សំណួរពីយុវវ័យ
ហេតុអ្វីគួរជៀសចេញពីរូបអាសអាភាស?
តើប្អូនអាចគេចផុតពីរូបអាសអាភាសទេ?
បើប្អូនប្រើអ៊ីនធឺណិត មិនយូរមិនឆាប់ប្អូននឹងអាចឃើញរូបអាសអាភាស។ ប្អូនហេលីដែលមានអាយុ១៧ឆ្នាំបានរៀបរាប់ថា៖«យើងមិនចាំបាច់ចុចស្វែងរករូបទាំងនោះទេ ព្រោះរូបទាំងនោះនឹងលេចមកឲ្យអ្នកឃើញដោយឯកឯង»។
រូបអាសអាភាសអាចទាក់ទាញមនុស្សឲ្យចង់មើលវា សូម្បីតែអ្នកដែលបានតាំងចិត្តមិនមើលវាក្ដី។ ប្អូនគ្រេកដែលមានអាយុ១៨ឆ្នាំបានរៀបរាប់ថា៖«ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំនឹងមិនមើលរូបអាសអាភាសជាដាច់ខាត ប៉ុន្តែចុងក្រោយខ្ញុំនៅតែចាញ់ការល្បួងនោះដដែល។ យើងមិនអាចនិយាយថា រឿងនោះមិនអាចកើតឡើងចំពោះយើងឡើយ»។
សព្វថ្ងៃនេះយើងស្រួលឃើញរូបអាសអាភាសជាងពេលណាៗទាំងអស់។ ហើយនៅសព្វថ្ងៃនេះ ក្មេងជំទង់ជាច្រើនចាប់ផ្ដើមផ្ញើរូបអាសអាភាសដោយខ្លួនឯង។
សរុបសេចក្ដី៖ ការល្បួងដែលប្អូនជួបនៅសម័យនេះ គឺខ្លាំងជាងការល្បួងដែលឪពុកម្ដាយឬយាយតារបស់ប្អូនបានជួបពេលពួកគាត់នៅក្មេងទៅទៀត។ ប៉ុន្តែសំណួរសំខាន់គឺ តើប្អូនអាចគេចផុតពីរូបអាសអាភាសទេ?—ចម្រៀងសរសើរព្រះ ៩៧:១០
ចម្លើយគឺ មែន ប្អូនអាចគេចផុតបាន បើប្អូនចង់ធ្វើដូច្នេះ។ ប៉ុន្តែ ដំបូងប្អូនត្រូវដឹងថារូបអាសអាភាសគឺអាក្រក់ប៉ុណ្ណា។ សូមពិចារណាអំពីអ្វីដែលគេនិយាយនិងការពិត ស្ដីអំពីរឿងនេះ។
អ្វីដែលគេនិយាយនិងការពិត
អ្វីដែលគេនិយាយ៖ រូបអាសអាភាសមិនមានគ្រោះថ្នាក់ដល់ខ្ញុំទេ។
ការពិត៖ រូបអាសអាភាសបង្ខូចគំនិតរបស់យើង ប្រៀបដូចជាផ្សែងបារីបង្ខូចសួត។ ការមើលរូបអាសអាភាសនាំឲ្យមនុស្សមានទស្សនៈមិនត្រឹមត្រូវអំពីការរួមដំណេក។ ហេតុអ្វី? ព្រោះបំណងរបស់ព្រះគឺថា ការរួមដំណេកត្រូវជាអ្វីថ្លៃថ្នូរដែលធ្វើឲ្យប្ដីប្រពន្ធមានភាពជិតស្និទ្ធនិងរក្សាចំណងស្នេហ៍របស់ពួកគេ។ (ដើមកំណើត ២:២៤) យូរៗទៅ នេះអាចធ្វើឲ្យប្អូនលែងខ្វល់នឹងអ្វីដែលខុសនិងអ្វីដែលត្រូវ។ ជាឧទាហរណ៍ អ្នកជំនាញខ្លះបានប្រាប់ថា បុរសដែលមានទម្លាប់មើលរូបអាសអាភាសគឺច្រើនតែប្រើអំពើហិង្សាទៅលើស្ត្រី។
គម្ពីរបានរៀបរាប់ថាមនុស្សខ្លះបានទៅជា«លែងស្គាល់ល្អស្គាល់អាក្រក់»។ (អេភេសូរ ៤:១៩) អារម្មណ៍និងចិត្តរបស់ពួកគេប្រៀបដូចជាស្ពឹករហូតដល់លែងមានអារម្មណ៍ខុសពេលធ្វើអ្វីអាក្រក់។
អ្វីដែលគេនិយាយ៖ រូបអាសអាភាសជួយបង្រៀនយើងអំពីការរួមភេទ។
