លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ឈប់​មាន​ទម្លាប់​បង្អែ​បង្អង់?

តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ឈប់​មាន​ទម្លាប់​បង្អែ​បង្អង់?

តើ​ប្អូន​ធុញ​ទេ រាល់​ដង​ដែល​ធ្វើ​កិច្ច​ការ​សាលា​ឬ​កិច្ច​ការ​ផ្ទះ​ប្អូន​តែង​តែ​យឺត​យ៉ាវ​រហូត? ប្អូន​ប្រហែល​ជា​ចង់​បញ្ឈប់​ទម្លាប់​នេះ តែ​ប្អូន​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទេ។ អត្ថបទ​នេះ​អាច​ជួយ​ប្អូន​បាន សូម្បី​តែ

ក្រោយ​ពី​អាន​អត្ថបទ​នេះ​រួច សូម​មើល​ប្រអប់​ សំណួរ​ចម្លើយ​អំពី​ការ​បង្អែ​បង្អង់។

 គម្ពីរ​រៀប​រាប់​អំពី​លទ្ធផល​មិន​ល្អ​ដែល​មក​ពី​ការ​បង្អែ​បង្អង់។ គម្ពីរ​ចែង​ថា​៖​«​អ្នក​ណា​ដែល​សង្កេត​មើល​តែ​ខ្យល់ អ្នក​នោះ​នឹង​មិន​សាប​ព្រោះ​គ្រាប់​ពូជ​ទេ ហើយ​អ្នក​ណា​ដែល​មើល​តែ​ពពក អ្នក​នោះ​ក៏​មិន​ច្រូត​ប្រមូល​ផល​ដែរ​»។​—អ្នក​ទូន្មាន ១១:៤

 សូម​ពិចារណា​កត្តា​ខ្លះ​ៗ​ដែល​ប្រហែល​ជា​ធ្វើ​ឲ្យ​ប្អូន​មាន​ទម្លាប់​បង្អែ​បង្អង់ ហើយ​តើ​ប្អូន​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បញ្ឈប់​ទម្លាប់​នោះ។

 ពេល​ប្អូន​មាន​អារម្មណ៍​ថា​កិច្ច​ការ​នោះ​ពិបាក​ពេក។

 មាន​កិច្ច​ការ​ខ្លះ​ពិត​ជា​ស្មុគ​ស្មាញ​មែន ហើយ​ល្អ​ជាង បើ​យើង​ទុក​វា​មួយ​ឡែក​សិន។ នៅ​ខាង​ក្រោម​នេះ​មាន​យោបល់​មួយ​ចំនួន។

  •   ធ្វើ​កិច្ច​ការ​ស្មុគ​ស្មាញ​នោះ​ម្ដង​បន្តិច​ៗ។ ប្អូន​មេលីសា​បាន​រៀប​រាប់​ថា​៖​«​ទោះ​ជា​ខ្ញុំ​ដឹង​ថា​កិច្ច​ការ​របស់​ខ្ញុំ​យឺត​ជាង​កាល​វិភាគ​ក៏​ដោយ ខ្ញុំ​ព្យាយាម​ធ្វើ​កិច្ច​ការ​នោះ​ម្ដង​មួយ​ៗ​»។

  •   ចាប់​ផ្ដើម​ភ្លាម​ៗ។ ប្អូន​វីរេ​បាន​រៀប​រាប់​ថា​៖​«​ពេល​ទទួល​កិច្ច​ការ​ណា​មួយ សូម​ចាប់​ផ្ដើម​ធ្វើ​ភ្លាម​ៗ​បើ​អាច​ធ្វើ​ទៅ​បាន។ ទោះ​ជា​យើង​មិន​បាន​ធ្វើ​ភ្លាម​ៗ​ក្ដី សូម​កត់​ទុក​គំនិត​ផ្សេង​ៗ​ឬ​អ្វី​ដែល​យើង​ចង់​ធ្វើ​ដើម្បី​កុំ​ឲ្យ​ភ្លេច​»។

  •   សុំ​ជំនួយ។ ឪពុក​ម្ដាយ​និង​គ្រូ​បង្រៀន​ទំនង​ជា​ធ្លាប់​មាន​អារម្មណ៍​ដូច​ប្អូន​ដែរ។ ដូច្នេះ សូម​សុំ​យោបល់​ពី​ពួក​គាត់។ ពួក​គាត់​ប្រហែល​ជា​ជួយ​ប្អូន​ដោយ​ផ្ដល់​យោបល់​ល្អ​ៗ និង​ជួយ​ប្អូន​ឲ្យ​រៀប​ចំ​កាល​វិភាគ​សម្រាប់​ធ្វើ​កិច្ចការ​ទាំង​នោះ។

