សំណួរពីយុវវ័យ
ចុះបើខ្ញុំមានបញ្ហាសុខភាព? (ភាគទី២)
បញ្ហាសុខភាពមានលក្ខណៈខុសៗគ្នា។
រោគសញ្ញានៃជំងឺខ្លះអាចមើលឃើញ តែរោគសញ្ញាខ្លះទៀតមិនអាចមើលឃើញទេ ព្រោះជំងឺនោះធ្វើទុក្ខក្នុងរូបកាយប៉ុណ្ណោះ។
បញ្ហាសុខភាពខ្លះមានហើយ តែក្រោយមកបាត់ទៅវិញ តែបញ្ហាសុខភាពខ្លះទៀតមិនបាត់ទៅវិញទេ។
បញ្ហាសុខភាពខ្លះអាចព្យាបាលបាន ឬយ៉ាងហោចណាស់ក៏អាចទប់ស្កាត់បានដែរ តែបញ្ហាសុខភាពខ្លះទៀតកាន់តែធ្ងន់ធ្ងរទៅ រហូតដល់អាចស្លាប់ទៀតផង។
ប្អូនៗយុវវ័យជាច្រើនកំពុងប្រឈមមុខនឹងបញ្ហាសុខភាពទាំងនេះ។ ក្នុងអត្ថបទនេះ មានបទពិសោធន៍របស់យុវវ័យបួននាក់ដែលមានបញ្ហាសុខភាពបែបនេះ។ បើប្អូនកំពុងរងទុក្ខដោយសារជំងឺណាមួយ ប្អូនអាចទទួលការលើកទឹកចិត្តពីពាក្យសម្ដីរបស់ពួកគេ។
កេណាអែល
អ្វីដែលពិបាកបំផុតសម្រាប់ខ្ញុំ គឺខ្ញុំត្រូវទទួលស្គាល់កម្រិតរបស់ខ្លួន។ ខ្ញុំចង់ធ្វើអ្វីៗជាច្រើន តែខ្ញុំមិនអាចធ្វើបានទេ ដោយសាររាល់ថ្ងៃសភាពជំងឺខ្ញុំចេះតែប្រែប្រួល។
ខ្ញុំមានជំងឺប្រព័ន្ធប្រសាទសាច់ដុំ ដែលរារាំងខួរក្បាលមិនឲ្យបញ្ជូនព័ត៌មានត្រឹមត្រូវទៅដល់រូបកាយ។ ជួនកាល ផ្នែកផ្សេងៗនៃរូបកាយរបស់ខ្ញុំចាប់ពីក្បាលដល់ចុងជើង ស្រាប់តែញ័រយ៉ាងខ្លាំង ឬកម្រើកលែងបានតែម្ដង។ សូម្បីតែកិច្ចការសាមញ្ញមួយចំនួនដូចជា ការកម្រើក ការនិយាយ ការអាន ការសរសេរ និងការយល់ពាក្យសម្ដីរបស់អ្នកឯទៀត ក៏ខ្ញុំពិបាកធ្វើដែរ។ ពេលដែលខ្ញុំពិបាកក្នុងខ្លួនខ្លាំង អ្នកចាស់ទុំពីក្រុមជំនុំបានមកអធិដ្ឋានឲ្យខ្ញុំ។ ពេលពួកគាត់ធ្វើដូច្នេះ ខ្ញុំមានអារម្មណ៍ស្ងប់ជាងមុន។
មិនថាខ្ញុំមានបញ្ហាអ្វីក៏ដោយ ខ្ញុំមានអារម្មណ៍ថាព្រះយេហូវ៉ាតែងតែនៅក្បែរ ហើយគាំទ្រខ្ញុំជានិច្ច។ ខ្ញុំមិនព្រមឲ្យជំងឺរបស់ខ្ញុំ រារាំងខ្ញុំពីការបម្រើព្រះយ៉ាងពេញលេញនោះទេ។ ខ្ញុំចាត់ទុកការជួយអ្នកឯទៀតជាអ្វីដែលសំខាន់បំផុត គឺជួយពួកគេឲ្យរៀនអំពីសេចក្ដីសន្យាក្នុងគម្ពីរដែលថា ឆាប់ៗខាងមុខនេះព្រះយេហូវ៉ានឹងធ្វើឲ្យផែនដីទៅជាសួនឧទ្យាន ជាផែនដីដែលគ្មានការឈឺចាប់និងទុក្ខវេទនា។—ការបើកបង្ហាញ ២១:១-៤
