លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​រឹង​មាំ​ប៉ុន​ណា?

តើ​ខ្ញុំ​រឹង​មាំ​ប៉ុន​ណា?

 តើ​ប្អូន​រឹង​មាំ​ប៉ុន​ណា? តើ​ប្អូន​ធ្លាប់​រង​ទុក្ខ . . .

  •   ដោយ​សារ​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់​ទេ?

  •   ដោយ​សារ​មាន​ជំងឺ​រ៉ាំរ៉ៃ​ទេ?

  •   ដោយ​សារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ឬ​ទេ?

 ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ប្រាប់​ថា ​មិន​គ្រាន់​តែ​រឿង​ធំ​ៗ​ដូច​នោះ​ទេ​ដែល​ធ្វើ​ឲ្យ​យើង​ទន់​ខ្សោយ សូម្បី​តែ​ការ​តាន​តឹង​ចិត្ត​ដែល​យើង​មាន​ជា​រៀង​រាល់​ថ្ងៃ​ក៏​អាច​ប៉ះ​ពាល់​ដល់​សុខភាព​របស់​យើង​ដែរ។ ហេតុ​នេះ​ហើយ មិន​ថា​យើង​ជួប​បញ្ហា​តូច​ឬ​ធំ​ក្ដី យើង​ចង់​រៀន​ឲ្យ​ចេះ​រឹង​មាំ​ឡើង​វិញ។

 តើ​ការ​រឹង​មាំ​ឡើង​វិញ​សំដៅ​ទៅ​លើ​អ្វី?

 ការ​រឹង​មាំ​ឡើង​វិញ​គឺ​ជា​សមត្ថភាព​មួយ​ដែល​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ពុះ​ពារ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ក្នុង​ជីវិត។ បុគ្គល​រឹង​មាំ​ក៏​ជួប​បញ្ហា​ផ្សេង​ៗ​ដូច​អ្នក​ឯ​ទៀត​ដែរ ប៉ុន្តែ​គាត់​អាច​យក​ឈ្នះ​បញ្ហា​ទាំង​នោះ​បាន ហើយ​បញ្ហា​ទាំង​នោះ​នឹង​ជួយ​គាត់​ឲ្យ​រឹង​មាំ​ថែម​ទៀត។

ពេល​មាន​ខ្យល់​ព្យុះ​ដើម​ឈើ​ទ្រេត តែ​វា​អាច​ត្រង់​ឡើង​វិញ​បាន​ពេល​ខ្យល់​ទាំង​នោះ​បក់​ផុត​ទៅ ស្រដៀង​គ្នា​ដែរ​របួស​ផ្លូវ​ចិត្ត​របស់​ប្អូន​ក៏​អាច​ជា​សះ​ស្បើយ​ដែរ​ក្រោយ​ពី​ជួប​ស្ថានភាព​ពិបាក

 ហេតុ​អ្វី​ប្អូន​ត្រូវ​រឹង​មាំ​ឡើង​វិញ?

  •   ពីព្រោះ​មនុស្ស​គ្រប់​រូប​មាន​បញ្ហា។ គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ដែល​រត់​លឿន​មិន​តែង​តែ​ឈ្នះ​ក្នុង​ការ​ប្រណាំង​ទេ . . . ចំណែក​អស់​អ្នក​ដែល​មាន​ចំណេះ​ក៏​មិន​បាន​ជោគ​ជ័យ​គ្រប់​ពេល​ដែរ ពីព្រោះ​មនុស្ស​ទាំង​អស់​អាច​ជួប​ហេតុ​ការណ៍​ដែល​មិន​បាន​រំពឹង​ទុក នៅ​ពេល​ដែល​ពួក​គេ​មិន​នឹក​ស្មាន​ដល់​»។ (​អ្នក​ទូន្មាន ៩:១១​) តើ​ខ​នេះ​មាន​ន័យ​យ៉ាង​ណា? ខ​នេះ​ចង់​បញ្ជាក់​ថា​សូម្បី​តែ​មនុស្ស​ល្អ​ក៏​រង​ទុក្ខ​ដែរ ទោះ​ជា​ពួក​គេ​មិន​បាន​ធ្វើ​ខុស​ក្ដី។

