លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

ចុះ​បើ​ខ្ញុំ​ត្រូវ​គេ​សម្លុត​ធ្វើ​បាប?

ចុះ​បើ​ខ្ញុំ​ត្រូវ​គេ​សម្លុត​ធ្វើ​បាប?

 ការ​សម្លុត​ធ្វើ​បាប​គឺ​ជា​រឿង​ធ្ងន់​ធ្ងរ។ តាម​ការ​សិក្សា​មួយ​នៅ​ប្រទេស​អង់គ្លេស​បាន​រក​ឃើញ​ថា យុវវ័យ​ជាង​៤០​ភាគ​រយ​បាន​សម្លាប់​ខ្លួន​ដោយ​សារ​រង​សម្ពាធ​ពី​ការ​សម្លុត​ធ្វើ​បាប(​នេះ​ជា​សេចក្ដី​រាយ​ការណ៍​ក្នុង​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​ជាតិ​)។

 តើ​ការ​សម្លុត​ធ្វើ​បាប​រួម​បញ្ចូល​អ្វី​ខ្លះ?

 ការ​សម្លុត​ធ្វើ​បាប​មិន​គ្រាន់​តែ​ជា​ការ​ធ្វើ​បាប​ខាង​រាង​កាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​រួម​បញ្ចូល​អ្វី​ផ្សេង​ទៀត​ដែរ។

  •   វាយ​ប្រហារ​តាម​ពាក្យ​សម្ដី។ ប្អូន​សាលីន​ដែល​មាន​អាយុ​២០​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​ស្រី​ៗ​ក៏​អាច​រង​គ្រោះ​ដោយ​សារ​ពាក្យ​សម្ដី​គេ​ដែរ។ ខ្ញុំ​មិន​ដែល​ភ្លេច​រហស្សនាម​ដែល​គេ​បាន​ដាក់​ឲ្យ​ខ្ញុំ​ឬ​អ្វី​ដែល​ពួក​គេ​និយាយ​ទេ។ ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ គ្មាន​អ្នក​ណា​ត្រូវ​ការ និង​គ្មាន​បាន​ការ​ទាល់​តែ​សោះ។ ខ្ញុំ​សុខ​ចិត្ត​ឲ្យ​គេ​វាយ​ខៀវ​ភ្នែក​ប្រសើរ​ជាង​វាយ​ដោយ​ពាក្យ​សម្ដី​»។

  •   ឈប់​រាប់​អាន។ ប្អូន​ហេលី​ដែល​មាន​អាយុ​១៨​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​ចាប់​ផ្ដើម​គេច​មុខ​ពី​ខ្ញុំ។ ពេល​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ ពួក​គេ​មិន​ឲ្យ​ខ្ញុំ​អង្គុយ​ជិត​ពួក​គេ​ទេ ពួក​គេ​ធ្វើ​ឲ្យ​មើល​ទៅ​ដូច​ជា​តុ​ដែល​ពួក​គេ​អង្គុយ​គឺ​ពេញ​ហើយ។ អស់​មួយ​ឆ្នាំ​ពេញ ខ្ញុំ​យំ​ហើយ​ញ៉ាំ​អាហារ​តែ​ម្នាក់​ឯង​»។

  •   ចំអក​មើល​ងាយ​តាម​អ៊ីនធឺណិត។ ប្អូន​ដានីយ៉ែល​ដែល​មាន​អាយុ​១៤​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​អ្នក​អាច​បំផ្លាញ​កេរ្ដិ៍​ឈ្មោះ​របស់​អ្នក​ណា​ម្នាក់ ឬ​ជីវិត​របស់​គាត់​តែ​ម្ដង ដោយ​គ្រាន់​តែ​បោះ​ពាក្យ​សម្ដី​ប៉ុន្មាន​ម៉ាត់​ក្នុង​បណ្ដាញ​សង្គម​ប៉ុណ្ណោះ។ ស្ដាប់​ទៅ​ហាក់​ដូច​ជា​ពន្លើស​ពេក តែ​នេះ​អាច​កើត​ឡើង​បាន!​»។ ការ​សម្លុត​ធ្វើ​បាប​តាម​អ៊ីនធឺណិត​ក៏​រួម​បញ្ចូល​ការ​ផ្ញើ​រូប​ថត​គួរ​ឲ្យ​ខ្មាស ឬ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ដៃ​ដែរ។

 ហេតុ​អ្វី​អ្នក​ខ្លះ​សម្លុត​ធ្វើ​បាប​អ្នក​ឯ​ទៀត?

