ​ជ័យ​ទេ តែ​អ្នក​ណា​ដែល​សារភាព​កំហុស ហើយ​ឈប់​ធ្វើ​ខុស​ទៀត អ្នក​នោះ​នឹង​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា​»។—សុភាសិត ២៨:១៣

  3.  ៣. ទទួល​យក​លទ្ធផល។ សូម​ចាំ​ថា បើ​ប្អូន​បិទ​បាំង​អ្វី​មួយ​ពី​ឪពុក​ម្ដាយ​និង​ពី​ក្រុម​ជំនុំ ប្អូន​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ទុក​ចិត្ត​ប្អូន​ទៀត។ ជា​លទ្ធផល ឪពុក​ម្ដាយ​និង​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ប្រហែល​ជា​មិន​អនុញ្ញាត​ឲ្យ​ប្អូន​ធ្វើ​អ្វី​មួយ​ចំនួន​អស់​មួយ​រយៈ។ សូម​ទទួល​យក​លទ្ធផល​នេះ ហើយ​តាំង​ចិត្ត​«​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»​ចាប់​ពី​ពេល​នេះ​ទៅ។—ហេប្រឺ ១៣:១៨

     គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​ស្ដាប់​ពាក្យ​ទូន្មាន ហើយ​ទទួល​យក​ការ​ប្រៀន​ប្រដៅ​ចុះ ដើម្បី​ឲ្យ​អ្នក​មាន​ប្រាជ្ញា​នៅ​ថ្ងៃ​មុខ​»។—សុភាសិត ១៩:២០

  4.  ៤. ជឿ​ជាក់​ថា​ព្រះ​ស្រឡាញ់​ប្អូន។ ព្រះ​យេហូវ៉ា​ដឹង​ច្បាស់​នូវ​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​យើង ព្រោះ​លោក​ស្រឡាញ់​យើង។ ដូច្នេះ បើ​ប្អូន​ជា​មនុស្ស​មាន​មុខ​ពីរ លោក​ដឹង​អំពី​នោះ ហើយ​លោក​ពិត​ជា​ខក​ចិត្ត​និង​មិន​សប្បាយ​ទេ។ ប៉ុន្តែ ‹ពីព្រោះ​លោក​រមែង​គិត​អំពី​ប្អូន› នោះ​លោក​ពិត​ជា​ចង់​ជួយ​ប្អូន​ឲ្យ​ធ្វើ​ជា​មនុស្ស​ទៀង​ត្រង់​វិញ។—ពេត្រុស​ទី១ ៥:៧

     គោល​ការណ៍​គម្ពីរ​៖ ​«​ព្រះ​យេហូវ៉ា​មើល​ជុំ​វិញ​ផែន​ដី ហើយ​ប្រើ​កម្លាំង​របស់​លោក​ដើម្បី​ជួយ​អស់​អ្នក​ដែល​បម្រើ​លោក​ដោយ​ស្មោះ​អស់​ពី​ចិត្ត​»។—ប្រវត្តិហេតុ​ទី២ ១៦:៩