លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​បើ​ខ្ញុំ​ត្រូវ​គេ​បៀតបៀន​កេរ្តិ៍​ខ្មាស?

តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​បើ​ខ្ញុំ​ត្រូវ​គេ​បៀតបៀន​កេរ្តិ៍​ខ្មាស?

 តើ​អ្វី​ទៅ​ជា​ការ​បៀតបៀន​កេរ្តិ៍​ខ្មាស?

 ការ​បៀតបៀន​កេរ្តិ៍​ខ្មាស​គឺ​ជា​ទង្វើ​ណា​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល នេះ​រួម​បញ្ចូល​ការ​លូក​លាន់​ឬ​ការ​ប្រើ​ពាក្យ​សម្ដី​ចំអេស​ចំអាស​ជា​ដើម។ ប៉ុន្តែ ជួន​កាល​យើង​ពិបាក​សម្គាល់​ថា មួយ​ណា​ជា​ការ​លេង​សើច មួយ​ណា​ជា​ការ​ចែ​ចង់ និង​មួយ​ណា​ជា​ការ​បៀតបៀន​កេរ្តិ៍​ខ្មាស។

 តើ​ប្អូន​អាច​ដឹង​យ៉ាង​ណា​ថា​ប្អូន​កំពុង​ត្រូវ​គេ​បៀតបៀន​កេរ្តិ៍​ខ្មាស? ដើម្បី​ដឹង សូម​មើល​ប្រអប់​ សំណួរ​ចម្លើយ​អំពី​ការ​បៀតបៀន​កេរ្តិ៍​ខ្មាស

 ការ​បៀតបៀន​កេរ្តិ៍​ខ្មាស​មិន​ត្រឹម​តែ​មាន​នៅ​សាលា​ទេ តែ​ក្រោយ​រៀន​ចប់​ក៏​អាច​មាន​ដែរ។ ប៉ុន្តែ បើ​ឥឡូវ​នេះ​ប្អូន​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ក្លាហាន​និង​ស្គាល់​ពី​របៀប​ទប់​ទល់​នឹង​អ្នក​ដែល​បៀតបៀន​កេរ្តិ៍​ខ្មាស នោះ​ប្អូន​អាច​ត្រៀម​ខ្លួន​ដើម្បី​យក​ឈ្នះ​ពេល​រឿង​បែប​នេះ​កើត​ឡើង​ម្ដង​ទៀត​នៅ​កន្លែង​ធ្វើ​ការ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្អូន​ក៏​ប្រហែល​ជា​អាច​បញ្ឈប់​អ្នក​ដែល​បៀតបៀន​កេរ្តិ៍​ខ្មាស​ពី​ការ​ធ្វើ​បាប​អ្នក​ឯ​ទៀត​ដែរ!

 ចុះ​បើ​ខ្ញុំ​ត្រូវ​គេ​បៀតបៀន​កេរ្តិ៍​ខ្មាស?

 យើង​ទំនង​ជា​អាច​បញ្ឈប់​ការ​បៀតបៀន​កេរ្តិ៍​ខ្មាស​បាន បើ​យើង​ស្គាល់​ថា​ការ​បៀតបៀន​កេរ្តិ៍​ខ្មាស​គឺ​ជា​អ្វី និង​គួរ​ប្រព្រឹត្ត​បែប​ណា​វិញ! សូម​ពិចារណា​ស្ថានភាព​បី​និង​របៀប​ដែល​ប្អូន​អាច​យក​ឈ្នះ​ក្នុង​ស្ថានភាព​នីមួយ​ៗ។

 ស្ថានភាព​ទី​១:

ប្អូន​តាប៊ីថា​ដែល​មាន​អាយុ​២០​ឆ្នាំ​បាន​រៀប​រាប់​ថា​៖​«​នៅ​កន្លែង​ធ្វើ​ការ ប្រុស​ៗ​ដែល​មាន​វ័យ​ចំណាស់​តែង​តែ​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​ស្រស់​ស្អាត​ណាស់។ ពួក​គេ​និយាយ​ថា​បើ​ពួក​គេ​ក្មេង​ជាង​៣០​ឆ្នាំ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ! ក្នុង​ចំណោម​ពួក​គេ មាន​ប្រុស​ម្នាក់​ថែម​ទាំង​បាន​ដើរ​ពី​ក្រោយ​ខ្ញុំ រួច​ថើប​សក់​ខ្ញុំ​ទៀត​ផង!​»។​