 មាន​មូលហេតុ​មួយ​ចំនួន។

  •   ពួក​គេ​ធ្លាប់​ត្រូវ​គេ​សម្លុត​ធ្វើ​បាប។ យុវជន​ម្នាក់​ឈ្មោះ​អាន់តូនីយ៉ូ បាន​សារភាព​ថា​៖​«​ខ្ញុំ​ធុញ​ទ្រាន់​នឹង​ការ​សម្លុត​ធ្វើ​បាប​ពី​យុវវ័យ​ឯ​ទៀត​ណាស់ តែ​ដើម្បី​ខ្ញុំ​អាច​ចូល​ចុះ​នឹង​ពួក​គេ​ខ្ញុំ​ក៏​ធ្វើ​បាប​សិស្ស​ផ្សេង​ទៀត​ដែរ។ ពេល​ខ្ញុំ​នឹក​គិត​ឡើង​វិញ ខ្ញុំ​ទទួល​ស្គាល់​ថា​ការ​ធ្វើ​ដូច្នោះ​គឺ​អាក្រក់​ខ្លាំង​ណាស់​»។

  •   ពួក​គេ​មិន​មាន​គំរូ​ល្អ​ដែល​អាច​ធ្វើ​តាម។ អ្នក​និពន្ធ​សៀវភៅ​ម្នាក់​ឈ្មោះ​ជេយ មឹក្រូ បាន​រៀប​រាប់​ថា​៖​«​ច្រើន​ដង យុវវ័យ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត . . . តាម​របៀប​ដែល​ពួក​គេ​ឃើញ​ឪពុក​ម្ដាយ បង​ៗ ឬ​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​គ្រួសារ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ដទៃ​»​(​Life Strategies for Dealing With Bullies​)។

  •   ពួក​គេ​ប្រព្រឹត្ត​ដូច​ជា​ខ្លួន​ខ្លាំង​ជាង​គេ តែ​តាម​ពិត​ពួក​គេ​មាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព។ អ្នក​និពន្ធ​សៀវភៅ​ម្នាក់​ឈ្មោះ​បាប្រឺ ខូឡូរ៉ូសូ បាន​រៀប​រាប់​ថា​៖​«​កូន​ៗ​ដែល​សម្លុត​ធ្វើ​បាប​អ្នក​ឯ​ទៀត មាន​ចិត្ត​គំនិត​ថា​ខ្លួន​ខ្លាំង​ជាង​គេ ដែល​តាម​ពិត​គាត់​ចង់​លាក់​អារម្មណ៍​ឈឺ​ចាប់​និង​អារម្មណ៍​ថា​ខ្លួន​ខ្វះ​សមត្ថភាព​»​(​The Bully, the Bullied, and the Bystander​)។

 តើ​បុគ្គល​បែប​ណា​ច្រើន​តែ​ត្រូវ​គេ​សម្លុត​ធ្វើ​បាប?

  •   អ្នក​ដែល​មាន​តែ​ឯង។ យុវវ័យ​ខ្លះ​ដែល​មិន​ចេះ​ទាក់​ទង​នឹង​អ្នក​ឯ​ទៀត ព្រម​ទាំង​ផ្ដាច់​ខ្លួន​ពី​គេ​គឺ​ច្រើន​តែ​ត្រូវ​គេ​សម្លុត​ធ្វើ​បាប។

  •   យុវវ័យ​ដែល​មើល​ទៅ​ខុស​ពី​អ្នក​ឯ​ទៀត។ យុវវ័យ​ខ្លះ​ត្រូវ​គេ​ធ្វើ​បាប ដោយ​សារ​សម្បក​ក្រៅ ជាតិ​សាសន៍ ឬ​សាសនា​របស់​ពួក​គេ ឬ​មួយ​ក៏​ដោយ​សារ​ពួក​គេ​មាន​ពិការភាព​ណា​មួយ និយាយ​រួម​ទៅ គឺ​អ្វី​ណា​ក៏​ដោយ​ដែល​គេ​អាច​យក​មក​សើច​ចំអក។

  •   យុវវ័យ​ដែល​ខ្វះ​ទំនុក​ចិត្ត។ តាម​ធម្មតា បុគ្គល​ដែល​គិត​អវិជ្ជមាន​អំពី​ខ្លួន នោះ​ស្រួល​ឲ្យ​អ្នក​ដែល​សម្លុត​ធ្វើ​បាប​កត់​សម្គាល់។ អ្នក​ទាំង​នោះ​ជា​គោល​ដៅ​ដែល​គេ​សម្លុត​ធ្វើ​បាប ព្រោះ​ពួក​គេ​ច្រើន​តែ​មិន​តប​ត​ទៅ​វិញ​ទេ។

 តើ​ប្អូន​អាច​ធ្វើ​អ្វី​ខ្លះ​បើ​គេ​សម្លុត​ធ្វើ​បាប​ប្អូន?

