លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើខ្ញុំគួរធ្វើយ៉ាងណាពេលធ្វើខុស?

តើខ្ញុំគួរធ្វើយ៉ាងណាពេលធ្វើខុស?

 តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

 សូម​អាន​អំពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​ខារីណា ហើយ​ស្រមៃ​គិត​ថា​នោះ​បាន​កើត​ឡើង​ចំពោះ​ប្អូន​វិញ។ បើ​ប្អូន​ជា​ខារីណា តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

 ខារីណា​រៀប​រាប់​ថា៖«ពេល​ទៅ​សាលា​រៀន ខ្ញុំ​បើក​ឡាន​លឿន​ពេក។ ប៉ូលិស​ម្នាក់​ឃាត់​ខ្ញុំ​ហើយ​ឲ្យ​បង្កាន់​ដៃ​ផាក​ពិន័យ។ ខ្ញុំ​ខឹង​មែន​ទែន! ខ្ញុំ​ប្រាប់​ម៉ាក់​ខ្ញុំ ហើយ​ម៉ាក់​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ត្រូវ​ប្រាប់​ប៉ា​ដែរ តែ​ខ្ញុំ​មិន​ចង់​ប្រាប់​ប៉ា​សោះ!»។

  បើ​ប្អូន​ជា​ខារីណា តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

  1.  ជម្រើស«ក»: មិន​ប្រាប់​ប៉ា​ទេ ហើយ​សង្ឃឹម​ថា​គាត់​មិន​ដឹង​ឮ​អំពី​រឿង​នោះ។

  2.  ជម្រើស«ខ»: ប្រាប់​ប៉ា​អំពី​ការ​ពិត​ទាំង​អស់។

 ប្អូន​ប្រហែល​ជា​ចង់​យក​ជម្រើស«ក»។ យ៉ាង​ណា​មិញ ម្ដាយ​របស់​ប្អូន​ប្រហែល​ជា​ស្មានថា​ប្អូន​ទៅ​សារភាព​ប្រាប់​ប៉ា​រួច​ហើយ។ ប៉ុន្តែ ការ​ព្រម​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន គឺ​ជា​ទង្វើ​ត្រឹម​ត្រូវ​ជា​និច្ច ទោះ​ជា​កំហុស​នោះ​ទាក់​ទង​នឹង​ការ​ទទួល​បង្កាន់​ដៃ​ផាក​ពិន័យ ឬ​អ្វី​ផ្សេង​ទៀត​ក៏​ដោយ។

 មូលហេតុ​បី​ដែល​ប្អូន​គួរ​សារភាព​កំហុស

  1.  ១​. គឺ​ជា​អ្វី​ដែល​ត្រឹម​ត្រូវ។ គម្ពីរ​បរិសុទ្ធ​បញ្ជាក់​គោល​ការណ៍​សម្រាប់​គ្រិស្ត​សាសនិក​ពិត​ថា៖«យើង​ចង់​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់»។—ហេប្រឺ ១៣:១៨

     ប្អូន​ស្រី​ម្នាក់​ឈ្មោះ​អាឡិចសឺស​រៀប​រាប់​ថា៖«ខ្ញុំ​ខំ​ប្រឹង​ព្យាយាម​ប្រាប់​ការ​ពិត​ជា​និច្ច ហើយ​ទទួល​ខុស​ត្រូវ​ពេល​ខ្ញុំ​ធ្វើ​ខុស ថែម​ទាំង​សារភាព​កំហុស​របស់​ខ្ញុំ​ភ្លាមៗ»។

  2.  ២​. មនុស្ស​ឯ​ទៀត​ទំនង​ជា​អភ័យ​ទោស​ឲ្យ​អ្នក​ដែល​ព្រម​ទទួល​ស្គាល់​កំហុស។ គម្ពីរ​ចែង​ថា៖«អ្នក​ណា​ដែល​គ្រប​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នក​ណា​ដែល​លន់​តួ ហើយ​លះ​បង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្ដី​មេត្ដា​ករុណា​វិញ»។—សុភាសិត ២៨:១៣

     ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​រីឆឺដ​រៀប​រាប់​ថា៖«យើង​ត្រូវ​មាន​ចិត្ត​ក្លាហាន ទើប​ហ៊ាន​សារភាព​កំហុស​របស់​យើង។ តែ​ពេល​យើង​ធ្វើ​ដូច្នេះ មនុស្ស​នឹង​ទុក​ចិត្ត​យើង ពី​ព្រោះ​ពួក​គេ​ឃើញ​ថា​យើង​ជា​មនុស្ស​ទៀង​ត្រង់។ ដូច្នេះ​ពេល​យើង​សារភាព​កំហុស យើង​អាច​ទទួល​បាន​ផល​ល្អ»។

  3.  ៣​. សំខាន់​បំផុត ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ គម្ពីរ​ចែង​ថា៖«មនុស្ស​វៀច​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ព្រះ​យេហូវ៉ា តែ​ឯ​មនុស្ស​ទៀង​ត្រង់ នោះ​ទ្រង់​ជា​មិត្រ​នឹង​គេ​វិញ»។—សុភាសិត ៣:៣២

     ប្អូន​ស្រី​ម្នាក់​ឈ្មោះ​រេឆឺល​រៀប​រាប់​ថា៖«ក្រោយ​ខ្ញុំ​បាន​ធ្វើ​ខុស​ធ្ងន់​មួយ ខ្ញុំ​ចាប់​ផ្ដើម​ដឹង​ថា​ខ្ញុំ​ត្រូវ​សារភាព​កំហុស។ ព្រះ​យេហូវ៉ា​មិន​អាច​ឲ្យ​ពរ​ខ្ញុំ​ទេ បើ​ខ្ញុំ​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក»។

