លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​មាន​ទំនួល​ខុស​ត្រូវ​ប៉ុន​ណា?

តើ​ខ្ញុំ​មាន​ទំនួល​ខុស​ត្រូវ​ប៉ុន​ណា?

 វិភាគ​អំពី​ខ្លួន!

  •  ខ្ញុំ​តែង​តែ . . . ខ្ញុំ​ភាគ​ច្រើន . . . ខ្ញុំ​ជួន​កាល . . . ឬ​ខ្ញុំ​មិន​ដែល . . .

    •  ទៀង​ត្រង់

    •  ពឹង​ផ្អែក​លើ​គេ

    •  ទៀង​ម៉ោង

    •  ឧស្សាហ៍

    •  មាន​របៀប​រៀប​រយ

    •  ចេះ​ជួយ

    •  មិន​លម្អៀង

    •  ចេះ​គោរព

    •  យក​ចិត្ត​ទុក​ដាក់

  •    តើ​គុណ​សម្បត្តិ​មួយ​ណា​ដែល​ប្អូន​បង្ហាញ​ច្រើន​ជាង​គេ?

     សូម​បន្ត​បង្ហាញ​គុណ​សម្បត្តិ​នោះ​កាន់​តែ​ប្រសើរ​ថែម​ទៀត។—ភីលីព ៣:១៦

  •    តើ​គុណ​សម្បត្តិ​មួយ​ណា​ដែល​ប្អូន​ត្រូវ​រីក​ចម្រើន​ថែម​ទៀត?

 ព័ត៌មាន​នៅ​ខាង​ក្រោម​នេះ​នឹង​ជួយ​ប្អូន​ឲ្យ​បង្ហាញ​គុណ​សម្បត្តិ​នោះ​កាន់​តែ​ប្រសើរ​ឡើង។

 តើ​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ជា​មនុស្ស​បែប​ណា?

 មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ បំពេញ​ភារកិច្ច​របស់​ខ្លួន​យ៉ាង​ស្មោះ​ត្រង់ មិន​ថា​កិច្ច​ការ​នៅ​ផ្ទះ នៅ​សាលា និង​នៅ​ក្នុង​សហគមន៍​ក៏​ដោយ។ ពួក​គេ​ទទួល​ស្គាល់​ថា​ពួក​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។ ដូច្នេះ ពេល​ពួក​គេ​ធ្វើ​ខុស ពួក​គេ​ហ៊ាន​សារភាព ចេះ​សុំ​ទោស និង​ទាញ​មេ​រៀន​ពី​កំហុស​របស់​ខ្លួន។

 គម្ពីរ​ចែង​ថា​៖ ​«​ម្នាក់​ៗ​ត្រូវ​ទទួល​ភារៈ​របស់​ខ្លួន​»។—កាឡាទី ៦:៥

 ហេតុ​អ្វី​ខ្ញុំ​គួរ​មាន​ទំនួល​ខុស​ត្រូវ?

  មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ប្រើ​ទេព​កោសល្យ​របស់​ខ្លួន​យ៉ាង​ឈ្លាស​វៃ។ នេះ​ទំនង​ជា​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ស្រឡាញ់​រាប់​អាន​គាត់ និង​ប្រព្រឹត្ត​ទៅ​លើ​គាត់​ដូច​មនុស្ស​ពេញ​វ័យ ហើយ​គាត់​នឹង​ទទួល​បាន​សេរី​ភាព​និង​ប្រយោជន៍​ជា​ច្រើន។

 គម្ពីរ​ចែង​ថា​៖ ​«​តើ​អ្នក​ធ្លាប់​ឃើញ​មនុស្ស​ដែល​ប៉ិន​ប្រសប់​ធ្វើ​ការ​ឬ​ទេ? គាត់​នឹង​បាន​នៅ​បម្រើ​ស្ដេច​»។—សុភាសិត ២២:២៩

  តាម​ធម្មតា មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​មាន​ចិត្ត​ទូលាយ ហើយ​ពួក​គេ​ទំនង​ជា​មាន​មិត្តភាព​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត។

 គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ទម្លាប់​ឲ្យ​គេ ហើយ​គេ​នឹង​ឲ្យ​អ្នក​វិញ​»។—លូកា ៦:៣៨

  មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​មាន​អារម្មណ៍​សប្បាយ​និង​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​សម្រេច ហើយ​នោះ​ជួយ​គាត់​ឲ្យ​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង។

 គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ឲ្យ​ម្នាក់​ៗ​ពិនិត្យ​មើល​ការ​ប្រព្រឹត្ត​របស់​ខ្លួន រួច​គ្រប់​គ្នា​នឹង​មាន​ហេតុ​ត្រេក​អរ​អំពី​ខ្លួន​ផ្ទាល់​»។—កាឡាទី ៦:៤

 តើ​តាម​របៀប​ណា​ខ្ញុំ​អាច​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ជាង?

