សំណួរពីយុវវ័យ
តើខ្ញុំអាចពន្យល់យ៉ាងណាអំពីជំនឿរបស់ខ្ញុំស្ដីអំពីការរួមភេទ?
បុគ្គលម្នាក់និយាយថា៖«ថាម៉េច ឯងនៅបរិសុទ្ធ?»
បើប្អូនចង់ឆ្លើយថាមែន តើប្អូននឹងឆ្លើយដោយមានទំនុកចិត្តទេ? អត្ថបទនេះនឹងជួយប្អូន!
តើភាពបរិសុទ្ធជាអ្វី?
ភាពបរិសុទ្ធគឺមានន័យថា បុគ្គលម្នាក់មិនដែលរួមភេទទាល់តែសោះ។
ប៉ុន្តែ ការរួមភេទមិនមែនគ្រាន់តែជាសកម្មភាពខាងផ្លូវភេទប៉ុណ្ណោះទេ។ អ្នកខ្លះប្រហែលជាថាខ្លួនគេ«បរិសុទ្ធ»ដោយសារពួកគេមិនបានរួមភេទជាមួយនឹងអ្នកណាទេ ទោះជាពួកគេបានធ្វើអ្វីផ្សេងទាក់ទងនឹងនោះក៏ដោយ។
ពាក្យ«រួមភេទ»អាចសំដៅទៅលើការរួមភេទតាមមាត់ តាមផ្លូវបាត ឬស្ទាបអង្អែលប្រដាប់ភេទរបស់អ្នកឯទៀត។
សរុបសេចក្ដី៖ បុគ្គលដែលធ្វើអ្វីទាក់ទងនឹងផ្លូវភេទ មិនថាជាការរួមភេទតាមមាត់ តាមផ្លូវបាត ឬស្ទាបអង្អែលប្រដាប់ភេទអ្នកឯទៀតក្ដី អ្នកនោះមិនអាចនិយាយថាពួកគេនៅបរិសុទ្ធទេ។
តើគម្ពីរចែងយ៉ាងណាអំពីការរួមភេទ?
គម្ពីរចែងថាការរួមភេទគឺសម្រាប់តែបុរសនិងស្ត្រីដែលបានរៀបការហើយប៉ុណ្ណោះ។ (សុភាសិត ៥:១៨) ដូច្នេះ បុគ្គលដែលចង់ឲ្យព្រះពេញចិត្ត មិនគួររួមភេទទាល់តែសោះលុះត្រាតែពួកគាត់បានរៀបការជាមួយគ្នាហើយ។—ថែស្សាឡូនិចទី១ ៤:៣-៥
អ្នកខ្លះនិយាយថាទស្សនៈគម្ពីរស្ដីអំពីការរួមភេទគឺហួសសម័យហើយ វាមិនត្រូវនឹងសម័យយើងទេ។ ប៉ុន្តែ សូមចាំថា នៅសម័យយើងមានការលែងលះជាច្រើន ការមានផ្ទៃពោះដែលមិនចង់បាន និងមានការរីករាលដាលជំងឺកាមរោគ។ បើនិយាយឲ្យត្រង់ទៅ សម័យយើងមិនមានយោបល់ត្រឹមត្រូវស្ដីអំពីខ្នាតតម្រាសីលធម៌ទេ។—យ៉ូហានទី១ ២:១៥-១៧
ពេលគិតអំពីរឿងនេះ ហេតុអ្វីខ្នាតតម្រាសីលធម៌ក្នុងគម្ពីរគឺសមហេតុសមផល? ឧបមាថា បុគ្គលម្នាក់បានឲ្យប្រាក់១.០០០ដុល្លារជាអំណោយដល់ប្អូន។ តើប្អូននឹងគប់ប្រាក់នោះពីដំបូលផ្ទះឲ្យដល់អ្នកណាក៏ដោយដែលចង់រើសឬ?
ប្អូនត្រូវធ្វើការសម្រេចចិត្តស្រដៀងនឹងនេះអំពីការរួមភេទ។ ប្អូនសៀរ៉ាដែលមានអាយុ១៤ឆ្នាំបានរៀបរាប់ថា៖«ខ្ញុំមិនចង់ប្រគល់ភាពបរិសុទ្ធខ្ញុំទៅឲ្យអ្នកណាម្នាក់ដែលខ្ញុំមិនទាំងចាំឈ្មោះនោះទេ»។ ប្អូនថាមមីដែលមានអាយុ១៧ឆ្នាំ ក៏យល់ស្របនឹងគំនិតនោះដែរ។ នាងបានប្រាប់ថា៖«ការឲ្យភាពបរិសុទ្ធដល់អ្នកណាក៏បាន គឺប្រៀបដូចជាបន្ថោកតម្លៃអំណោយពិសេសនេះដែលយើងបានទទួល»។
សរុបសេចក្ដី៖ គម្ពីរចាត់ទុកការរក្សាភាពបរិសុទ្ធនិងការប្រព្រឹត្តស្អាតស្អំជាខ្នាតតម្រាសីលធម៌សម្រាប់អស់អ្នកដែលមិនទាន់រៀបការ។—កូរិនថូសទី១ ៦:១៨; ៧:៨, ៩
តើប្អូនជឿយ៉ាងណា?