 តាប៊ីថា​អាច​គិត​ថា​៖‹បើ​ខ្ញុំ​ធ្វើ​មិន​ដឹង​មិន​ឮ​ហើយ​សុខ​ចិត្ត​ទ្រាំ ពួក​គេ​នឹង​ឈប់​មិន​ខាន›។

 មូលហេតុ​ដែល​នោះ​ប្រហែល​មិន​មែន​ជា​ជម្រើស​ល្អ​៖ ពួក​អ្នក​ជំនាញ​បាន​ប្រាប់​ថា ពេល​ដែល​ជន​រង​គ្រោះ​ធ្វើ​មិន​ដឹង​មិន​ឮ ជា​ញឹក​ញយ​ការ​បៀតបៀន​នោះ​នឹង​នៅ​តែ​បន្ត ហើយ​កាន់​តែ​ខ្លាំង​ទៀត​ផង។

 សូម​សាក​ធ្វើ​តាម​យោបល់​នេះ​៖ និយាយ​យ៉ាង​ម៉ឺង​ម៉ាត់​និង​ច្បាស់​ៗ​ទៅ​កាន់​អ្នក​បៀតបៀន​កេរ្តិ៍​ខ្មាស​ថា​ប្អូន​មិន​ចូល​ចិត្ត​ពាក្យ​សម្ដី​ឬ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ទេ។ ប្អូន​ស្រី​ថេរិន​ដែល​មាន​អាយុ​២២​ឆ្នាំ​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​មើល​មុខ​គាត់​ហើយ​ប្រាប់​គាត់​ថា‹កុំ​ប៉ះ​ខ្ញុំ​ទៀត​ឲ្យ​សោះ!›។ ធម្មតា​ពេល​ដែល​ឮ​បែប​នោះ​អ្នក​បៀតបៀន​កេរ្តិ៍​ខ្មាស​នឹង​ខ្លាច​»។ បើ​គាត់​មិន​បញ្ឈប់​ទង្វើ​នោះ​ទេ សូម​និយាយ​យ៉ាង​ម៉ឺង​ម៉ាត់​ម្ដង​ទៀត។ ស្ដី​អំពី​ការ​រក្សា​ខ្នាត​តម្រា​សីលធម៌​ខ្ពង់​ខ្ពស់ គម្ពីរ​ឲ្យ​យោបល់​ថា​៖​«​ចូរ​កាន់​ជំហរ​មាំ​មួន មាន​គំនិត​ចាស់​ទុំ និង​មាន​ទំនុក​ចិត្ត​»។​—កូឡុស ៤:​១២, The New Testament in Contemporary Language

 ចុះ​បើ​អ្នក​ដែល​បៀតបៀន​កេរ្តិ៍​ខ្មាស​គំរាម​ធ្វើ​បាប​ប្អូន? ក្នុង​ករណី​នេះ កុំ​បន្ត​និយាយ​ជា​មួយ​គាត់ តែ​សូម​ចេញ​ពី​ស្ថានភាព​នោះ​ឲ្យ​បាន​លឿន​បំផុត ហើយ​សុំ​ជំនួយ​ពី​មនុស្ស​ពេញ​វ័យ​ណា​ម្នាក់​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។

 ស្ថានភាព​ទី​២:

ប្អូន​វិចតូរៀ​ដែល​មាន​អាយុ​១៨​ឆ្នាំ​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​រៀន​ថ្នាក់​ទី​៦ ក្មេង​ស្រី​ពីរ​នាក់​បាន​យក​ខ្ញុំ​ទៅ​សាល​មួយ មាន​ម្នាក់​ស្រឡាញ់​ស្រី​ដូច​គ្នា ហើយ​នាង​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ជា​សង្សារ​របស់​នាង។ ទោះ​ជា​ខ្ញុំ​បដិសេធ​ក៏​ដោយ ពួក​គេ​តែង​តែ​ធ្វើ​បាប​ខ្ញុំ​រាល់​ថ្ងៃ។ នៅ​ពេល​មួយ ពួក​គេ​ថែម​ទាំង​រុញ​ខ្ញុំ​ខ្ទប់​នឹង​ជញ្ជាំង​ទៀត​ផង!​»។​

