លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

មិត្តភាពឬស្នេហា? ភាគទី១៖ តើគាត់ធ្វើបែបនេះមានន័យយ៉ាងណា?

មិត្តភាពឬស្នេហា? ភាគទី១៖ តើគាត់ធ្វើបែបនេះមានន័យយ៉ាងណា?

 ប្អូន​ពិត​ជា​ចូល​ចិត្ត​គាត់​ខ្លាំង​ណាស់ ហើយ​ប្អូន​ទទួល​អារម្មណ៍​ថា​គាត់​ក៏​ចូល​ចិត្ត​ប្អូន​វិញ​ដែរ។ ហេតុ​អ្វី? ព្រោះ​ប្អូន​និង​គាត់​តែង​តែ​ផ្ញើ​សារ​គ្នា ឧស្សាហ៍​ទៅ​ណា​មក​ណា​ជា​មួយ​គ្នា ជា​ពិសេស​ពេល​មាន​ជប់​លៀង . . . ហើយ​ជួន​កាល​ប្អូន​ទទួល​សារ​ចែ​ចង់​ឬ​ឡែបខាយ​ពី​គាត់។

 ដូច្នេះ ប្អូន​ក៏​សម្រេច​ចិត្ត​សួរ​គាត់​ថា​យើង​ត្រូវ​ជា​អ្វី​នឹង​គ្នា ព្រោះ​ប្អូន​ចង់​ដឹង​ប្រាកដ​ថា​គាត់​មាន​អារម្មណ៍​ដូច​ប្អូន​ឬ​អត់។ ប៉ុន្តែ គាត់​ឆ្លើយ​ថា​៖​«​យើង​ទាំង​ពីរ​គ្រាន់​តែ​ជា​មិត្ត​ភក្តិ​ប៉ុណ្ណោះ គ្មាន​អ្វី​លើស​ពី​នេះ​ទេ​»។

 អារម្មណ៍​ដែល​ប្អូន​អាច​មាន

 ប្អូន​ចាស្មីន​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ខឹង​គាត់​ខ្លាំង​ណាស់ ហើយ​ក៏​ខឹង​នឹង​ខ្លួន​ឯង​ដែរ! ព្រោះ​រាល់​ថ្ងៃ​យើង​ផ្ញើ​សារ​ដល់​គ្នា ហើយ​គាត់​ក៏​បង្ហាញ​ចំណាប់​អារម្មណ៍​មក​លើ​ខ្ញុំ​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​មាន​ចិត្ត​ទៅ​លើ​គាត់​»។

 ប្អូន​រីឆឺដ​បាន​រៀប​រាប់​ថា​៖​«​ពេល​មិត្ត​ខ្ញុំ​ដើរ​លេង​ជា​មួយ​សង្សារ​គាត់ គាត់​តែង​ហៅ​ខ្ញុំ​ទៅ​ជា​មួយ ហើយ​សង្សារ​គាត់​ក៏​ហៅ​មិត្ត​ភក្ដិ​ទៅ​ជា​មួយ​ដែរ។ ដូច្នេះ ខ្ញុំ​និង​នារី​នោះ​មើល​ទៅ​ហាក់​ដូច​ជា​គូ​សង្សារ​ដែរ។ ខ្ញុំ​និង​នាង​ឧស្សាហ៍​និយាយ​គ្នា​លេង ហើយ​ផ្ញើ​សារ​គ្នា​ជា​រឿយ​ៗ។ ប៉ុន្តែ ពេល​នាង​ប្រាប់​ខ្ញុំ​ថា​នាង​ចាត់​ទុក​ខ្ញុំ​ជា​មិត្ត​ប៉ុណ្ណោះ ខ្ញុំ​ពិបាក​ទទួល​យក​ណាស់។ ហើយ​ខ្ញុំ​កាន់​តែ​ឈឺ​ចិត្ត​ពេល​ដែល​ដឹង​ថា​តាម​ពិត​នាង​មាន​សង្សារ​រួច​ទៅ​ហើយ​»។