 ដើម្បី​ឆ្លើយ​សំណួរ​នេះ សូម​មើល​ពាក្យ​សម្ដី​ដូច​ខាង​ក្រោម។ តើ​សម្ដី​មួយ​ណា​ជា​អារម្មណ៍​របស់​ប្អូន?

 ប្អូន​ឃិរី​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ធុញ​ណាស់​ដែល​ឪពុក​ម្ដាយ​ខ្ញុំ​ចាត់​ទុក​ខ្ញុំ​ដូច​ជា​កូន​ក្មេង ព្រោះ​ឲ្យ​តែ​ខ្ញុំ​ទៅ​ណា​មក​ណា​លើស​ពី​មួយ​ម៉ោង​គាត់​សួរ​នាំ​ខ្ញុំ​រហូត​»។

 ប្អូន​រីឆឺដ​បាន​រៀប​រាប់​ថា​៖​«​តាម​ធម្មតា ឪពុក​ម្ដាយ​របស់​ខ្ញុំ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ដើរ​លេង​ជា​មួយ​មិត្ត​ភក្ដិ​បាន គ្មាន​បញ្ហា​ទេ​»។

 ប្អូន​អាន​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​ឃើញ​ក្មេង​ស្រករ​ខ្ញុំ​អាច​ធ្វើ​អ្វី​តាម​ចិត្ត​ពួក​គេ ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា‹ឡូយ​ណាស់! ចុះ​ម្ដេច​ក៏​ប៉ា​ម៉ាក់​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​គេ​ដែរ​អ៊ីចឹង?›​»។

 ប្អូន​ម៉ារីណា​បាន​រៀប​រាប់​ថា​៖​«​ជា​ទូទៅ ឪពុក​ម្ដាយ​ខ្ញុំ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ។ ខ្ញុំ​ពិត​ជា​អរគុណ​ពួក​គាត់​ដែល​បាន​ឲ្យ​សេរី​ភាព​ដល់​ខ្ញុំ​មួយ​កម្រិត​»។

 សរុប​សេចក្ដី​៖ យុវវ័យ​ខ្លះ​មាន​សេរី​ភាព​ច្រើន​ជាង​យុវវ័យ​ឯ​ទៀត។ តើ​អ្វី​នាំ​ឲ្យ​មាន​ភាព​ខុស​គ្នា​បែប​នេះ?

 ទិដ្ឋភាព​ពិត​នៃ​ជីវិត​៖ ប្អូន​អាច​ទទួល​បាន​សេរី​ភាព​ច្រើន​ជាង គឺ​អាស្រ័យ​ទៅ​លើ​ថា​ប្អូន​គួរ​ឲ្យ​ទុក​ចិត្ត​ប៉ុន​ណា។

 ជា​ឧទាហរណ៍ សូម​ពិចារណា​សម្ដី​របស់​យុវវ័យ​ពីរ​នាក់​គឺ​រីឆឺដ​និង​ម៉ារីណា។

 ប្អូន​រីឆឺដ​បាន​រៀប​រាប់​ថា​៖​«​មាន​ពេល​មួយ ឪពុក​ម្ដាយ​ខ្ញុំ​មិន​សូវ​ទុក​ចិត្ត​អំពី​របៀប​ដែល​ខ្ញុំ​ប្រើ​សេរី​ភាព​ដែល​ពួក​គាត់​បាន​ឲ្យ​ទេ។ ប៉ុន្តែ ឥឡូវ​ពួក​គាត់​ទុក​ចិត្ត​ខ្ញុំ​ជាង ព្រោះ​ខ្ញុំ​ប្រើ​សេរី​ភាព​ខ្ញុំ​ដោយ​មាន​ទំនួល​ខុស​ត្រូវ។ ខ្ញុំ​មិន​និយាយ​កុហក​ឪពុក​ម្ដាយ​អំពី​កន្លែង​ដែល​ខ្ញុំ​ទៅ​ឬ​អំពី​អ្នក​ណា​ដែល​ខ្ញុំ​ទៅ​ជា​មួយ​ទេ។ ខ្ញុំ​តែង​តែ​ប្រាប់​ពួក​គាត់​អំពី​គម្រោង​របស់​ខ្ញុំ ទោះ​ជា​ពួក​គាត់​មិន​បាន​សួរ​ខ្ញុំ​ក៏​ដោយ​»។

 ប្អូន​ម៉ារីណា​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ធ្លាប់​កុហក​ឪពុក​ម្ដាយ​ខ្ញុំ​ពីរ​ដង​ក្នុង​ជីវិត​ខ្ញុំ ហើយ​ទាំង​ពីរ​ដង​នោះ​ពួក​គាត់​ចាប់​បាន។ តាំង​ពី​ពេល​នោះ​មក ខ្ញុំ​ឈប់​កុហក​ពួក​គាត់​ទៀត ហើយ​តែង​តែ​ប្រាប់​ការ​ពិត។ ជា​ឧទាហរណ៍ ខ្ញុំ​តែង​ប្រាប់​ពួក​គាត់​ថា​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ខ្លះ ហើយ​ពេល​ខ្ញុំ​ចេញ​ទៅ​ខាង​ក្រៅ ខ្ញុំ​តែង​តែ​តេ​មក​ពួក​គាត់។ ឥឡូវ ពួក​គាត់​ទុក​ចិត្ត​ខ្ញុំ​ច្រើន​ជាង​»។

តើ​ប្អូន​ធ្វើ​មួយ​ណា​មុន កិច្ច​ការ​ផ្ទះ​ឬ​ការ​កម្សាន្ត?

