លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើការល្បីតាមអនឡាញសំខាន់យ៉ាងណា?

តើការល្បីតាមអនឡាញសំខាន់យ៉ាងណា?

 យុវវ័យ​ម្នាក់​ឈ្មោះ​អ៊ីឡេន បាន​និយាយ​ថា​៖​«​ពេល​ខ្ញុំ​ឃើញ​សិស្ស​រួម​ថ្នាក់​ខ្ញុំ មាន​អ្នក​តាម​ដាន(​follower​)តាម​អនឡាញ​រាប់​រយ​នាក់ ខ្ញុំ​គិត​ថា‹ឡូយ​ណាស់ ពួក​គេ​ល្បី​ហើយ!›។ ប្រាប់​តាម​ត្រង់​ទៅ ខ្ញុំ​ច្រណែន​បន្តិច​ដែរ​»។

 តើ​ប្អូន​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​ទេ? បើ​មាន​មែន អត្ថបទ​នេះ​អាច​ជួយ​ប្អូន​ឲ្យ​ជៀស​ចេញ​ពី​ការ​ជាប់​អន្ទាក់​នៃ​ការ​ចង់​ល្បី​តាម​អនឡាញ។

 តើ​មាន​គ្រោះ​ថ្នាក់​អ្វី​ខ្លះ?

 ក្នុង​គម្ពីរ​នៅ​សុភាសិត ២២:១ បាន​រៀប​រាប់​ថា​៖​«​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ប្រសើរ​ជាង​មាន​ទ្រព្យ​មហា​សាល​»។ ដូច្នេះ មិន​មែន​អាក្រក់​ទេ​ដែល​ចង់​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ឬ​ចង់​ឲ្យ​អ្នក​ដទៃ​ចូល​ចិត្ត។

 ប៉ុន្តែ ជួន​កាល​ការ​មាន​បំណង​ចង់​ឲ្យ​គេ​ចូល​ចិត្ត​នោះ​គឺ​ខ្លាំង​ហួស​ហេតុ​ពេក។ តើ​អាច​មាន​គ្រោះ​ថ្នាក់​ទេ? ប្អូន​ស្រី​អនយ៉ា ដែល​មាន​អាយុ​១៦​ឆ្នាំ​បាន​និយាយ​ថា​៖

 «​ខ្ញុំ​បាន​ឃើញ​សិស្ស​ខ្លះ​នៅ​សាលា​ខ្ញុំ​ធ្វើ​អ្វី​ឆ្កួត​ៗ ដូច​ជា​លោត​ចុះ​ពី​លើ​អគារ​ជាន់​ទី​២ ដើម្បី​គ្រាន់​តែ​ចង់​ល្បី​ប៉ុណ្ណោះ​»។

 ដើម្បី​បាន​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ស្រករ​គ្នា អ្នក​ខ្លះ​បាន​ធ្វើ​វីដេអូ​ប្លែក​ៗ​បង្ហោះ​តាម​អនឡាញ។ ជា​ឧទាហរណ៍ យុវវ័យ​ខ្លះ​បាន​បង្ហោះ​វីដេអូ​បង្ហាញ​អំពី​ការ​ញ៉ាំ​សាប៊ូ​បោក​ខោ​អាវ​ដែល​មាន​សារធាតុ​ពុល​ដែល​មនុស្ស​ធម្មតា​មិន​ហ៊ាន​ធ្វើ​ទេ!

 គម្ពីរ​ចែង​ថា​៖​«​មិន​ត្រូវ​ធ្វើ​អ្វី​ក្នុង​បំណង . . . លើក​ខ្លួន​ហួស​ប្រមាណ​ឡើយ​»។—ភីលីព ២:៣

 សូម​ពិចារណា​៖

  •   តើ​ការ​ល្បី​តាម​អនឡាញ​សំខាន់​យ៉ាង​ណា​ចំពោះ​ប្អូន?

  •   តើ​ប្អូន​សុខ​ចិត្ត​ប្រថុយ​ជីវិត​ឬ​បង្ខូច​សុខភាព​ខ្លួន​ដើម្បី​ទទួល​ការ​ចាប់​អារម្មណ៍​និង​ការ​ពេញ​ចិត្ត​ពី​មនុស្ស​ស្រករ​ប្អូន​ឬ?