 ប្អូន​ថាម៉ារ៉ា​បាន​រៀប​រាប់​ថា​៖​«​ប្រុស​ម្នាក់​បាន​ផ្ញើ​សារ​ខ្ញុំ​រាល់​ថ្ងៃ ហើយ​ជួន​កាល​យើង​ក៏​និយាយ​សាសង​គ្នា​ដែរ។ ប៉ុន្តែ ពេល​ខ្ញុំ​ប្រាប់​គាត់​ថា​ខ្ញុំ​មាន​ចិត្ត​លើ​គាត់ គាត់​បែរ​ជា​សើច ហើយ​និយាយ​ថា​៖‹ខ្ញុំ​មិន​ទាន់​ចង់​បាន​សង្សារ​ទេ!›។ ក្រោយ​ពី​ឮ​ដូច្នោះ ខ្ញុំ​ឈឺ​ចាប់​ណាស់ ហើយ​បាន​យំ​អស់​ច្រើន​ថ្ងៃ​»។

 សរុប​សេចក្ដី​៖ ពេល​ប្អូន​គិត​ថា​ប្អូន​មាន​ទំនាក់​ទំនង​ពិសេស​ជា​មួយ​នរណា​ម្នាក់ តែ​ក្រោយ​មក​ទើប​ដឹង​ថា​ប្អូន​ស្រឡាញ់​គេ​តែ​ម្នាក់​ឯង គឺ​ជា​រឿង​ធម្មតា​ទេ​ដែល​ប្អូន​មាន​អារម្មណ៍​ខឹង ខ្មាស​គេ ហើយ​គិត​ថា​គេ​លលេង​អារម្មណ៍​ប្អូន។ ប្អូន​ស្ទីវើន​បាន​រៀប​រាប់​ថា​៖​«​ពេល​ជួប​រឿង​នេះ ខ្ញុំ​ខូច​ចិត្ត ហើយ​ឈឺ​ពើត​ផ្សា​ខ្លាំង​ណាស់។ ដោយ​សារ​រឿង​នោះ ខ្ញុំ​ពិបាក​ទុក​ចិត្ត​អ្នក​ឯ​ទៀត​អស់​មួយ​រយៈ​»។

 មូលហេតុ​ដែល​នេះ​កើត​ឡើង

 បណ្ដាញ​សង្គម​និង​ការ​ផ្ញើ​សារ​ងាយ​ស្រួល​ឲ្យ​ប្អូន​ឆាប់​មាន​ចិត្ត​លើ​បុគ្គល​ណា​ម្នាក់ ទាំង​ដែល​គេ​មិន​ចាប់​អារម្មណ៍​លើ​ប្អូន​ទាល់​តែ​សោះ។ សូម​ពិចារណា​អ្វី​ដែល​ប្អូន​ៗ​វ័យ​ក្មេង​ខ្លះ​បាន​រៀប​រាប់។

 ប្អូន​ជេននីហ្វើ​បាន​រៀប​រាប់​ថា​៖​«​បុគ្គល​ម្នាក់​អាច​ផ្ញើ​សារ​មក​អ្នក​ដើម្បី​កំដរ​អារម្មណ៍​អផ្សុក​របស់​គាត់​ប៉ុណ្ណោះ តែ​អ្នក​អាច​គិត​ថា​នោះ​ជា​ការ​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​អ្នក​ទៅ​វិញ។ បើ​គាត់​ផ្ញើ​សារ​មក​អ្នក​រាល់​ថ្ងៃ អ្នក​អាច​ច្រឡំ​ថា​អ្នក​ជា​មនុស្ស​ពិសេស​សម្រាប់​គាត់​»។

 ប្អូន​ជេម​បាន​រៀប​រាប់​ថា​៖​«​បុគ្គល​ម្នាក់​ប្រហែល​ជា​មាន​ចិត្ត​ទៅ​លើ​បុគ្គល​ម្នាក់​ទៀត​ដោយ​ស្មោះ តែ​បុគ្គល​នោះ​វិញ​គ្មាន​អារម្មណ៍​អ្វី​ទេ គាត់​គ្រាន់​តែ​ត្រូវ​ការ​អ្នក​និយាយ​ជា​មួយ ឬ​ក៏​ត្រូវ​ការ​អ្នក​ដែល​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​គាត់​មាន​អ្នក​ស្រឡាញ់​ចូល​ចិត្ត​ច្រើន​ប៉ុណ្ណោះ​»។