 តើ​ប្អូន​ចង់​ឲ្យ​ឪពុក​ម្ដាយ​ប្រព្រឹត្ត​មក​លើ​ប្អូន​ដូច​រីឆឺដ​និង​ម៉ារីណា​ទេ? បើ​ចង់ សូម​វិភាគ​អំពី​ខ្លួន​នូវ​ចំណុច​ដូច​ខាង​ក្រោម​៖

ជីវិត​នៅ​ផ្ទះ

  •    តើ​ប្អូន​ធ្វើ​កិច្ច​ការ​ផ្ទះ​ដែល​ឪពុក​ម្ដាយ​ដាក់​ឲ្យ​ឬ​ទេ?

  •    តើ​ប្អូន​ត្រូវ​ចូល​ផ្ទះ​តាម​ពេល​វេលា​ដែល​ឪពុក​ម្ដាយ​បាន​កំណត់​ទេ?

  •    តើ​ប្អូន​ប្រព្រឹត្ត​ទៅ​លើ​ឪពុក​ម្ដាយ​និង​បង​ប្អូន​ដោយ​គោរព​ឬ​ទេ?

 តើ​ចំណុច​មួយ​ណា​ដែល​ប្អូន​ចង់​រីក​ចម្រើន​ថែម​ទៀត?

 គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​»។—អេភេសូរ ៦:១

ការ​អប់រំ​នៅ​សាលា

  •    តើ​ប្អូន​ធ្វើ​លំហាត់​សាលា​ទាន់​ពេល​ទេ?

  •    តើ​ប្អូន​ខំ​រៀន​ដើម្បី​បាន​ពិន្ទុ​ល្អ​ជាង​ទេ?

  •    តើ​ប្អូន​មាន​ទម្លាប់​ល្អ​ក្នុង​ការ​សិក្សា​ទេ?

 តើ​ចំណុច​មួយ​ណា​ដែល​ប្អូន​ចង់​រីក​ចម្រើន​ថែម​ទៀត?

 គម្ពីរ​ចែង​ថា​៖ ​«​ប្រាជ្ញា​ជា​គ្រឿង​ការ​ពារ​»។ (​អ្នកទូន្មាន ៧:១២​) ការ​អប់រំ​ល្អ​នឹង​ជួយ​ប្អូន​ឲ្យ​មាន​ប្រាជ្ញា។

កេរ្តិ៍​ឈ្មោះ

  •    តើ​ប្អូន​តែង​តែ​និយាយ​ពិត​ត្រង់​ជា​មួយ​ឪពុក​ម្ដាយ​និង​អ្នក​ឯ​ទៀត​ទេ?

  •    តើ​ប្អូន​ចាយ​វាយ​ដោយ​ចេះ​គិត​ទេ?

  •    តើ​ប្អូន​ត្រូវ​គេ​ស្គាល់​ថា​ជា​មនុស្ស​ដែល​តែង​តែ​ពឹង​ផ្អែក​គេ​ឬ?

 តើ​ចំណុច​មួយ​ណា​ដែល​ប្អូន​ចង់​រីក​ចម្រើន​ថែម​ទៀត?

 គម្ពីរ​ចែង​ថា​៖ ​«​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី​»។ (​អេភេសូរ ៤:២៤​) ប្អូន​អាច​មាន​លក្ខណៈ​កាន់​តែ​ប្រសើរ​និង​មាន​កេរ្តិ៍​ឈ្មោះ​កាន់​តែ​ល្អ។

 យោបល់​៖ សូម​ជ្រើស​រើស​ចំណុច​ណា​មួយ​ដែល​ប្អូន​ត្រូវ​រីក​ចម្រើន។ សូម​និយាយ​ជា​មួយ​បុគ្គល​ដែល​រីក​ចម្រើន​ចំណុច​នោះ​ហើយ រួច​សុំ​យោបល់​ពី​គាត់។ បន្ទាប់​មក សូម​កត់​ទុក​វិធី​ជាក់​លាក់​ដែល​ប្អូន​នឹង​ធ្វើ ហើយ​ពិនិត្យ​មើល​ការ​រីក​ចម្រើន​ចំណុច​នោះ​ក្នុង​អំឡុង​ពេល​មួយ​ខែ។ សូម​កត់​ទុក​ចំណុច​ដែល​ប្អូន​ធ្វើ​បាន​ល្អ និង​ចំណុច​ដែល​ប្អូន​ធ្វើ​មិន​ទាន់​បាន​ល្អ។ រួច​ពិនិត្យ​មើល​ការ​រីក​ចម្រើន​នោះ​នៅ​ចុង​ខែ។