សំណួរពីយុវវ័យ
តើខ្ញុំអាចធ្វើយ៉ាងណាដើម្បីពូកែសន្ទនាជាង?
ក្នុងអត្ថបទនេះ យើងនឹងពិចារណា៖
ហេតុអ្វីគួរសន្ទនាជាមួយអ្នកឯទៀតដោយផ្ទាល់?
អ្នកខ្លះនិយាយថា ការនិយាយគ្នាដោយផ្ទាល់គឺពិបាកនិងតានតឹងចិត្តជាង ការនិយាយគ្នាដោយផ្ញើសារ។
ប្អូនអាណាបានរៀបរាប់ថា៖«ពេលនិយាយគ្នាដោយផ្ទាល់គឺពិបាកជាង ព្រោះយើងមិនអាចកែឬលុបពាក្យដែលយើងបាននិយាយទេ»។
ប្អូនជីនបានរៀបរាប់ថា៖«ការផ្ញើសារគឺប្រៀបដូចជាការសម្ដែងដែលគេបានថតទុករួចហើយ។ តែការនិយាយផ្ទាល់ទៅកាន់បុគ្គលម្នាក់ទៀត គឺប្រៀបដូចជាការសម្ដែងនៅចំពោះមុខទស្សនិកជន។ ដូច្នេះ ពេលនិយាយទៅកាន់អ្នកណាម្នាក់ ខ្ញុំចេះតែប្រាប់ខ្លួនឯងឲ្យប្រុងប្រយ័ត្ន ‹កុំនិយាយខុស!›»។
ទោះជាយ៉ាងនោះក៏ដោយ មិនយូរមិនឆាប់ ប្អូនច្បាស់ជាត្រូវសន្ទនាដោយផ្ទាល់ជាមួយនរណាម្នាក់មិនខាន។ ជាឧទាហរណ៍ ប្អូនត្រូវរៀនឲ្យចេះសន្ទនាបើប្អូនចង់រាប់អានមិត្ត ចង់រកការងារធ្វើនិងរក្សាការងារ ឬចង់មានទំនាក់ទំនងស្នេហាពេលប្អូនត្រៀមខ្លួនហើយ។
ប៉ុន្តែ ប្អូនមិនចាំបាច់ខ្លាចនិយាយជាមួយអ្នកឯទៀតទេ។ ប្អូនអាចរៀនឲ្យចេះសន្ទនាបាន សូម្បីតែប្អូនជាមនុស្សអៀនក៏ដោយ។
ប្អូននីលបានរៀបរាប់ថា៖«ជួនកាលយើងនិយាយខុសនិងមានអារម្មណ៍ខ្មាស។ តែមិនអីទេ បើនិយាយខុស ក៏ខុសទៅ យើងអាចអស់សំណើចនឹងខ្លួនឯងបានតើ!»។
របៀបចាប់ផ្ដើមការសន្ទនា
សួរសំណួរ។ សូមគិតអំពីប្រធានបទមួយដែលអ្នកឯទៀតចាប់អារម្មណ៍ ហើយព្យាយាមសន្ទនាអំពីរឿងនោះ។ ជាឧទាហរណ៍៖
«វ៉ាកងនេះ បងបានទៅដើរលេងកន្លែងណាខ្លះ?»។
«វេបសាយនេះគួរឲ្យចាប់អារម្មណ៍ណាស់។ តើបងធ្លាប់ឃើញទេ?»។
«តើបងបានឮអំពី . . . ?»។
ដើម្បីនិយាយជាក់លាក់ជាង សូមគិតអំពីអ្វីដែលប្អូននិងបុគ្គលម្នាក់ទៀតប្រហែលជាធ្លាប់ធ្វើឬចូលចិត្តដូចគ្នា។ ជាឧទាហរណ៍ តើប្អូនរៀននៅសាលាដូចគ្នាឬធ្វើការស្រដៀងគ្នាទេ? សូមប្រើប្រធានបទនោះដើម្បីចាប់ផ្ដើមការសន្ទនា។
ប្អូនម៉ារិសឺបានរៀបរាប់ថា៖«សូមគិតអំពីសំណួរដែលអ្នកចង់សួរដល់បុគ្គលម្នាក់ទៀត ហើយសូមស្ដាប់គាត់ដោយយកចិត្តទុកដាក់ពេលគាត់ឆ្លើយមកវិញ»។
គួរដឹង៖ សូមកុំសួរសំណួរមួយហើយមួយទៀត ដូចជាសួរចម្លើយ ហើយសូមកុំសួរសំណួរអំពីរឿងផ្ទាល់ខ្លួន ដូចជា«បងខ្លាចអីជាងគេ?» ឬ«ហេតុអីបងតែងតែពាក់ពណ៌ខៀវអ៊ីចឹង?»។ សំណួរបែបនេះអាចនាំឲ្យគេមានអារម្មណ៍មិនស្រួល។ សំណួរទី២នេះហាក់ដូចជាកំពុងរិះគន់!