  •   ពីព្រោះ​ភាព​រឹង​មាំ​អាច​ការ​ពារ​ប្អូន។ គ្រូ​ម្នាក់​នៅ​វិទ្យាល័យ​មួយ​បាន​ប្រាប់​ថា​៖​«​ថ្មី​ៗ​នេះ សិស្ស​ជា​ច្រើន​បាន​មក​ជួប​ខ្ញុំ​ទាំង​អាក់​អន់​ចិត្ត​ដោយ​សារ​ពួក​គេ​បាន​ចំណាត់​ថ្នាក់​ទាប ឬ​ឈឺ​ចិត្ត​ដោយ​សារ​មាន​គេ​និយាយ​មិន​ល្អ​អំពី​ខ្លួន​តាម​បណ្ដាញ​សង្គម​»។ គាត់​បន្ថែម​ថា​ទោះ​ជា​រឿង​នោះ​មើល​ទៅ​តូច​តាច​ក្ដី ប៉ុន្តែ​បើ​សិស្ស​មិន​ដឹង​អំពី​របៀប​ដោះ​ស្រាយ​បញ្ហា​នេះ​ទេ នោះ​អាច​នាំ​ឲ្យ​«​មាន​ឥទ្ធិពល​មក​លើ​ផ្លូវ​ចិត្ត​របស់​ពួក​គេ​»។ a

  •   ពីព្រោះ​ភាព​រឹង​មាំ​នឹង​ជួយ​ប្អូន​នៅ​ឥឡូវ​នេះ​និង​នា​ពេល​អនាគត។ លោក​រីឆឺដ ឡឺណឺ ដែល​ជា​គ្រូ​ពេទ្យ​ខាង​ចិត្ត​សាស្ត្រ​បាន​រៀប​រាប់​ថា​៖​«​ដើម្បី​ក្លាយ​ទៅ​ជា​មនុស្ស​រឹង​មាំ​និង​អាច​សម្រេច​កិច្ច​ការ​ផ្សេង​ៗ​បាន អ្នក​ត្រូវ​យក​ឈ្នះ​ការ​ខក​ចិត្ត ហើយ​ត្រូវ​កំណត់​គោល​ដៅ​ថ្មី ឬ​ព្យាយាម​រក​វិធី​ផ្សេង​ដែល​អាច​ជួយ​អ្នក​សម្រេច​គោល​ដៅ​របស់​អ្នក​បាន​»។ b

 តើ​ប្អូន​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឆាប់​រឹង​មាំ​ឡើង​វិញ?

  •   សូម​វិភាគ​មើល​ថា​បញ្ហា​នោះ​ធំ​យ៉ាង​ណា។ សូម​រៀន​បែង​ចែក​ឲ្យ​ដាច់​ថា​បញ្ហា​ណា​តូច​បញ្ហា​ណា​ធំ។ គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​ល្ងង់​ខ្លៅ​ឆាប់​បង្ហាញ​ចិត្ត​ក្ដៅ​ក្រហាយ តែ​មនុស្ស​ឈ្លាស​វៃ​មិន​អើពើ​នឹង​ការ​ប្រមាថ​មើល​ងាយ​ឡើយ​»។ (​សុភាសិត ១២:១៦​) ដូច្នេះ សូម​កុំ​ឲ្យ​បញ្ហា​ទាំង​អស់​មាន​ឥទ្ធិពល​ខ្លាំង​ពេក​មក​លើ​ប្អូន។

     ប្អូន​ចូអេន​បាន​រៀប​រាប់​ថា​៖​«​នៅ​សាលា សិស្ស​រួម​ថ្នាក់​ខ្ញុំ​តែង​តែ​ត្អូញត្អែរ​អំពី​រឿង​តូច​តាច ហើយ​ចាត់​ទុក​នោះ​ដូច​ជា​រឿង​ធំ​អ៊ីចឹង។ ណា​មួយ​ទៀត បើ​មាន​ការ​គាំទ្រ​ពី​បណ្ដាញ​សង្គម នោះ​ពួក​គេ​កាន់​តែ​ត្អូញត្អែរ​និង​អន់​ចិត្ត​ថែម​ទៀត។ ម្ល៉ោះ​ហើយ ពួក​គេ​កាន់​តែ​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ចំពោះ​បញ្ហា​របស់​ខ្លួន​»។