 ប្អូន​ហេលី​បាន​រៀប​រាប់​ថា​៖​«​ការ​ផ្ញើ​សារ​សាមញ្ញ​ដូច​ជា‹សូម​គេង​លក់​ស្រួល› អ្នក​អាន​អាច​ទទួល​អារម្មណ៍​បែប​ផ្អែម​ល្ហែម តែ​តាម​ពិត​អ្នក​ផ្ញើ​ពាក្យ​នោះ បាន​ផ្ញើ​ទៅ​ក្នុង​អារម្មណ៍​ធម្មតា​ប៉ុណ្ណោះ​»។

 ប្អូន​អាលីស្យា​បាន​រៀប​រាប់​ថា​៖​«​រូប​មុខ​ញញឹម​អឹមអៀន អាច​មាន​ន័យ​ពីរ គឺ​ចង់​មាន​ន័យ​ថា‹ខ្ញុំ​អត់​អី​ទេ› ឬ‹ខ្ញុំ​កំពុង​ញ៉ែ›។ ជួន​កាល បុគ្គល​ដែល​បាន​ទទួល​សារ សន្និដ្ឋាន​ថា​អ្នក​ដែល​ផ្ញើ​កំពុង​ចែ​ចង់​គាត់​»។

 សរុប​សេចក្ដី​៖ សូម​កុំ​ច្រឡំ​ថា​ទង្វើ​នោះ​ជា​ស្នេហា​ឡើយ។

 ស្រួល​និយាយ​តែ​ពិបាក​ធ្វើ មែន​ទេ? មែន! គម្ពីរ​ចែង​ថា​៖​«​ឯ​ចិត្ត គឺ​ពូកែ​បញ្ឆោត​លើស​អ្វី​ៗ​ទាំង​អស់ ហើយ​ក៏​អាក្រក់​ក្រៃ​លែង​»។ (​យេរេមា ១៧:៩​) ចិត្ត​ប្អូន​អាច​ធ្វើ​ឲ្យ​ប្អូន​ស្រមើ​ស្រមៃ​ថា​នោះ​ជា​ស្នេហា តែ​តាម​ពិត​នោះ​ប្រៀប​ដូច​ជា​ប្អូន​សង់​វិមាន​ស្នេហ៍​ពី​ដី​ខ្សាច់​ដែល​ងាយ​រលាយ​ខូច​អស់។

 អ្វី​ដែល​ប្អូន​អាច​ធ្វើ

  •   សូម​ចេះ​ថ្លឹង​ថ្លែង។ សូម​ផ្អាក​សិន​ហើយ​គិត​ពិចារណា​អំពី​ទំនាក់​ទំនង​នោះ។ សូម​សួរ​ខ្លួន​ថា‹តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ឲ្យ​ខ្ញុំ​គិត​ថា​បុគ្គល​នេះ​ប្រព្រឹត្ត​មក​លើ​ខ្ញុំ​ខុស​ពី​អ្នក​ឯ​ទៀត?›។ សូម​កុំ​ឲ្យ​ចិត្ត​ប្អូន​មាន​ឥទ្ធិពល​ខ្លាំង​ពេក​មក​លើ​«​សមត្ថភាព​រិះ​គិត​»​របស់​ប្អូន។—រ៉ូម ១២:១

  •   សូម​គិត​ពិចារណា។ ជា​ជាង​គិត​ពី​ទង្វើ​ផ្សេង​ៗ​ដែល​ប្អូន​គិត​ថា​គាត់​មាន​ចិត្ត​លើ​ប្អូន សូម​គិត​អំពី​ទង្វើ​ឯ​ទៀត​ដែល​ធ្វើ​ឲ្យ​ប្អូន​សង្ស័យ​ថា​គាត់​មិន​មាន​ចិត្ត​លើ​ប្អូន​វិញ។ កុំ​សន្និដ្ឋាន​ថា​គាត់​មាន​ចិត្ត​មក​លើ​ប្អូន ដោយ​សារ​តែ​ប្អូន​មាន​ចិត្ត​ទៅ​លើ​គាត់​ឡើយ។