បន្ថែមទៅទៀត មុនឬក្រោយបុគ្គលនោះឆ្លើយសំណួររបស់ប្អូន សូមកុំទាន់អាលប្រាប់គាត់អំពីទស្សនៈនិងអារម្មណ៍របស់ប្អូនឡើយ។ បើនិយាយឲ្យចំទៅ សូមនិយាយជាលក្ខណៈសន្ទនា មិនមែនជាការសម្ភាសន៍ទេ។
គោលការណ៍គម្ពីរ៖ «គំនិតនៅក្នុងចិត្តរបស់មនុស្ស ប្រៀបដូចជាទឹកដ៏ជ្រៅ តែអ្នកដែលមានសមត្ថភាពវែកញែកនឹងដងយកមកបាន»។—សុភាសិត ២០:៥
ស្ដាប់ដោយយកចិត្តទុកដាក់។ ដើម្បីមានការសន្ទនាល្អ ជាការសំខាន់ដែលប្អូនពូកែស្ដាប់ជាងពូកែនិយាយ។
ប្អូនថាម៉ារ៉ាបានរៀបរាប់ថា៖«ខ្ញុំព្យាយាមរៀនអ្វីថ្មីពីបុគ្គលដែលខ្ញុំនិយាយជាមួយ។ ក្រោយនោះ ខ្ញុំព្យាយាមចាំអ្វីដែលគាត់បានប្រាប់ដើម្បីខ្ញុំអាចនឹកឃើញសំណួរល្អសម្រាប់សួរគាត់នៅពេលយើងនិយាយគ្នាលើកក្រោយ»។
គួរដឹង៖ កុំបារម្ភអំពីអ្វីដែលប្អូននឹងនិយាយតបវិញ។ បើប្អូនស្ដាប់គាត់ដោយយកចិត្តទុកដាក់ ប្អូនអាចតបឆ្លើយនឹងអ្វីដែលគាត់និយាយ។
គោលការណ៍គម្ពីរ៖ «ត្រូវរហ័សស្ដាប់ មិនរហ័សនិយាយ»។—យ៉ាកុប ១:១៩
បង្ហាញការយកចិត្តទុកដាក់យ៉ាងស្មោះ។ បើប្អូនយកចិត្តទុកដាក់នឹងបុគ្គលដែលប្អូននិយាយជាមួយ នោះប្អូននឹងចូលចិត្តនិយាយជាមួយគាត់ច្រើនជាង។
ប្អូនម៉ារៀបានរៀបរាប់ថា៖«ពេលអ្នកឯទៀតដឹងថាយើងយកចិត្តទុកដាក់នឹងអ្វីដែលគាត់និយាយ នោះការសន្ទនាជាមួយគាត់នឹងសប្បាយជាង ទោះជាការសន្ទនាមិនសូវរលូនក៏ដោយ»។
គួរដឹង៖ កុំសួរសំណួរដែលធ្វើឲ្យគេទើសទាល់ចិត្ត។ ការសួរថា«អាវនេះស្អាតណាស់ បងទិញខ្លួនឯងឬគេទិញឲ្យ?» ប្រហែលជាស្ដាប់ទៅមិនសូវគួរសម។
គោលការណ៍គម្ពីរ៖ «ចូរបន្តយកចិត្តទុកដាក់ចំពោះអ្នកឯទៀត មិនត្រូវគិតតែអំពីរឿងផ្ទាល់ខ្លួនប៉ុណ្ណោះទេ»។—ភីលីព ២:៤
តើប្អូនអាចបញ្ចប់ការសន្ទនាយ៉ាងដូចម្ដេច? ប្អូនយ៉ូដាន់បានប្រាប់ថា៖«ព្យាយាមបញ្ចប់សន្ទនាដោយនិយាយអ្វីដែលលើកទឹកចិត្ត ដូចជា‹ខ្ញុំពិតជាសប្បាយណាស់បាននិយាយជាមួយបង› ឬ‹សូមសុខសប្បាយ ថ្ងៃក្រោយជួបគ្នា›។ ការនិយាយដូចនេះអាចបើកឱកាសឲ្យមានការសន្ទនានៅលើកក្រោយទៀត ពេលដែលយើងជួបគាត់»។