សូមគិតអំពីនេះ: ដូចកេណាអែល តើតាមរបៀបណាប្អូនអាចបង្ហាញចិត្តអាណិតអាសូរចំពោះអ្នកឯទៀត?—កូរិនថូសទី១ ១០:២៤
សាការី
ពេលខ្ញុំមានអាយុ១៦ឆ្នាំ គ្រូពេទ្យបានពិនិត្យឃើញថាខ្ញុំមានជំងឺមហារីកខួរក្បាលមួយប្រភេទដ៏កាចសាហាវ។ គ្រូពេទ្យបានប្រាប់ខ្ញុំថា ខ្ញុំអាចរស់បានតែ៨ខែទៀតប៉ុណ្ណោះ។ តាំងពីពេលនោះមក ខ្ញុំព្យាយាមតស៊ូដើម្បីរស់។
ព្រោះតែមានដុំសាច់ច្រើនកន្លែង ធ្វើឲ្យចំហៀងខ្លួនខាងស្ដាំរបស់ខ្ញុំកម្រើកមិនបាន។ ខ្ញុំមិនអាចធ្វើសកម្មភាពបានទេ ដូច្នេះតែងតែមានអ្នកណាម្នាក់នៅផ្ទះដើម្បីជួយខ្ញុំ។
ការលូតលាស់នៃជំងឺនេះ បានធ្វើឲ្យខ្ញុំនិយាយមិនច្បាស់។ ពីមុនខ្ញុំធ្លាប់តែជាមនុស្សស្វាហាប់ណាស់ ខ្ញុំចូលចិត្តលេងបាល់បោះ បាល់ទះ និងជិះស្គីលើទឹក។ ក្នុងនាមជាសាក្សីព្រះយេហូវ៉ា ខ្ញុំតែងតែចូលរួមយ៉ាងសកម្មក្នុងកិច្ចបម្រើជាគ្រិស្តសាសនិក។ ប៉ុន្តែឥឡូវ ខ្ញុំបាត់បង់សមត្ថភាពធ្វើអ្វីដែលខ្ញុំស្រឡាញ់ចូលចិត្ត ខ្ញុំគិតថាមនុស្សភាគច្រើនមិនអាចយល់អារម្មណ៍នេះទេ។
ខ្ញុំបានទទួលការលើកទឹកចិត្តពីខគម្ពីរនៅអេសាយ ៥៧:១៧ ពីព្រោះខនេះពង្រឹងទំនុកចិត្តខ្ញុំថា ព្រះយេហូវ៉ានៅក្បែរពួកអ្នកដែលមាន«ចិត្តសង្រេង» ហើយលោករមែងគិតអំពីខ្ញុំ។ បន្ថែមទៀត នៅអេសាយ ៣៥:៦ រៀបរាប់អំពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថា ខ្ញុំនឹងអាចដើរម្ដងទៀត ហើយបម្រើលោកដោយមានសុខភាពល្អឥតខ្ចោះ។
ទោះជាពេលខ្លះជំងឺរបស់ខ្ញុំធ្វើទុក្ខខ្លាំងក៏ដោយ ខ្ញុំជឿជាក់ថាព្រះយេហូវ៉ាជួយគាំទ្រខ្ញុំ។ ពេលដែលខ្ញុំធ្លាក់ទឹកចិត្ត ឬមានអារម្មណ៍ភ័យខ្លាចស្លាប់ ខ្ញុំអធិដ្ឋានទៅលោកគ្រប់ពេលវេលា។ គ្មានអ្វីអាចធ្វើឲ្យខ្ញុំឃ្លាតចេញពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាឡើយ។—រ៉ូម ៨:៣៩
សាការីបានស្លាប់នៅអាយុ១៨ឆ្នាំ ពីរខែក្រោយពីគាត់បានផ្ដល់បទសម្ភាសន៍នេះ។ រហូតដល់ដង្ហើមចុងក្រោយ សាការីមានជំនឿយ៉ាងមុតមាំទៅលើសេចក្ដីសន្យារបស់ព្រះស្ដីអំពីការប្រោសឲ្យរស់ឡើងវិញនៅផែនដីជាសួនឧទ្យាន។
សូមគិតអំពីនេះ: ដូចសាការី តើសេចក្ដីអធិដ្ឋានអាចជួយប្អូនយ៉ាងណាឲ្យរក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់?