  •   សូម​អត់​ធ្មត់។ សូម​រង់​ចាំ​រហូត​ដល់​គាត់​សារភាព​ត្រង់​ៗ​ថា​គាត់​មាន​ចិត្ត​លើ​ប្អូន។ សូម​កុំ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ខក​ចិត្ត បើ​គាត់​គ្មាន​ចិត្ត​លើ​ប្អូន​ទេ។

  •   សូម​ស្មោះ​ត្រង់។ គម្ពីរ​ប្រាប់​ថា​«​មាន​ពេល​និយាយ​»។ (​អ្នក​ទូន្មាន ៣:៧​) បើ​ប្អូន​ចង់​ដឹង​ថា​បុគ្គល​នោះ​ចាត់​ទុក​ប្អូន​លើស​ពី​មិត្ត​ឬ​យ៉ាង​ណា សូម​និយាយ​ជា​មួយ​គាត់។ ប្អូន​ស្រី​វ៉ាឡឺរី​បាន​រៀប​រាប់​ថា​៖​«​បើ​គាត់​មិន​មាន​ចិត្ត​លើ​យើង​ទេ ស៊ូ​ឈឺ​ចិត្ត​នៅ​ឥឡូវ​នេះ ជា​ជាង​បន្ត​មាន​ចិត្ត​លើ​គាត់​អស់​រាប់​ខែ ក្រោយ​មក​ឈឺ​ចិត្ត​ខ្លាំង​ជាង​ពេល​ដឹង​ថា​គាត់​មិន​បាន​ចាប់​អារម្មណ៍​យើង​ទេ​»។

 សរុប​សេចក្ដី​៖ សុភាសិត ៤:២៣​ប្រាប់​ថា​៖​«​ចូរ​ការ​ពារ​ចិត្ត​របស់​កូន​»។ បើ​ប្អូន​មាន​ចិត្ត​លើ​នរណា​ម្នាក់ សូម​ស្វែង​យល់​ថា​តើ​គាត់​មាន​ចិត្ត​លើ​ប្អូន​វិញ​ឬ​អត់។ ការ​បណ្ដោយ​ឲ្យ​អារម្មណ៍​ស្រឡាញ់​មាន​កាន់​តែ​ខ្លាំង​ឡើង​មុន​ដឹង​ការ​ពិត គឺ​ប្រៀប​ដូច​ជា​ការ​ព្យាយាម​ដាំ​ដើម​ឈើ​លើ​ផ្ទាំង​ថ្ម។

 បើ​ប្អូន​ដឹង​ថា​បុគ្គល​នោះ​មាន​ចិត្ត​លើ​ប្អូន​ដែរ ហើយ​បើ​ប្អូន​ពេញ​វ័យ​ល្មម​ដើម្បី​ទាក់​ទង​គ្នា នោះ​ប្អូន​អាច​សម្រេច​ថា​ប្អូន​ចង់​បន្ត​ទំនាក់​ទំនង​នោះ​ឬ​យ៉ាង​ណា។ សូម​ចាំ​ថា អាពាហ៍ពិពាហ៍​ដ៏​រឹង​មាំ​គឺ​ប្ដី​និង​ប្រពន្ធ​មាន​គោល​ដៅ​ដូច​គ្នា​ក្នុង​កិច្ច​បម្រើ​ព្រះ ហើយ​ទៀង​ត្រង់​និង​ស្មោះ​ត្រង់​ចំពោះ​គ្នា។ (​កូរិនថូស​ទី​១ ៧:៣៩​) តាម​ពិត ពួក​គេ​ផ្ដើម​ចេញ​ពី​មិត្ត​ភក្ដិ​ល្អ ហើយ​ពួក​គេ​បន្ត​ធ្វើ​ជា​មិត្ត​ភក្តិ​ល្អ​រហូត​ត​ទៅ។—សុភាសិត ៥:១៨