  •   កុំ​បង្ហាញ​ប្រតិកម្ម។ យុវតី​ម្នាក់​ឈ្មោះ​ខៃលី បាន​រៀប​រាប់​ថា​៖​«​អ្នក​ដែល​សម្លុត​ធ្វើ​បាប​គេ ចង់​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​ខ្លួន។ បើ​យើង​មិន​បង្ហាញ​ប្រតិកម្ម​អ្វី​សោះ នោះ​ពួក​គេ​នឹង​លែង​ចាប់​អារម្មណ៍​ទៀត​»។ គម្ពីរ​ចែង​ថា​៖​«​អ្នក​ដែល​មាន​ប្រាជ្ញា​ចេះ​ទប់​អារម្មណ៍​របស់​ខ្លួន​ជា​និច្ច​»។—សុភាសិត ២៩:១១

  •   កុំ​តប​ត។ ការ​សង​សឹក​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ថែម​ទៀត មិន​មែន​ដោះ​ស្រាយ​នោះ​ទេ។ គម្ពីរ​ចែង​ថា​៖​«​កុំ​តប​ស្នង​ការ​អាក្រក់​ដល់​អ្នក​ណា​ដែល​ធ្វើ​អាក្រក់​ចំពោះ​អ្នក​»។—រ៉ូម ១២:១៧; សុភាសិត ២៤:១៩

  •   គេច​ចេញ​ពី​អ្វី​ដែល​នាំ​ឲ្យ​មាន​បញ្ហា។ បើ​អាច​ធ្វើ​បាន ជៀស​ឲ្យ​ឆ្ងាយ​ពី​ស្ថានភាព​និង​បុគ្គល​ដែល​សម្លុត​ធ្វើ​បាប​គេ។—សុភាសិត ២២:៣

  •   គិត​ពាក្យ​តប​ឆ្លើយ​ទុក​ជា​មុន។ គម្ពីរ​ចែង​ថា​៖​«​សម្ដី​ទន់ភ្លន់​រម្ងាប់​កំហឹង​»។—សុភាសិត ១៥:១

  •   ចេះ​លេង​សើច។ ជា​ឧទាហរណ៍ បើ​គេ​និយាយ​មើល​ងាយ​ថា​ប្អូន​ធាត់ ប្អូន​ប្រហែល​ជា​អាច​ញាក់​ស្មា​ហើយ​និយាយ​ថា​៖​«​អ៊ីចឹង​ខ្ញុំ​គួរ​បញ្ចុះ​ទម្ងន់​តិច​ហ្ន!​»។

  •   ដើរ​ចេញ។ ប្អូន​ណូរ៉ា​ដែល​មាន​អាយុ​១៩​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​ការ​នៅ​ស្ងៀម​បង្ហាញ​ថា​យើង​មាន​គំនិត​ចាស់​ទុំ ហើយ​បង្ហាញ​ថា​យើង​ខ្លាំង​ជាង​អ្នក​ដែល​ធ្វើ​បាប​យើង។ ណា​មួយ​ទៀត ការ​នៅ​ស្ងៀម​ក៏​បង្ហាញ​ថា​យើង​ចេះ​ទប់​ចិត្ត ជា​គុណ​សម្បត្តិ​ដែល​អ្នក​សម្លុត​ធ្វើ​បាប​យើង​អត់​មាន​ទេ​»។

  •   មាន​ទំនុក​ចិត្ត​លើ​ខ្លួន។ ប្អូន​រីតា​បាន​រៀប​រាប់​ថា​៖​«​អ្នក​ដែល​សម្លុត​ធ្វើ​បាប​គេ ឆាប់​កត់​សម្គាល់​ពេល​យើង​ភ័យ​ខ្លាច ហើយ​ពួក​គេ​ប្រហែល​ជា​ប្រើ​ចំណុច​ខ្សោយ​នោះ​ដើម្បី​បំបាក់​ទំនុក​ចិត្ត​ដែល​យើង​មាន​មក​លើ​ខ្លួន​»។

  •   ប្រាប់​នរណា​ម្នាក់។ យោង​ទៅ​តាម​ការ​ស្ទង់​មតិ​មួយ​អំពី​ការ​សម្លុត​ធ្វើ​បាប បាន​ប្រាប់​ថា​ជន​រង​គ្រោះ​ជាង​ពាក់​កណ្ដាល​មិន​បាន​រាយ​ការណ៍​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ទេ ដោយ​សារ​ខ្មាស​គេ(​ជា​ពិសេស​ក្មេង​ប្រុស​) ឬ​ខ្លាច​គេ​គុំ​កួន។ ប៉ុន្តែ សូម​ចាំ​ថា​អ្នក​ដែល​សម្លុត​ធ្វើ​បាប​នោះ កាន់​តែ​ងាយ​ធ្វើ​បាប​ប្អូន​ទៀត ព្រោះ​គ្មាន​អ្នក​ណា​ដឹង​អំពី​រឿង​នេះ។ បើ​ប្អូន​និយាយ​ប្រាប់​អ្នក​ណា​ម្នាក់ ប្អូន​អាច​បញ្ឈប់​ការ​សម្លុត​ធ្វើ​បាប​តាំង​ពី​ជំហាន​ដំបូង​ដើម្បី​កុំ​ឲ្យ​ឈាន​ទៅ​ដល់​ការ​ធ្វើ​បាប​កាន់​តែ​ខ្លាំង។