អាណាអ៊ីស
ពេលខ្ញុំកើតបានពីរបីថ្ងៃ ខ្ញុំមានជំងឺហូរឈាមក្នុងខួរក្បាល ដែលធ្វើឲ្យរូបកាយទាំងមូលរបស់ខ្ញុំពិបាកធ្វើសកម្មភាពផ្សេងៗ ជាពិសេសជើងរបស់ខ្ញុំ។
ខ្ញុំអាចដើរជិតៗដោយប្រើឈើច្រត់ តែធម្មតាពេលទៅណាមកណាខ្ញុំប្រើកៅអីរុញ។ ខ្ញុំក៏មានបញ្ហាសាច់ដុំកន្ត្រាក់ដែរ បញ្ហានេះធ្វើឲ្យខ្ញុំពិបាកធ្វើកិច្ចការផ្សេងៗ ដូចជាការសរសេរអក្សរជាដើម។
ក្រៅពីការតានតឹងចិត្តដោយសារជំងឺរបស់ខ្ញុំ ការព្យាបាលក៏ធ្វើឲ្យខ្ញុំពិបាកដែរ។ តាំងពីក្មេងមក ខ្ញុំទទួលការព្យាបាលដោយធ្វើចលនាជាច្រើនដងក្នុងមួយសប្ដាហ៍។ ពេលខ្ញុំមានអាយុប្រាំឆ្នាំ ខ្ញុំបានទទួលការវះកាត់ធំជាលើកទី១ ហើយក្រោយមកខ្ញុំទទួលការវះកាត់អស់បីដងទៀត។ ការវះកាត់ពីរដងចុងក្រោយពិបាកណាស់ ព្រោះខ្ញុំត្រូវនៅឆ្ងាយពីផ្ទះអស់បីខែ រហូតដល់ខ្ញុំបានធូរស្រាល។
ក្រុមគ្រួសាររបស់ខ្ញុំបានជួយខ្ញុំច្រើនណាស់។ យើងសើចជាមួយគ្នា នេះពិតជាជួយខ្ញុំមែនពេលដែលខ្ញុំធ្លាក់ទឹកចិត្ត។ ម្ដាយ និងបងប្អូនស្រីរបស់ខ្ញុំជួយតែងខ្លួនឲ្យខ្ញុំ ដោយសារខ្ញុំមិនអាចធ្វើដោយខ្លួនឯងបាន។ ខ្ញុំស្ដាយដែលខ្ញុំមិនអាចពាក់ស្បែកជើងកែងបាន។ ប៉ុន្តែ ពេលនៅក្មេង ខ្ញុំធ្លាប់ពាក់បានម្ដង តែមិនមែនពាក់នៅជើងទេ តែពាក់នៅដៃវិញ ហើយយើងទាំងអស់គ្នាផ្ទុះសំណើចយ៉ាងខ្លាំង!
