លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើការស្រឡាញ់ភេទដូចគ្នាជាការខុសទេ?

តើការស្រឡាញ់ភេទដូចគ្នាជាការខុសទេ?

 ប្អូន​ប្រុស​ឈ្មោះ​ដាវីឌ អាយុ​២៣​ឆ្នាំ និយាយ​ថា​៖​«​ពេល​ខ្ញុំ​ជា​យុវវ័យ អ្វី​មួយ​ដែល​ពិបាក​បំផុត​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​ចូល​ចិត្ត​បុរស​ភេទ​ដូច​គ្នា។ ខ្ញុំ​ធ្លាប់​គិត​ថា​នោះ​ជា​អារម្មណ៍​ដែល​មាន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មែន​ទេ​»។

 ដាវីឌ​ជា​គ្រិស្ត​សាសនិក​ម្នាក់ គាត់​ចង់​ធ្វើ​អ្វី​ដែល​ព្រះ​ពេញ​ចិត្ត។ ប៉ុន្តែ តើ​គាត់​អាច​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ទេ បើ​គាត់​ចូល​ចិត្ត​មនុស្ស​ភេទ​ដូច​គ្នា? តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា?

 តើ​គម្ពីរ​ចែង​យ៉ាង​ណា?

 មនុស្ស​ដែល​មាន​វប្បធម៌​ឬ​រស់​នៅ​សម័យ​ខុស​គ្នា ប្រហែល​ជា​មាន​ទស្សនៈ​ផ្សេង​គ្នា​ចំពោះ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា។ ប៉ុន្តែ គ្រិស្ត​សាសនិក​ពិត​មិន​ព្រម​ឲ្យ​គេ​«​បក់​ផាត់​ទៅ​នេះ​ទៅ​នោះ​ដោយ​ខ្យល់​នៃ​សេចក្ដី​បង្រៀន​គ្រប់​បែប​យ៉ាង​»​ ឬ​ធ្វើ​តាម​ចិត្ត​គំនិត​ដែល​គេ​ពេញ​និយម​នោះ​ទេ។ (​អេភេសូរ ៤:១៤​) ផ្ទុយ​ទៅ​វិញ ស្ដី​អំពី​ការ​ស្រឡាញ់​មនុស្ស​ភេទ​ដូច​គ្នា(​និង​រឿង​ផ្សេង​ទៀត​ដែរ​) គ្រិស្ត​សាសនិក​មាន​ទស្សនៈ​និង​ចិត្ត​គំនិត​ដែល​ផ្នែក​លើ​ខ្នាត​តម្រា​ក្នុង​គម្ពីរ។

 ខ្នាត​តម្រា​ក្នុង​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​លាស់​អំពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា ឬ​រួម​ដំណេក​ជា​មួយ​មនុស្ស​ភេទ​ដូច​គ្នា។ គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖

  •  «​អ្នក​រាល់​គ្នា​មិន​ត្រូវ​រួម​ដំណេក​ជា​មួយ​នឹង​បុរស ដូច​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី​ឡើយ​»។—ច្បាប់​លេវី ១៨:២២

  •  «​ព្រះ​បាន​ទុក​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ស្មោក​គ្រោក​តាម​ចិត្ត​ប៉ង​ប្រាថ្នា​របស់​ពួក​គេ។ . . . ព្រះ​ទុក​ឲ្យ​ពួក​គេ​បំពេញ​ចំណង់​ដ៏​គួរ​ស្អប់​ខ្ពើម​ខាង​ផ្លូវ​ភេទ ព្រោះ​ពួក​ស្រី​ៗ​ក្នុង​ចំណោម​ពួក​គេ​បាន​លះ​បង់​ការ​រួម​ភេទ​តាម​ធម្មជាតិ ទៅ​ប្រព្រឹត្ត​ផ្ទុយ​ពី​ធម្មជាតិ​វិញ​»។—រ៉ូម ១:២៤, ២៦

  •  «​កុំ​ច្រឡំ​ឲ្យ​សោះ! អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អ្នក​ដែល​គោរព​បូជា​រូប​ព្រះ អ្នក​ផិត​ក្បត់ បុរស​ដែល​សុខ​ចិត្ត​បម្រើ​បុរស​ឯ​ទៀត​ខាង​ផ្លូវ​ភេទ បុរស​ដែល​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ឯ​ទៀត ពួក​ចោរ មនុស្ស​លោភ​លន់ អ្នក​ប្រមឹក​ស្រា អ្នក​ជេរ​ប្រមាថ និង​អ្នក​គំរាម​យក​ទ្រព្យ នឹង​មិន​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក​ឡើយ​»។—កូរិនថូស​ទី​១ ៦:៩, ១០

 តាម​ពិត​ខ្នាត​តម្រា​របស់​ព្រះ​គឺ​សម្រាប់​មនុស្ស​ទាំង​អស់ មិន​ថា​ពួក​គេ​ចូល​ចិត្ត​ភេទ​ដូច​គ្នា​ឬ​ស្រឡាញ់​ភេទ​ដូច​គ្នា​ទេ។ ហេតុ​នេះ មនុស្ស​គ្រប់​រូប​ត្រូវ​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ការ​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្លួន ដើម្បី​កុំ​ធ្វើ​អ្វី​ដែល​ព្រះ​មិន​ពេញ​ចិត្ត។—កូឡុស ៣:៥

 តើ​នេះ​មាន​ន័យ​ថា . . .?