 «​ការ​ស្រមៃ​ចង់​ល្បី​»​

 ការ​ព្យាយាម​ឲ្យ​បាន​ល្បី មិន​តែង​តែ​ទាក់​ទង​នឹង​អ្វី​ដែល​ប្រថុយ​គ្រោះ​ថ្នាក់​ទេ។ ប្អូន​ស្រី​អ៊ីរីខា ដែល​មាន​អាយុ​២២​ឆ្នាំ បាន​កត់​សម្គាល់​របៀប​ដែល​អ្នក​ខ្លះ​បាន​ធ្វើ​ដូច​នេះ​៖

 «​អ្នក​ខ្លះ​បង្ហោះ​អ្វី​ដែល​សំខាន់​ៗ​ក្នុង​ជីវិត​របស់​ពួក​គេ ដើម្បី​បង្ហាញ​ថា​ពួក​គេ​មាន​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​ជា​ច្រើន​ដែល​ចំណាយ​ពេល​ជា​ទៀង​ទាត់​ជា​មួយ​គ្នា។ នេះ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​គិត​ថា​ពួក​គេ​ពិត​ជា​ល្បី​ណាស់​»។

 ប្អូន​ស្រី​ខារ៉ា​ដែល​មាន​អាយុ​១៥​ឆ្នាំ បាន​និយាយ​ថា​អ្នក​ខ្លះ​បំភាន់​អ្នក​ឯ​ទៀត​ដើម្បី​បាន​ល្បី​៖

 «​ខ្ញុំ​ឃើញ​មនុស្ស​ខ្លះ​បង្ហោះ​រូប​ថត​ដែល​មើល​ទៅ​ដូច​ជា​ពួក​គេ​កំពុង​នៅ​ក្នុង​ពិធី​ជប់​លៀង តែ​តាម​ការ​ពិត​ពួក​គេ​នៅ​ផ្ទះ​សោះ​»។

 ប្អូន​ប្រុស​ម៉ាធីយូ​ដែល​មាន​អាយុ​២២​ឆ្នាំ បាន​សារភាព​ថា​គាត់​បាន​ធ្វើ​អ្វី​ដូច​នេះ​៖

 «​ខ្ញុំ​បាន​បង្ហោះ​រូប​មួយ​ដែល​ភ្ជាប់​ទី​តាំង​នៅ​ភ្នំ​អេវើរ៉េស តែ​តាម​ពិត​ខ្ញុំ​មិន​ដែល​ទៅ​លេង​ទ្វីប​អាស៊ី​ឡើយ!​»។

 គម្ពីរ​ចែង​ថា​៖​«​យើង​ចង់​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»។—ហេប្រឺ ១៣:១៨

 សូម​ពិចារណា​៖

  •   បើ​ប្អូន​ប្រើ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា តើ​ប្អូន​បង្ហោះ​រូប​ថត​បន្លំ​គេ​ដើម្បី​ឲ្យ​ខ្លួន​ល្បី​ឬ?

  •    តើ​រូប​ភាព​និង​សារ​ដែល​ប្អូន​បង្ហោះ​ឆ្លុះ​បញ្ចាំង​យ៉ាង​ណា​អំពី​អ្វី​ដែល​ប្អូន​ឲ្យ​តម្លៃ​និង​លក្ខណៈ​របស់​ប្អូន?

 តើ​ការ​មាន​អ្នក​តាម​ដាន​និង​អ្នក​ចូល​ចិត្ត​ច្រើន​សំខាន់​ទេ?