 យោបល់​៖ ប្អូន​អាប៊ី​បាន​រៀប​រាប់​ថា​៖​«​សូម​ធ្វើ​កាល​វិភាគ​មួយ​ដោយ​កំណត់​ថា កិច្ច​ការ​ណា​ត្រូវ​ធ្វើ​មុន​កិច្ច​ការ​ណា​ត្រូវ​ធ្វើ​ក្រោយ ហើយ​តាំង​ចិត្ត​ធ្វើ​តាម​កាល​វិភាគ​នោះ។ ពេល​យើង​ធ្វើ​ដូច្នោះ យើង​នឹង​អាច​សម្រេច​កិច្ច​ការ​ផ្សេង​ៗ​តាម​ពេល​កំណត់​»។

 ពេល​ប្អូន​មាន​អារម្មណ៍​ថា​គ្មាន​អ្វី​ជំរុញ​ចិត្ត។

 ជា​ញឹក​ញយ​កិច្ចការ​ដែល​ប្អូន​ត្រូវ​ធ្វើ​នោះ ប្រហែល​ជា​អ្វី​ដែល​ប្អូន​មិន​ចូល​ចិត្ត​ធ្វើ​ទាល់​តែ​សោះ។ ដូច្នេះ តើ​ប្អូន​អាច​ធ្វើ​យ៉ាង​ណា​បើ​ប្អូន​មាន​អារម្មណ៍​បែប​នោះ? សូម​ធ្វើ​តាម​យោបល់​ដូច​ខាង​ក្រោម​៖

  •   គិត​អំពី​មូលហេតុ​ដែល​ឆាប់​ធ្វើ​កិច្ច​ការ​នោះ។ សូម​ស្រមៃ​ថា តើ​ប្អូន​នឹង​សប្បាយ​យ៉ាង​ណា​បើ​ប្អូន​ធ្វើ​កិច្ច​ការ​នោះ​ហើយ។ ប្អូន​អេមី​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​ធ្វើ​កិច្ច​ការ​ណា​មួយ​ទាន់​ពេល នោះ​ខ្ញុំ​ធូរ​ទ្រូង​ណាស់ ដូច​ដក​បន្លា​ចេញ​ពី​ទ្រូង​អ៊ីចឹង​»។

  •   រំលឹក​ខ្លួន​អំពី​ផល​វិបាក។ បើ​ប្អូន​ចេះ​តែ​បង្អែ​បង្អង់ ប្អូន​នឹង​តាន​តឹង​ចិត្ត​កាន់​តែ​ខ្លាំង ហើយ​មិន​បាន​សម្រេច​លទ្ធផល​ល្អ​ទេ។ គម្ពីរ​ព្រមាន​ថា​៖​«​មនុស្ស​ទទួល​ផល​តាម​តែ​អ្វី​ដែល​គេ​សាប​ព្រោះ​»។—កាឡាទី ៦:៧

  •   កំណត់​ថ្ងៃ​បង្ហើយ​កិច្ច​ការ​នោះ​មុន​ពេល​កំណត់។ ប្អូន​អាលីស្យា​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​កំណត់​ថ្ងៃ​បង្ហើយ​កិច្ច​ការ​ណា​មួយ​មុន​មួយ​ឬ​ពីរ​ថ្ងៃ នោះ​ពិត​ជា​ជួយ​ខ្ញុំ​ច្រើន​ណាស់។ ពេល​ធ្វើ​ដូច្នេះ ខ្ញុំ​អាច​មាន​ពេល​ពិនិត្យ​កិច្ច​ការ​នោះ​ឡើង​វិញ ហើយ​ថែម​ទាំង​នៅ​សល់​ពេល​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ​ទៀត​ផង​»។

 យោបល់​៖ ប្អូន​អាឡិចសឺស​បាន​រៀប​រាប់​ថា​៖​«​យើង​អាច​បញ្ជា​គំនិត​ឲ្យ​ជំរុញ​ចិត្ត​យើង។ សូម​ប្រាប់​ខ្លួន​ឯង​ថា​ខ្ញុំ​ត្រូវ​បង្ហើយ​កិច្ច​ការ​នេះ ហើយ​គ្មាន​អ្វី​អាច​រា​រាំង​ទេ។ ពេល​ខ្ញុំ​ប្រាប់​ខ្លួន​ឯង​បែប​នេះ អ្វី​ដែល​ត្រូវ​បង្ហើយ​បាន​ហើយ​ជា​ស្ថាពរ​»។

 ពេល​ប្អូន​រវល់​ខ្លាំង​ពេក។

 ប្អូន​ណេថិន​បាន​រៀប​រាប់​ថា​៖​«​មនុស្ស​គ្រប់​គ្នា​ថា​ខ្ញុំ​ពូកែ​បង្អែ​បង្អង់។ តែ​ពួក​គេ​មិន​យល់​កាលៈទេសៈ​ខ្ញុំ​ទេ។ ពួក​គេ​មិន​ដឹង​ថា​ខ្ញុំ​រវល់​ខ្លាំង​ប៉ុន​ណា​ឡើយ​»។ បើ​ប្អូន​មាន​អារម្មណ៍​ដូច​គាត់ ប្អូន​អាច​សាក​ធ្វើ​តាម​យោបល់​ទាំង​នេះ។