 តើ​នេះ​មាន​ន័យ​ថា​គម្ពីរ​លើក​ស្ទួយ​ចិត្ត​គំនិត​ឲ្យ​ស្អប់​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ឬ​ទេ?

 មិន​មែន​ទេ។ គម្ពីរ​មិន​ដែល​លើក​ស្ទួយ​ឬ​បង្រៀន​មនុស្ស​ឲ្យ​ស្អប់​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា ឬ​មនុស្ស​ខ្ទើយ​ឡើយ។ ផ្ទុយ​ទៅ​វិញ គម្ពីរ​បង្រៀន​យើង​ឲ្យ‹ខំ​ប្រឹង​មាន​សន្តិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់› ទោះ​ជា​ពួក​គេ​មាន​របៀប​រស់​នៅ​បែប​ណា​ក៏​ដោយ។ (​ហេប្រឺ ១២:១៤​) ដូច្នេះ ប្រសិន​បើ​អ្នក​ណា​ធ្វើ​បាប​គេ ឬ​និយាយ​បញ្ឈឺ​ចិត្ត​គេ ឬ​បង្ក​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម ឬ​ធ្វើ​អ្វី​ក៏​ដោយ​ដែល​ជា​ការ​ប្រមាថ​មើល​ងាយ​ដល់​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា អ្នក​នោះ​គឺ​ប្រព្រឹត្ត​ផ្ទុយ​ពី​គម្ពីរ​ហើយ។

 តើ​នេះ​មាន​ន័យ​ថា​គ្រិស្ត​សាសនិក​គួរ​ប្រឆាំង​ច្បាប់​រដ្ឋ​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ភេទ​ដូច​គ្នា​រៀប​ការ​ឬ​ទេ?

 គម្ពីរ​បង្ហាញ​ថា​ខ្នាត​តម្រា​របស់​ព្រះ​ស្ដី​អំពី​អាពាហ៍ពិពាហ៍ គឺ​បុរស​ម្នាក់​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ម្នាក់។ (​ម៉ាថាយ ១៩:៤​-​៦​) ក៏​ប៉ុន្តែ ច្បាប់​ស្ដី​អំពី​ការ​រៀប​ការ​រវាង​មនុស្ស​ភេទ​ដូច​គ្នា គឺ​ទាក់​ទង​នឹង​រឿង​នយោបាយ មិន​ទាក់​ទង​នឹង​រឿង​សីលធម៌​ទេ។ គម្ពីរ​ប្រាប់​គ្រិស្ត​សាសនិក​ឲ្យ​រក្សា​អព្យាក្រឹតភាព​ក្នុង​រឿង​នយោបាយ។ (​យ៉ូហាន ១៨:៣៦​) ម្ល៉ោះ​ហើយ គ្រិស្ត​សាសនិក​មិន​គាំទ្រ​ឬ​ប្រឆាំង​នឹង​ច្បាប់​រដ្ឋ​អំពី​អាពាហ៍ពិពាហ៍​រវាង​មនុស្ស​ភេទ​ដូច​គ្នា ឬ​ការ​ស្រឡាញ់​មនុស្ស​ភេទ​ដូច​គ្នា​នោះ​ឡើយ។

 ចុះ​បើ . . .?

 ចុះ​បើ​មនុស្ស​ម្នាក់​ដែល​មាន​ជីវិត​ស្រឡាញ់​ភេទ​ដូច​គ្នា តើ​គាត់​អាច​កែ​ប្រែ​បាន​ទេ?

 គាត់​អាច​កែ​ប្រែ​បាន។ តាម​ពិត​នៅ​សតវត្សរ៍​ទី​១ មនុស្ស​ខ្លះ​ដែល​មាន​ជីវិត​បែប​នោះ ពួក​គេ​បាន​កែ​ប្រែ​មែន! បន្ទាប់​ពី​គម្ពីរ​ចែង​ថា​មនុស្ស​ដែល​រួម​ភេទ​ជា​មួយ​នឹង​មនុស្ស​ភេទ​ដូច​គ្នា នឹង​មិន​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក​ឡើយ គម្ពីរ​ក៏​ចែង​ទៀត​ថា​៖​«​អ្នក​រាល់​គ្នា​ខ្លះ​ធ្លាប់​ជា​មនុស្ស​បែប​នោះ​»។—កូរិនថូស​ទី​១ ៦:១១