ខ្ញុំផ្ដោតអារម្មណ៍ទៅលើអ្វីដែលខ្ញុំអាចធ្វើបាន ជាជាងផ្ដោតទៅលើអ្វីដែលខ្ញុំមិនអាចធ្វើបាន។ ខ្ញុំចូលចិត្តរៀនភាសាផ្សេងៗ ទោះជាខ្ញុំមិនអាចជិះស្គីឬជិះបន្ទះក្ដារលើទឹកក្ដី ខ្ញុំអាចហែលទឹកបាន។ ក្នុងនាមជាសាក្សីព្រះយេហូវ៉ា ខ្ញុំចូលចិត្តទៅផ្សព្វផ្សាយប្រាប់អ្នកឯទៀតអំពីជំនឿរបស់ខ្ញុំ។ តាមមើលទៅ មនុស្សយកចិត្តទុកដាក់ស្ដាប់ខ្ញុំ ពេលដែលខ្ញុំនិយាយទៅកាន់ពួកគេ។
ឪពុកម្ដាយរបស់ខ្ញុំបានប្រាប់ខ្ញុំតាំងពីតូចថា ស្ថានភាពរបស់ខ្ញុំ គឺបណ្ដោះអាសន្នប៉ុណ្ណោះ។ តាំងពីពេលនោះមក ខ្ញុំបានបណ្ដុះជំនឿលើព្រះយេហូវ៉ានិងលើសេចក្ដីសន្យារបស់លោកដែលថា ទុក្ខវេទនានិងការឈឺចាប់ទាំងអស់នឹងលែងមានទៀត រួមទាំងការឈឺចាប់របស់ខ្ញុំដែរ។ សេចក្ដីសន្យានេះពង្រឹងកម្លាំងខ្ញុំឲ្យបន្តឈានទៅមុខ។—ការបើកបង្ហាញ ២១:៣, ៤
សូមគិតអំពីនេះ: ដូចអាណាអ៊ីសមិនផ្ដោតអារម្មណ៍ទៅលើបញ្ហាសុខភាពរបស់ខ្លួន តើតាមរបៀបណាប្អូនអាចធ្វើដូចគាត់ដែរ?
ជូលីណា
ខ្ញុំមានជំងឺប្រព័ន្ធភាពស៊ាំ (autoimmune) ដែលធ្វើឲ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង ជំងឺនេះមានឥទ្ធិពលទៅលើបេះដូង សួត និងឈាម។ តាមពិតជំងឺនេះបានបង្ខូចតម្រងនោមខ្ញុំរួចហើយ។
ពេលខ្ញុំអាយុ១០ឆ្នាំ គ្រូពេទ្យបានរកឃើញថាខ្ញុំមានជំងឺប្រព័ន្ធភាពស៊ាំ (lupus)។ ជំងឺនេះបណ្ដាលឲ្យខ្ញុំឈឺចុកចាប់ អស់កម្លាំង និងមានអារម្មណ៍ឡើងចុះ។ ពេលខ្លះ ខ្ញុំមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ។
ពេលខ្ញុំអាយុ១៣ឆ្នាំ សាក្សីព្រះយេហូវ៉ាម្នាក់បានមកផ្ទះខ្ញុំ។ គាត់បានអានអេសាយ ៤១:១០ ដែលព្រះយេហូវ៉ាមានប្រសាសន៍ថា៖«កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង...អញនឹងទ្រឯង ដោយដៃស្ដាំដ៏សុចរិតរបស់អញ»។ តាំងពីពេលនោះមក ខ្ញុំចាប់ផ្ដើមរៀនគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា។ អស់ប្រហែល៨ឆ្នាំកន្លងផុតទៅ ខ្ញុំនៅតែបម្រើព្រះយេហូវ៉ាអស់ពីចិត្ត ហើយខ្ញុំតាំងចិត្តមិនឲ្យជំងឺរបស់ខ្ញុំកាន់កាប់លើជីវិតខ្ញុំឡើយ។ ខ្ញុំមានអារម្មណ៍ថាព្រះយេហូវ៉ាឲ្យ«ឫទ្ធានុភាពដែលលើសពីធម្មតា»ដល់ខ្ញុំ ដើម្បីខ្ញុំអាចរក្សាចិត្តគំនិតត្រឹមត្រូវ។—កូរិនថូសទី២ ៤:៧
សូមគិតអំពីនេះ: ដូចជូលីណា តើខគម្ពីរអេសាយ ៤១:១០ ជួយប្អូនឲ្យរក្សាចិត្តគំនិតត្រឹមត្រូវយ៉ាងដូចម្ដេច?