 វិចតូរៀ​អាច​គិត​ថា​៖‹បើ​ខ្ញុំ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​រឿង​នោះ ប្រហែល​គេ​អាច​គិត​ថា​ខ្ញុំ​ទន់​ខ្សោយ ហើយ​ប្រហែល​ជា​គ្មាន​អ្នក​ណា​ជួយ​ខ្ញុំ​ទេ›។

 មូលហេតុ​ដែល​នោះ​ប្រហែល​មិន​មែន​ជា​ជម្រើស​ល្អ​៖ បើ​ប្អូន​មិន​ប្រាប់​អ្នក​ឯ​ទៀត​អំពី​រឿង​នោះ​ទេ អ្នក​ដែល​ធ្វើ​បាប​ប្អូន​ប្រហែល​ជា​នឹង​បន្ត​ធ្វើ​ដូច្នោះ ហើយ​ពួក​គេ​អាច​នឹង​ទៅ​ធ្វើ​បាប​អ្នក​ឯ​ទៀត​ដែរ។​—អ្នក​ទូន្មាន ៨:១១

 សូម​សាក​ធ្វើ​តាម​យោបល់​នេះ​៖ ស្វែង​រក​ជំនួយ។ ឪពុក​ម្ដាយ​និង​គ្រូ​អាច​ជួយ​ប្អូន​និង​ផ្ដល់​ការ​គាំទ្រ​ដែល​ប្អូន​ត្រូវ​ការ​ដើម្បី​ទប់​ទល់​នឹង​ពួក​អ្នក​ដែល​ធ្វើ​បាប​ប្អូន។ ប៉ុន្តែ ចុះ​បើ​ប្អូន​ប្រាប់​ហើយ តែ​ពួក​គាត់​មិន​ជឿ​ប្អូន​វិញ? សូម​សាក​ធ្វើ​តាម​វិធី​នេះ​៖ រាល់​ដង​ដែល​មាន​គេ​ធ្វើ​បាប​ប្អូន សូម​កត់​ទុក​ព័ត៌មាន​ផ្សេង​ៗ ដូច​ជា​ថ្ងៃ​ខែ ពេល​វេលា​និង​ទី​តាំង​ដែល​គេ​ធ្វើ​បាប​ប្អូន រួម​ទាំង​ពាក្យ​សម្ដី​របស់​ពួក​គេ​ដែរ។ រួច​មក​បង្ហាញ​ព័ត៌មាន​ក្នុង​ក្រដាស​នោះ​ដល់​ឪពុក​ម្ដាយ​ឬ​គ្រូ​បង្រៀន។ ធម្មតា​ពេល​គេ​ឃើញ​ព័ត៌មាន​ល្អិត​ល្អន់ នោះ​គេ​ច្រើន​តែ​ជឿ​ជាង​ពាក្យ​សម្ដី​ដែល​ប្អូន​និយាយ។

 ស្ថានភាព​ទី​៣:

ប្អូន​ជូលីតឺ​អាយុ​១៨​ឆ្នាំ​បាន​រៀប​រាប់​ថា​៖​«​មាន​ក្មេង​ប្រុស​ម្នាក់​ដែល​ខ្ញុំ​ពិត​ជា​ខ្លាច​ណាស់ គាត់​នៅ​ក្នុង​ក្រុម​កីឡា​បាល់​ឱប។ គាត់​មាន​កម្ពស់​ជិត​២​ម៉ែត្រ ហើយ​មាន​ទម្ងន់​ប្រហែល​១៣៥​គីឡូ! គាត់​តែង​តែ​គិត​ថា​គាត់​នឹង‹រួម​ភេទ​ជា​មួយ​ខ្ញុំ›។ ពេញ​មួយ​ឆ្នាំ គាត់​តែង​តែ​មក​រំខាន​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ។​ ថ្ងៃ​មួយ នៅ​ក្នុង​ថ្នាក់​មាន​តែ​យើង​ពីរ​នាក់​ប៉ុណ្ណោះ ហើយ​គាត់​ចាប់​ផ្ដើម​ដើរ​មក​ជិត​ខ្ញុំ ពេល​នោះ​ខ្ញុំ​បាន​ស្ទុះ​គេច​ពី​គាត់ រួច​រត់​ចេញ​ទៅ​តាម​ទ្វារ​»។​