 តើ​នេះ​មាន​ន័យ​ថា​អ្នក​ដែល​ឈប់​រួម​ភេទ​ជា​មួយ​នឹង​មនុស្ស​ភេទ​ដូច​គ្នា នឹង​លែង​មាន​អារម្មណ៍​ចង់​មាន​ជីវិត​ដូច​ពី​មុន​ឬ​ទេ? មិន​មែន​ទេ។ គម្ពីរ​ចែង​ថា​៖​«​ចូរ​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី ដែល​កំពុង​ត្រូវ​កែ​ប្រែ​ឲ្យ​ថ្មី​តាម​រយៈ​ចំណេះ​ត្រឹម​ត្រូវ​»។ (​កូឡុស ៣:១០​) ដូច្នេះ មនុស្ស​ដែល​ធ្លាប់​រួម​ភេទ​ជា​មួយ​នឹង​មនុស្ស​ភេទ​ដូច​គ្នា គាត់​ត្រូវ​បន្ត​កែ​ប្រែ​ខ្លួន​ជា​និច្ច។

 ចុះ​បើ​មនុស្ស​ដែល​ចង់​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ នៅ​តែ​មាន​អារម្មណ៍​ស្រឡាញ់​ភេទ​ដូច​គ្នា?

 ជា​ធម្មតា ពេល​អ្នក​ណា​ម្នាក់​កើត​មាន​អារម្មណ៍​ដូច្នោះ គាត់​អាច​សម្រេច​ចិត្ត​បញ្ឈប់​អារម្មណ៍​នោះ ឬ​ធ្វើ​អ្វី​មួយ​ដើម្បី​មិន​ឲ្យ​មាន​អារម្មណ៍​នោះ​បន្ត​ទៀត។ តើ​តាម​របៀប​ណា? គម្ពីរ​ចែង​ថា​៖​«​ចូរ​ឲ្យ​ឫទ្ធានុភាព​របស់​ព្រះ​បន្ត​ដឹក​នាំ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​ឡើយ​»។—កាឡាទី ៥:១៦

 សូម​កត់​សម្គាល់​ថា ខ​នោះ​មិន​បាន​និយាយ​ថា​បុគ្គល​ដែល​ធ្លាប់​ស្រឡាញ់​ភេទ​ដូច​គ្នា​នឹង​លែង​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​ឡើយ។ ផ្ទុយ​ទៅ​វិញ បុគ្គល​នោះ​ឲ្យ​ឫទ្ធានុភាព​របស់​ព្រះ​ដឹក​នាំ​គាត់ ដោយ​សិក្សា​គម្ពីរ​និង​អធិដ្ឋាន​ជា​ទៀង​ទាត់។ យ៉ាង​នេះ គាត់​នឹង​មាន​កម្លាំង​ដើម្បី​ត​ស៊ូ​យក​ឈ្នះ​សេចក្ដី​ប៉ង​ប្រាថ្នា​ទាំង​នោះ។

 ដាវីឌ​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​បាន​ប្រាប់​ថា នេះ​គឺ​ជា​ការ​ពិត ជា​ពិសេស​ក្រោយ​ពី​គាត់​បាន​ប្រាប់​រឿង​របស់​ខ្លួន​ដល់​ឪពុក​ម្ដាយ​គាត់​ដែល​ជា​គ្រិស្ត​សាសនិក ថែម​ទាំង​ធ្វើ​តាម​ដំបូន្មាន​ពី​គម្ពីរ​ផង​ដែរ។ ដាវីឌ​និយាយ​ថា​៖​«​ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​បន្ទុក​ដ៏​សែន​ធ្ងន់​បាន​ត្រូវ​លើក​ចេញ​ពី​ស្មា​របស់​ខ្ញុំ។ បើ​ខ្ញុំ​ប្រាប់​ឪពុក​ម្ដាយ​ឲ្យ​បាន​ឆាប់​ជាង​នេះ ខ្ញុំ​នឹង​សប្បាយ​រីករាយ​កាន់​តែ​ខ្លាំង​ក្នុង​ភាព​យុវវ័យ​របស់​ខ្ញុំ​»។

 សរុប​ទៅ ពេល​យើង​ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ​យេហូវ៉ា យើង​នឹង​មាន​សុភមង្គល​កាន់​តែ​ច្រើន។ យើង​ជឿ​ជាក់​ថា​ខ្នាត​តម្រា​របស់​លោក​«​គឺ​សុចរិត ធ្វើ​ឲ្យ​ចិត្ត​រីករាយ​»​ ហើយ​«​អ្នក​ណា​ដែល​បន្ត​ធ្វើ​តាម អ្នក​នោះ​នឹង​បាន​រង្វាន់​ដ៏​ធំ​»។—ចម្រៀង​សរសើរ​ព្រះ ១៩:៨, ១១