តើប្អូនជឿថាទស្សនៈគម្ពីរអំពីការរួមភេទគឺសមហេតុផលឬតឹងរ៉ឹងពេក?
តើប្អូនជឿថាបុគ្គលពីរនាក់អាចរួមភេទបានឬ បើពួកគេពិតជាស្រឡាញ់គ្នាទោះជាមិនទាន់រៀបការក៏ដោយ?
ក្រោយពីគិតយ៉ាងហ្មត់ចត់អំពីរឿងនេះ យុវវ័យជាច្រើនបានសន្និដ្ឋានថាការរក្សាភាពបរិសុទ្ធនិងការប្រព្រឹត្តស្អាតស្អំ គឺជាជម្រើសដ៏ល្អបំផុត។ ពួកគេមិនស្ដាយក្រោយដែលពួកគេបានសម្រេចចិត្តដូច្នោះទេ ហើយពួកគេក៏មិនមានអារម្មណ៍ថាខកខានមិនបានសប្បាយនោះដែរ។ សូមពិចារណាពាក្យសម្ដីរបស់ប្អូនៗខ្លះ។
ប្អូនអេមេលីបានរៀបរាប់ថា៖«ខ្ញុំសប្បាយដែលខ្ញុំនៅបរិសុទ្ធ! គឺមិនខុសទេដែលយើងព្យាយាមជៀសឲ្យឆ្ងាយពីការឈឺចាប់ខាងផ្លូវកាយ ខាងផ្លូវចិត្ត និងខាងអារម្មណ៍ ដែលមកពីការរួមភេទមុនរៀបការ»។
ប្អូនអ៊ីឡេនបានរៀបរាប់ថា៖«ខ្ញុំមិនស្ដាយក្រោយទេដែលខ្ញុំមិនបានរួមភេទមុនរៀបការ ហើយខ្ញុំមានមោទនភាពណាស់ដែលខ្ញុំមិនឆ្លងជំងឺកាមរោគ»។
ប្អូនវីរេបានរៀបរាប់ថា៖«ខ្ញុំធ្លាប់ឮស្រីៗអាយុស្រករខ្ញុំនិងចាស់ជាងខ្ញុំនិយាយថា ពួកគេស្ដាយក្រោយដែលបានរួមភេទ ហើយពួកគេថាបើពួកគេរង់ចាំសិនល្អជាង។ ខ្ញុំមិនចង់ដើរតាមលំអានដានពួកគេទេ»។
ប្អូនឌានបានរៀបរាប់ថា៖«ខ្ញុំឃើញមនុស្សជាច្រើនមានរបួសផ្លូវចិត្តដោយសារពួកគេបាត់បង់ភាពបរិសុទ្ធឬមានដៃគូច្រើន។ តាមទស្សនៈខ្ញុំ នេះជារបៀបរស់នៅដែលគួរឲ្យអាណិតណាស់»។
សរុបសេចក្ដី៖ ប្អូនត្រូវដឹងថាខ្លួនជឿយ៉ាងណាស្ដីអំពីការរួមភេទ មុនប្អូនប្រឈមនឹងការបង្ខិតបង្ខំឬការល្បួងឲ្យរួមភេទ។—យ៉ាកុប ១:១៤, ១៥
តើប្អូនអាចពន្យល់យ៉ាងណាអំពីជំនឿរបស់ប្អូនដល់អ្នកឯទៀត?