  •   ធ្វើ​កិច្ច​ការ​ស្រួល​ៗ​មុន​សិន។ ប្អូន​អាំប៊ឺ​បាន​រៀប​រាប់​ថា​៖​«​មាន​គេ​ប្រាប់​ខ្ញុំ​ថា បើ​កិច្ច​ការ​ងារ​ណា​អាច​បង្ហើយ​ក្នុង​៥​នាទី សូម​ធ្វើ​កិច្ច​ការ​នោះ​ភ្លាម​ៗ។ កិច្ច​ការ​នោះ​រួម​បញ្ចូល​ការ​សម្អាត ហាល​ខោ​អាវ លាង​ចាន និង​ទូរស័ព្ទ​ទៅ​នរណា​ម្នាក់​ជា​ដើម​»។

  •   កំណត់​កិច្ច​ការ​ណា​ត្រូវ​ធ្វើ​មុន កិច្ច​ការ​ណា​ត្រូវ​ធ្វើ​ក្រោយ។ គម្ពីរ​ចែង​ថា​៖​«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។ (​ភីលីព ១:១០​) តើ​តាម​របៀប​ណា​ប្អូន​អាច​អនុវត្ត​គោល​ការណ៍​នេះ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ? ប្អូន​អាណា​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​មាន​បញ្ជី​កិច្ចការ​ទាំង​អស់​ដែល​ខ្ញុំ​ត្រូវ​ធ្វើ និង​ថ្ងៃ​កំណត់​ដែល​ត្រូវ​បង្ហើយ​កិច្ច​ការ​នោះ​ដែរ។ ប៉ុន្តែ សំខាន់​បំផុត ខ្ញុំ​កត់​ថ្ងៃ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​កិច្ច​ការ​នីមួយ​ៗ​និង​ថ្ងៃ​ដែល​ត្រូវ​បង្ហើយ​កិច្ចការ​ទាំង​នោះ​»។

 តើ​ស្ដាប់​ទៅ​ដូច​ជា​ហ្មត់​ចត់​ពេក​ទេ? មិន​មែន​ទេ។ សូម​គិត​ឡើង​វិញ​អំពី​នេះ​៖ ពេល​ប្អូន​មាន​កាល​វិភាគ​ច្បាស់​លាស់ ប្អូន​កំពុង​គ្រប់​គ្រង​ពេល​វេលា មិន​មែន​វា​គ្រប់​គ្រង​ប្អូន​ទេ។ ហើយ​ការ​ធ្វើ​ដូច្នោះ ជួយ​ប្អូន​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ត។ ប្អូន​ឃែលី​បាន​រៀប​រាប់​ថា​៖​«​ការ​មាន​កាល​វិភាគ​ច្បាស់​លាស់​ជួយ​ខ្ញុំ​កុំ​ឲ្យ​ស្លន់​ស្លោ ហើយ​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា​ខ្ញុំ​ត្រូវ​ធ្វើ​កិច្ច​ការ​ណា​ខ្លះ​»។

  •   កុំ​ឲ្យ​អ្វី​មក​បំបែរ​អារម្មណ៍។ ប្អូន​ជេននីហ្វើ​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​របស់​ខ្ញុំ ខ្ញុំ​ប្រាប់​អ្នក​ផ្ទះ​របស់​ខ្ញុំ​ឲ្យ​ដឹង​ថា​ខ្ញុំ​ជាប់​រវល់។ បើ​ពួក​គាត់​មាន​អ្វី​ឲ្យ​ខ្ញុំ​ធ្វើ ខ្ញុំ​សុំ​ពួក​គាត់​ប្រាប់​ខ្ញុំ មុន​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​នោះ។ ហើយ​ខ្ញុំ​ក៏​បិទ​សំឡេង​ទូរស័ព្ទ​និង​សំឡេង​សារ​ដែរ​»។

 យោបល់​៖ ប្អូន​ចូដាន់​បាន​រៀប​រាប់​ថា​៖​«​បើ​មាន​កិច្ច​ការ​ណា​ដែល​អ្នក​ត្រូវ​ធ្វើ សូម​ធ្វើ​កិច្ច​ការ​នោះ​ភ្លាម​កុំ​បង្អែ​បង្អង់។ បើ​អ្នក​ឆាប់​បង្ហើយ​កិច្ច​ការ​នោះ អ្នក​នឹង​ធូរ​ចិត្ត ហើយ​មិន​ចាំ​បាច់​អង្គុយ​បារម្ភ​ទេ​»។