 ជូលីតឺ​អាច​គិត​ថា​៖‹ប្រុស​ៗ​តែង​តែ​ប្រព្រឹត្ត​បែប​នោះ›។

 មូលហេតុ​ដែល​នោះ​ប្រហែល​មិន​មែន​ជា​ជម្រើស​ល្អ​៖ អ្នក​ដែល​បៀតបៀន​កេរ្តិ៍​ខ្មាស​ទំនង​ជា​មិន​ផ្លាស់​ប្ដូរ​ការ​ប្រព្រឹត្ត​ទេ បើ​មនុស្ស​គ្រប់​គ្នា​គិត​ថា​ការ​ប្រព្រឹត្ត​នោះ​ជា​រឿង​ធម្មតា។

 សូម​សាក​ធ្វើ​តាម​យោបល់​នេះ​៖ សូម​កុំ​សើច​ឬ​ញញឹម​ដាក់​បុគ្គល​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ សូម​បង្ហាញ​ឲ្យ​គាត់​ឃើញ​ប្រតិកម្ម​របស់​ប្អូន រួម​បញ្ចូល​ទឹក​មុខ​របស់​ប្អូន​ផង​ដែរ។​ សូម​បង្ហាញ​ឲ្យ​គាត់​ឃើញ​ច្បាស់​ថា ប្អូន​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​នោះ​ទេ ហើយ​ថា​ប្អូន​នឹង​ចាត់​វិធានការ​បែប​ណា។

 តើ​ខ្ញុំ​នឹង​ធ្វើ​យ៉ាង​ណា?

 បទ​ពិសោធន៍​ពិត​ទី​១:

ប្អូន​តាប៊ីថា​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​មិន​ចង់​ឲ្យ​មនុស្ស​គិត​ថា​ខ្ញុំ​ឈ្លើយ​ដាក់​ពួក​គេ​ទេ។ ដូច្នេះ សូម្បី​តែ​ពេល​បុគ្គល​ណា​ម្នាក់​លូក​លាន់​ខ្ញុំ ខ្ញុំ​ប្រាប់​ពួក​គេ​ឲ្យ​ឈប់​មែន​ តែ​មិន​មែន​ដោយ​ម៉ឺង​ម៉ាត់​ទេ ហើយ​ខ្ញុំ​ច្រើន​តែ​និយាយ​ទាំង​ញញឹម​ទៅ​ពួក​គេ​វិញ។ ម្ល៉ោះ​ហើយ គេ​គិត​ថា​ខ្ញុំ​កំពុង​ញ៉ែ​គេ​»។

  •   បើ​ប្អូន​ជា​តាប៊ីថា តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​បុគ្គល​នោះ? ហើយ​ហេតុ​អ្វី?

  •   តើ​អ្វី​ប្រហែល​ជា​ធ្វើ​ឲ្យ​បុគ្គល​ដែល​បៀតបៀន​កេរ្ដិ៍​ខ្មាស​គិត​ថា​ប្អូន​កំពុង​តែ​ចែ​ចង់​គាត់?

 បទ​ពិសោធន៍​ពិត​ទី​២:

ប្អូន​សាប៊ីណា​បាន​រៀប​រាប់​ថា​៖​«​ក្មេង​ប្រុស​ៗ​នៅ​ក្នុង​ថ្នាក់​កីឡា​ខ្ញុំ បាន​និយាយ​ពាក្យ​មិន​សមរម្យ​មក​កាន់​ខ្ញុំ។ អស់​ប៉ុន្មាន​សប្ដាហ៍​ខ្ញុំ​ធ្វើ​មិន​ដឹង​មិន​ឮ​អ្វី​ដែល​ពួក​គេ​និយាយ តែ​រឿង​កាន់​តែ​អាក្រក់​ទៅ​ៗ។ បន្ទាប់​មក មាន​ប្រុស​ៗ​ខ្លះ​ចាប់​ផ្ដើម​អង្គុយ​ក្បែរ​ខ្ញុំ ហើយ​កៀក​ក​ខ្ញុំ។ ខ្ញុំ​បាន​រុញ​ពួក​គេ​ចេញ តែ​ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​ដដែល។ ថ្ងៃ​មួយ ក្មេង​ប្រុស​ម្នាក់​បាន​ឲ្យ​ក្រដាស​មួយ​ដល់​ខ្ញុំ​ដែល​មាន​ពាក្យ​អសុរោះ​ជា​ច្រើន។ ខ្ញុំ​បាន​យក​ក្រដាស​នោះ​ឲ្យ​គ្រូ ក្រោយ​មក​ក្មេង​ប្រុស​នោះ​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​សាលា​អស់​មួយ​រយៈ។ ខ្ញុំ​ទទួល​ស្គាល់​ថា ខ្ញុំ​គួរ​តែ​ប្រាប់​គ្រូ​អំពី​រឿង​នោះ​តាំង​ពី​ដំបូង!​»។

  •   តើ​ប្អូន​គិត​យ៉ាង​ណា ហេតុ​អ្វី​សាប៊ីណា​មិន​ប្រាប់​គ្រូ​តាំង​ពី​ដំបូង? តើ​ប្អូន​គិត​ថា​ការ​សម្រេច​ចិត្ត​របស់​នាង​ត្រឹម​ត្រូវ​ទេ? ហើយ​ហេតុ​អ្វី?

 បទ​ពិសោធន៍​ពិត​ទី​៣:

ប្អូន​ស៊ូហ្សាន​បាន​រៀប​រាប់​ថា​៖​«​មាន​ក្មេង​ប្រុស​ម្នាក់​បាន​មក​ជួប​គ្រេក​ប្អូន​ប្រុស​របស់​ខ្ញុំ​នៅ​បន្ទប់​ទឹក។ ក្មេង​ប្រុស​នោះ​បាន​ដើរ​មក​ជិត​ប្អូន​ខ្ញុំ ហើយ​ប្រាប់​ថា‹ថើប​ខ្ញុំ​មក›។ តែ​ប្អូន​ខ្ញុំ​បាន​បដិសេធ​មិន​ធ្វើ​តាម​គាត់​ទេ។ ទោះ​ជា​អ៊ីចឹង​ក៏​ដោយ គាត់​មិន​ព្រម​ចេញ​ឡើយ។ ដូច្នេះ ប្អូន​ប្រុស​ខ្ញុំ​ត្រូវ​ច្រាន​គាត់​ចេញ។

  •   តើ​ប្អូន​គិត​ថា​គ្រេក​បាន​ត្រូវ​គេ​បៀតបៀន​កេរ្តិ៍​ខ្មាស​ឬ​ទេ? ហេតុ​អ្វី​គិត​ដូច្នេះ?

  •   ហេតុ​អ្វី​ប្អូន​គិត​ថា​ក្មេង​ប្រុស​ខ្លះ​មិន​ហ៊ាន​និយាយ​ប្រាប់​គេ ពេល​ដែល​ក្មេង​ប្រុស​ឯ​ទៀត​បៀតបៀន​កេរ្តិ៍​ខ្មាស​គាត់?

  •   តើ​ប្អូន​គិត​យ៉ាង​ណា អ្វី​ដែល​គ្រេក​ធ្វើ​ត្រឹម​ត្រូវ​ឬ​ទេ? បើ​ប្អូន​ជា​គាត់​វិញ តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

ដើម្បី​ស្វែង​យល់​ថែម​ទៀត សូម​មើល​សៀវភៅ​សំណួរ​យុវវ័យ​ចង់​ដឹង និង​ចម្លើយ​ដែល​ស្រាយ​ចម្ងល់ ក្បាល​ទី​១ ជំពូក​ទី​៣២ ដែល​មាន​ចំណង​ជើង​ថា​«តើ​ខ្ញុំ​អាច​ការ​ពារ​ខ្លួន​ពី​មនុស្ស​ដែល​បៀតបៀន​ផ្លូវ​ភេទ​ដោយ​របៀប​ណា?»។