បើអ្នកណាម្នាក់សួរសំណួរប្អូនទាក់ទងនឹងការរួមភេទ តើប្អូននឹងឆ្លើយយ៉ាងណា? ភាគច្រើនអាស្រ័យទៅលើកាលៈទេសៈ។
ប្អូនកូរិនបានរៀបរាប់ថា៖«បើអ្នកណាម្នាក់សួរក្នុងបំណងចង់ដេញដោលប៉ុណ្ណោះ ខ្ញុំនឹងមិននៅស្ងៀម ហើយស្ដាប់ពួកគេទេ។ ខ្ញុំនឹងនិយាយថា៖‹នេះជារឿងខ្ញុំទេ› ហើយដើរចេញ»។
ប្អូនដាវីឌបានរៀបរាប់ថា៖«គួរឲ្យស្ដាយ ក្មេងខ្លះនៅសាលាចូលចិត្តធ្វើបាបអ្នកឯទៀតដើម្បីសើចសប្បាយ។ បើគេសួរក្នុងគោលបំណងនោះមែន ខ្ញុំមិនឆ្លើយតបទៅពួកគេទេ»។
តើប្អូនដឹងទេ? ពេលខ្លះ លោកយេស៊ូមិនឆ្លើយតបទៅពួកអ្នកសើចចំអកទេ។—ម៉ាថាយ ២៦:៦២, ៦៣
ប៉ុន្តែ ចុះបើបុគ្គលម្នាក់សួរសំណួរប្អូនដោយចិត្តស្មោះវិញ? បើប្អូនគិតថាបុគ្គលនោះប្រហែលជាឲ្យតម្លៃគម្ពីរ ប្អូនអាចបង្ហាញខគម្ពីរ ដូចជាកូរិនថូសទី១ ៦:១៨ ដែលថា បុគ្គលដែលរួមភេទមុនរៀបការកំពុងធ្វើបាបរូបកាយខ្លួនឯង។
មិនថាប្អូនបង្ហាញខគម្ពីរភ្លាមៗឬក្រោយមកក៏ដោយ ជាការសំខាន់ដែលប្អូននិយាយដោយការជឿជាក់។ សូមចាំថា ប្អូនមានសិទ្ធិសម្រេចចិត្តរក្សាភាពស្អាតស្អំខាងសីលធម៌ ហើយមានមោទនភាពដែលប្អូនធ្វើដូច្នោះ។—ពេត្រុសទី១ ៣:១៦
ប្អូនជីលបានរៀបរាប់ថា៖«ពេលយើងតបឆ្លើយដោយមានទំនុកចិត្ត នោះបង្ហាញថាយើងមិនសង្ស័យចំពោះជំនឿរបស់ខ្លួន ហើយថាខ្លួនយើងជាអ្នកសម្រេចចិត្តធ្វើដូច្នេះ មិនមែនដោយសារមានគេប្រាប់ឲ្យធ្វើទេ»។
សរុបសេចក្ដី៖ បើប្អូនជឿជាក់លើគោលជំហររបស់ខ្លួនអំពីរឿងខាងផ្លូវភេទ នោះប្អូនអាចពន្យល់រឿងនោះដល់អ្នកឯទៀត។ ប្អូនប្រហែលជាភ្ញាក់ផ្អើលពេលឃើញប្រតិកម្មល្អតបមកវិញ។ ប្អូនម៉ាឡេនដាដែលមានអាយុ២១ឆ្នាំ បានរៀបរាប់ថា៖«អ្នករួមការងារខ្ញុំបាននិយាយសរសើរខ្ញុំដែលខ្ញុំបានរក្សាភាពបរិសុទ្ធរបស់ខ្លួន។ ពួកគេមិនគិតថានោះចម្លែកទេ។ ពួកគេឃើញថាខ្ញុំចេះទប់ចិត្តនិងកាន់ខ្ជាប់ខ្នាតតម្រាសីលធម៌»។
យោបល់! បើប្អូនត្រូវការជំនួយដើម្បីពង្រឹងគោលជំហររបស់ប្អូនអំពីរឿងខាងផ្លូវភេទ សូមអានសៀវភៅសំណួរយុវវ័យចង់ដឹង និងចម្លើយដែលស្រាយចម្ងល់។
ជំពូកទី២៤ ក្បាលទី១ ដែលមានចំណងជើងថា«តើការរួមភេទនឹងធ្វើឲ្យស្នេហាស្អិតរមួតឬ?»។
ជំពូកទី៥ ក្បាលទី២ ដែលមានចំណងជើងថា«ហេតុអ្វីគួររក្សាភាពបរិសុទ្ធ?»។
ប្អូនវិចតូរៀបានរៀបរាប់ថា៖«ខ្ញុំចូលចិត្តការវែកញែកហេតុផលក្នុងសៀវភៅ‹យុវវ័យចង់ដឹង›។ ជាឧទាហរណ៍ នៅក្បាលទី១ ទំព័រទី១៨៧ បានប្រដូចការរួមភេទមុនរៀបការ ទៅនឹងការឲ្យខ្សែកដ៏មានតម្លៃដល់គេដោយឥតគិតថ្លៃ។ ការធ្វើដូច្នេះ ដូចជាអ្នកកំពុងបន្ថោកតម្លៃរបស់ខ្លួន។ ហើយនៅទំព័រទី១៧៧ បង្ហាញថាការរួមភេទមុនរៀបការគឺដូចជាការយកផ្ទាំងគំនូរដ៏មានតម្លៃមកធ្វើជាកម្រាលជូតជើងវិញ។ ប៉ុន្តែ ឧទាហរណ៍ដែលខ្ញុំចូលចិត្តជាងគេគឺនៅទំព័រទី៥៤ ក្នុងក្បាលទី២។ អក្សរក្រោមរូបភាពនោះអានថា៖‹ការរួមភេទមុនរៀបការគឺប្រៀបដូចជាការបើកអំណោយមុនម្ចាស់អំណោយឲ្យមកអ្នក›។ ហើយនេះក៏ប្រៀបដូចជាការយកអ្វីមួយដែលជាកម្មសិទ្ធិរបស់គូអនាគតអ្នកទៅប្រគល់ឲ្យអ្នកផ្សេង»។