 មនុស្ស​ជា​ច្រើន​ជឿ​ថា គន្លឹះ​សំខាន់​មួយ​ដើម្បី​ធ្វើ​ឲ្យ​ល្បី​តាម​អនឡាញ គឺ​ត្រូវ​មាន​ចំនួន​អ្នក​តាម​ដាន​និង​អ្នក​ចូល​ចិត្ត​ច្រើន​លើស​លប់។ ប្អូន​ម៉ាធីយូ​ដែល​រៀប​រាប់​នៅ​ខាង​ដើម បាន​សារភាព​ថា​គាត់​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​៖

 «​ខ្ញុំ​សួរ​អ្នក​ឯ​ទៀត​ថា​៖‹តើ​អ្នក​មាន​ចំនួន​អ្នក​តាម​ដាន​ប៉ុន្មាន​នាក់?› ឬ‹តើ​អ្នក​ធ្លាប់​ទទួល​ចំនួន​អ្នក​ចូល​ចិត្ត​ច្រើន​បំផុត​ប៉ុន្មាន?›។ ដើម្បី​ខ្ញុំ​អាច​មាន​អ្នក​តាម​ដាន​កាន់​តែ​ច្រើន ខ្ញុំ​ត្រូវ​ចុច​follow​អ្នក​ដែល​ខ្ញុំ​មិន​ដែល​ស្គាល់​ហើយ​សង្ឃឹម​ថា​ពួក​គេ​នឹង​follow​មក​ខ្ញុំ​វិញ។ ខ្ញុំ​ចាប់​ផ្ដើម​ចង់​ល្បី ហើយ​បណ្ដាញ​សង្គម​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ចង់​ល្បី​កាន់​តែ​ខ្លាំង​ឡើង​ៗ​»។

ការ​ល្បី​តាម​អនឡាញ​ប្រៀប​ដូច​ជា​ការ​ញ៉ាំ​ស្ករ​សូកូឡា វា​ធ្វើ​ឲ្យ​ប្អូន​ឆ្ងាញ់​មាត់​មួយ​ភ្លែត តែ​វា​នឹង​មិន​ធ្វើ​ឲ្យ​ប្អូន​ស្កប់​ចិត្ត​នោះ​ទេ

 ប្អូន​ស្រី​ម៉ារៀ​ដែល​មាន​អាយុ​២៥​ឆ្នាំ បាន​សង្កេត​ឃើញ​ថា​មនុស្ស​ខ្លះ​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន​ឯង​ដោយ​ផ្អែក​ទៅ​លើ​ចំនួន​អ្នក​តាម​ដាន​និង​ចំនួន​អ្នក​ចូល​ចិត្ត​ដែល​ពួក​គេ​បាន​ទទួល​៖

 «​បើ​សិន​ជា​ក្មេង​ស្រី​ម្នាក់​បង្ហោះ​រូប​ថត​របស់​ខ្លួន ហើយ​ក្រោយ​មក​អត់​មាន​អ្នក​ចូល​ចិត្ត​ច្រើន គាត់​នឹង​គិត​ថា​គាត់​មិន​ស្អាត​ទេ។ តាម​ពិត​នេះ​ជា​គំនិត​មិន​ត្រឹម​ត្រូវ តែ​មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​ដូច​នេះ។ ការ​គិត​ដូច្នេះ​ប្រៀប​ដូច​ជា​ពួក​គេ​កំពុង​មើល​ងាយ​និង​មិន​ឲ្យ​តម្លៃ​ខ្លួន​ឯង​»។

 គម្ពីរ​ចែង​ថា​៖​«​កុំ​ឲ្យ​យើង​ទៅ​ជា​មនុស្ស​ដែល​លើក​ខ្លួន​ហួស​ប្រមាណ ដោយ​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា និង​ដោយ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ​»។—កាឡាទី ៥:២៦

 សូម​ពិចារណា​៖

  •   បើ​ប្អូន​ប្រើ​បណ្ដាញ​សង្គម តើ​ប្អូន​ឃើញ​ថា​វា​នាំ​ឲ្យ​ប្អូន​ប្រៀប​ធៀប​ខ្លួន​ជា​មួយ​អ្នក​ឯ​ទៀត​ដែរ​ឬ​ទេ?

  •    តើ​ប្អូន​ចាប់​អារម្មណ៍​តែ​ចំនួន​អ្នក​តាម​ដាន ជា​ជាង​ស្វែង​រក​មិត្ត​ភក្ដិ​ពិត​ឬ?