  •   រៀន​ពី​អ្នក​ឯ​ទៀត។ សុភាសិត​មួយ​ក្នុង​គម្ពីរ​ចែង​ថា​៖ ​«​ដូច​ដែក​សំលៀង​ដែក មិត្ត​ភក្ដិ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​រីក​ចម្រើន​»។ (​សុភាសិត ២៧:១៧​) ដូច្នេះ យើង​អាច​ទាញ​មេ​រៀន​ពី​បុគ្គល​ផ្សេង​ៗ​ដែល​ធ្លាប់​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​របស់​ខ្លួន។

     ប្អូន​ជូលា​បាន​រៀប​រាប់​ថា​៖​«​ពេល​យើង​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត យើង​នឹង​ឃើញ​ថា​ពួក​គាត់​បាន​ឆ្លង​កាត់​ទុក្ខ​លំបាក​ជា​ច្រើន តែ​ពួក​គាត់​នៅ​តែ​អាច​យក​ឈ្នះ​បាន។ ដូច្នេះ សូម​និយាយ​ជា​មួយ​ពួក​គាត់ ហើយ​រៀន​ថា​តើ​ពួក​គាត់​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​យក​ឈ្នះ​បញ្ហា​ទាំង​នោះ ហើយ​មិន​បាន​ធ្វើ​អ្វី​ខ្លះ​ពេល​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​នោះ​»។

  •   សូម​អត់​ធ្មត់។ គម្ពីរ​ចែង​ថា​៖ ​«​ទោះ​ជា​មនុស្ស​សុចរិត​ដួល​៧​ដង​ក៏​ដោយ គង់​តែ​គាត់​នឹង​ក្រោក​ឡើង​វិញ​បាន​»។ (​សុភាសិត ២៤:១៦​) សូម​ទទួល​ស្គាល់​ថា​អ្វី​ៗ​មិន​កើត​ឡើង​ដូច​ដែល​យើង​ប៉ង​ទេ។ ដូច្នេះ សូម​កុំ​ភ្ញាក់​ផ្អើល​បើ​ជួន​កាល​ប្អូន​ធ្លាក់​ទឹក​ចិត្ត។ តែ​អ្វី​ដែល​សំខាន់​គឺ​ប្អូន​«​ក្រោក​ឡើង​វិញ​បាន​»។

     ប្អូន​អានឌ្រីអា​បាន​រៀប​រាប់​ថា​៖​«​តាម​ធម្មតា ពេល​យើង​ជួប​ទុក្ខ​លំបាក​ណា​មួយ យើង​នឹង​មាន​របួស​ផ្លូវ​ចិត្ត តែ​វា​អាច​ជា​សះ​ស្បើយ​បាន គ្រាន់​តែ​ត្រូវ​ការ​ពេល​ប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំ​ឃើញ​ថា​កាល​ដែល​ពេល​វេលា​កន្លង​ទៅ សុខភាព​ផ្លូវ​ចិត្ត​ក៏​អាច​ល្អ​ឡើង​វិញ​បាន​ដែរ​»។

  •   រៀន​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​ខ្លួន​មាន។ គម្ពីរ​ចែង​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​បង្ហាញ​អំណរ​គុណ​»។ (​កូឡុស ៣:១៥​) មិន​ថា​ប្អូន​កំពុង​ជួប​ការ​ពិបាក​ធំ​ប៉ុន​ណា​ទេ គឺ​តែង​តែ​មាន​អ្វី​ល្អ​ដែល​ប្អូន​អាច​បង្ហាញ​អំណរ​គុណ។ សូម​គិត​អំពី​អ្វី​បី​យ៉ាង​ដែល​ធ្វើ​ឲ្យ​ជីវិត​ប្អូន​មាន​តម្លៃ។