 ដូច្នេះ​តើ​ខារីណា​បាន​ធ្វើ​យ៉ាង​ណា​ពេល​ដែល​នាង​មាន​កំហុស? នាង​ខំ​លាក់​មិន​ឲ្យ​ប៉ា​នាង​ដឹង​ទេ​ថា នាង​បាន​ទទួល​បង្កាន់​ដៃ​ផាក​ពិន័យ​ហួស​ល្បឿន​កំណត់។ ប៉ុន្តែ នាង​មិន​អាច​លាក់​រឿង​នោះ​រហូត​បាន​ទេ។ ខារីណា​និយាយ​ថា៖ «ប្រហែល​មួយ​ឆ្នាំ​ក្រោយ​មក ប៉ា​ខ្ញុំ​បាន​ដឹង​រឿង​នោះ . . . ហើយ​គាត់​បាន​បន្ទោស​ខ្ញុំ​យ៉ាង​ខ្លាំង! ម៉ាក់​ខ្ញុំ​ក៏​ខឹង​ដែរ ដោយ​សារ​ខ្ញុំ​មិន​បាន​ស្ដាប់​គាត់!»។

 មេ​រៀន: ខារីណា​ប្រាប់​ថា៖ «កាន់​តែ​លាក់ កំហុស​កាន់​តែ​ធំ។ មុន​និង​ក្រោយ​គង់​តែ​ទទួល​ផល​ពី​កំហុស​នោះ​ដដែល!»។

 របៀប​ទាញ​មេ​រៀន​ពី​កំហុស​របស់​ខ្លួន

 យើង​ដឹង​ថា​មនុស្ស​ទាំង​អស់​ចេះ​ធ្វើ​ខុស។ (រ៉ូម ៣:២៣; យ៉ូហាន​ទី១ ១:៨) ម្យ៉ាង​ទៀត ប្អូន​ទើប​តែ​រៀន​ថា បើ​ប្អូន​សារភាព​កំហុស ជា​ពិសេស​ទទួល​ស្គាល់​កំហុស​ភ្លាមៗ នេះ​បង្ហាញ​ថា​ប្អូន​មាន​ចិត្ត​រាប​ទាប​និង​មាន​ភាព​ចាស់​ទុំ។

 ឥឡូវ ប្អូន​ត្រូវ​ចេះ​ទាញ​មេ​រៀន​ពី​កំហុស​របស់​ខ្លួន។ គួរ​ឲ្យ​ស្ដាយ យុវវ័យ​ខ្លះ​មិន​បាន​ឆ្លៀត​ឱកាស​ទាញ​មេ​រៀន​ពេល​នោះ​ទេ! ពួក​គេ​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ព្រីស៊ីឡា។ នាង​និយាយ​ថា៖«ពេល​ខ្ញុំ​ធ្វើ​ខុស ខ្ញុំ​ធ្លាប់​ធ្លាក់​ទឹក​ចិត្ត​ហួស​ហេតុ​ពេក។ ខ្ញុំ​មិន​សូវ​ឲ្យ​តម្លៃ​ខ្លួន ដូច្នេះ​ពេល​ខ្ញុំ​ធ្វើ​ខុស នោះ​ទៅ​ជា​បន្ទុក​ធ្ងន់​ពេក​សម្រាប់​ខ្ញុំ។ ខ្ញុំ​ចាប់​ផ្ដើម​អស់​សង្ឃឹម​នឹង​ខ្លួន»។

 ពេល​ខ្លះ តើ​ប្អូន​មាន​អារម្មណ៍​ដូច​នោះ​ដែរ​ឬ​ទេ? បើ​មាន​មែន សូម​ប្អូន​ចាំ​ថា: ការ​ចេះ​តែ​គិត​អំពី​កំហុស​នៅ​អតីតកាល គឺ​ប្រៀប​ដូច​ជា​ការ​បើក​ឡាន​ដោយ​មើល​ទៅ​ក្រោយ​តាម​កញ្ចក់​ជា​និច្ច។ ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​កំហុស​នៅ​អតីតកាល នាំ​ឲ្យ​តែ​ធ្លាក់​ទឹក​ចិត្ត​ហើយ​គិត​ថា​ខ្លួន​គ្មាន​តម្លៃ ថែម​ទាំង​ធ្វើ​ឲ្យ​គ្មាន​កម្លាំង​ចិត្ត​ប្រឈម​មុខ​បញ្ហា​នៅ​ថ្ងៃ​មុខ។

 គឺ​ល្អ​ជាង​បើ​ប្អូន​មាន​តុល្យភាព​ដូច​ត​ទៅ​នេះ៖

 ប្អូន​ប្រុស​អេលីយឹត​និយាយ​ថា៖«អ្នក​ត្រូវ​គិត​អំពី​កំហុស​របស់​អ្នក​ដើម្បី​ទាញ​មេ​រៀន តែ​កុំ​គិត​ច្រើន​ពេក​អំពី​កំហុស​នោះ​រហូត​ដល់​ធ្លាក់​ទឹក​ចិត្ត»។

 ប្អូន​ស្រី​វេរ៉ា​និយាយ​ថា៖«រាល់​ដង​ដែល​ខ្ញុំ​ធ្វើ​ខុស ខ្ញុំ​ខំ​ទាញ​មេ​រៀន​មួយ​ដែល​នឹង​ជួយ​ខ្ញុំ​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ​ជាង ហើយ​ជួយ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ជាង​នៅ​លើក​ក្រោយ។ គំនិត​បែប​នេះ​គឺ​ល្អ ពី​ព្រោះ​នោះ​ជួយ​យើង​ឲ្យ​អប់រំ​ខ្លួន»។