     ប្អូន​សឺមែនថឺ​បាន​រៀប​រាប់​ថា​៖​«​ពេល​យើង​ជួប​ការ​ពិបាក យើង​ច្រើន​តែ​និយាយ​ថា‹ម៉េច​ក៏​រឿង​នេះ​កើត​ឡើង​ចំពោះ​ខ្ញុំ​ដូច្នេះ?›។ ប៉ុន្តែ អ្វី​មួយ​ដែល​បង្ហាញ​ថា​យើង​ជា​មនុស្ស​រឹង​មាំ គឺ​យើង​មាន​គំនិត​វិជ្ជមាន និង​មាន​អំណរ​គុណ​ចំពោះ​អ្វី​ដែល​យើង​មាន​ឬ​អ្វី​ដែល​យើង​អាច​ធ្វើ មិន​មែន​ផ្ដោត​អារម្មណ៍​ទៅ​លើ​តែ​បញ្ហា​របស់​យើង​ទេ​»។

  •   ចេះ​ស្កប់​ចិត្ត។ សាវ័ក​ប៉ូល​បាន​ប្រាប់​ថា​៖ ​«​ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត ទោះ​ជា​ខ្ញុំ​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​»។ (​ភីលីព ៤:១១​) ប៉ូល​មិន​អាច​គ្រប់​គ្រង​ស្ថានភាព​អាក្រក់​ដែល​កើត​ឡើង​ចំពោះ​គាត់​ទេ ប៉ុន្តែ​គាត់​អាច​គ្រប់​គ្រង​ប្រតិកម្ម​របស់​គាត់ ហើយ​គាត់​តាំង​ចិត្ត​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត​ជា​និច្ច។

     ប្អូន​ម៉ាធីយូ​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ឃើញ​ថា​ប្រតិកម្ម​ដំបូង​ដែល​ខ្ញុំ​មាន​ចំពោះ​បញ្ហា​របស់​ខ្ញុំ គឺ​មិន​តែង​តែ​ល្អ​ទេ។ ដូច្នេះ គោល​ដៅ​របស់​ខ្ញុំ​គឺ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​វិជ្ជមាន​មិន​ថា​ខ្ញុំ​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ។ ព្រោះ​នេះ​មិន​ត្រឹម​តែ​ផ្ដល់​ប្រយោជន៍​ដល់​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្ញុំ​ដែរ​»។

  •   អធិដ្ឋាន។ គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ផ្ទេរ​បន្ទុក​ទៅ​ព្រះ​យេហូវ៉ា នោះ​លោក​នឹង​ជួយ​អ្នក លោក​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ដួល​ចុះ​ឡើយ​»។ (​ចម្រៀង​សរសើរ​ព្រះ ៥៥:២២​) ការ​អធិដ្ឋាន​មិន​គ្រាន់​តែ​ជា​អ្វី​មួយ​ដែល​ប្អូន​គួរ​ធ្វើ ដោយ​សារ​ប្អូន​ចង់​មាន​អារម្មណ៍​ធូរ​ស្រាល​នោះ​ទេ។ តែ​ការ​អធិដ្ឋាន​គឺ​ជា​ការ​សន្ទនា​ជា​មួយ​ព្រះ​ដែល​ជា​អ្នក​បង្កើត​ប្អូន ហើយ​លោក​«​រមែង​គិត​អំពី​»​ប្អូន។—ពេត្រុស​ទី​១ ៥:៧

     ប្អូន​ខាលឡូស​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​មិន​ចាំ​បាច់​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក​តែ​ម្នាក់​ឯង​ទេ ព្រោះ​ខ្ញុំ​មាន​ព្រះ​យេហូវ៉ា។ ពេល​ខ្ញុំ​អធិដ្ឋាន​ប្រាប់​លោក​អស់​ពី​ចិត្ត និង​អរគុណ​ចំពោះ​ពរ​ដែល​លោក​បាន​ផ្ដល់​ឲ្យ នោះ​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​អារម្មណ៍​មិន​ល្អ ហើយ​ជួយ​ខ្ញុំ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ពរ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​ខ្ញុំ។ ដូច្នេះ ការ​អធិដ្ឋាន​ពិត​ជា​សំខាន់​ណាស់!​»។

a ដក​ស្រង់​ពី​សៀវភៅ​Disconnected និពន្ធ​ដោយ​ថូម៉ាស់ ខឺ​ស្ទីង

b ដក​ស្រង់​ពី​សៀវភៅ​The Good Teen—Rescuing Adolescence From the Myths of the Storm and Stress Years។