ការពិត៖ រូបអាសអាភាសបង្រៀនមនុស្សឲ្យមានចិត្តលោភលន់។ វាធ្វើឲ្យអ្នកដែលមើលរូបនោះចាប់ផ្ដើមបន្ទាបបន្ថោកមនុស្ស ដោយចាត់ទុកពួកគេគ្រាន់តែជារបស់កំដរអារម្មណ៍ និងរស់នៅដើម្បីតែបំពេញបំណងប្រាថ្នារបស់អ្នកមើលប៉ុណ្ណោះ។ យើងមិនភ្ញាក់ផ្អើលទេ ពីព្រោះតាមការសិក្សាស្រាវជ្រាវបានឃើញថា អ្នកដែលមានទម្លាប់មើលរូបអាសអាភាស ច្រើនតែមិនស្កប់ចិត្តនឹងការរួមភេទក្រោយរៀបការ។
គម្ពីរប្រាប់គ្រិស្តសាសនិកឲ្យជៀសចេញពី«ភាពទោរទន់ទៅរកអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ការមិនគ្រប់គ្រងលើចំណង់ផ្លូវភេទ សេចក្ដីប៉ងប្រាថ្នាអាក្រក់ និងការលោភលន់»។ ប៉ុន្តែ ការមើលរូបអាសអាភាសគឺធ្វើឲ្យមានអារម្មណ៍ទាំងអស់នេះ។—កូឡុស ៣:៥
អ្វីដែលគេនិយាយ៖ បុគ្គលដែលមិនមើលរូបអាសអាភាសគឺជាមនុស្សត្រឹមត្រូវពេកចំពោះការរួមភេទ។
ការពិត៖ បុគ្គលដែលមិនមើលរូបអាសអាភាសគឺជាមនុស្សដែលមានខ្នាតតម្រាសីលធម៌ខ្ពស់និងមានទស្សនៈត្រឹមត្រូវស្ដីអំពីការរួមភេទ។ ពួកគេចាត់ទុកការរួមភេទគឺជាអំណោយពីព្រះដើម្បីពង្រឹងចំណងស្នេហ៍រវាងបុរសនិងស្ត្រីដែលបានរៀបការ និងដែលបានតាំងចិត្តស្មោះជាមួយគ្នា។ បុគ្គលបែបនោះ ទំនងជាស្កប់ចិត្តច្រើនជាងនឹងការរួមភេទជាមួយគូអាពាហ៍ពិពាហ៍ក្រោយរៀបការ។
គម្ពីរបានប្រាប់ចំៗអំពីការរួមភេទ។ ជាឧទាហរណ៍ គម្ពីរបានប្រាប់ប្ដីថា៖‹សូមឲ្យអ្នកសប្បាយរីករាយជាមួយនឹងប្រពន្ធ ដែលអ្នកបានរួមរស់តាំងពីអ្នកនៅក្មេង។ . . . សូមឲ្យអ្នកលង់ស្នេហ៍នាងរហូតតទៅ›។—សុភាសិត ៥:១៨, ១៩
របៀបយកឈ្នះការមើលរូបអាសអាភាស
ចុះបើប្អូនមានអារម្មណ៍ថាការល្បួងឲ្យមើលរូបអាសអាភាសគឺខ្លាំងពេកដែលពិបាកយកឈ្នះ? ប្រអប់ចំណងជើងថា«វិធីផ្ដាច់ទម្លាប់មើលរូបអាសអាភាស»អាចជួយប្អូនបាន។
សូមជឿជាក់ថា ប្អូនអាចយកឈ្នះការល្បួងឲ្យមើលរូបអាសអាភាសបាន។ ប៉ុន្តែ បើប្អូនបានចាប់ផ្ដើមមើលរូបទាំងនោះរួចហើយ ប្អូនក៏អាចឈប់មើលរូបទាំងនោះបានដែរ។ ប្អូននឹងទទួលប្រយោជន៍ច្រើនណាស់ ពេលប្អូនធ្វើដូច្នេះ។
សូមពិចារណាបទពិសោធន៍របស់ប្អូនខាលវិនដែលបានចាប់ផ្ដើមមានទម្លាប់មើលរូបអាសអាភាសពេលអាយុ១៣ឆ្នាំ។ គាត់បានរៀបរាប់ថា៖«ខ្ញុំដឹងថាការមើលរូបអាសអាភាសគឺខុស តែខ្ញុំមិនអាចយកឈ្នះការល្បួងនោះបានទេ។ ម្យ៉ាងទៀត ក្រោយពីមើលរូបអាសអាភាសហើយ ខ្ញុំមានអារម្មណ៍មិនស្រួលសោះ។ ថ្ងៃមួយ ឪពុករបស់ខ្ញុំក៏បានដឹងអំពីរឿងនេះ។ តែនិយាយឲ្យត្រង់ទៅ ខ្ញុំធូរចិត្តណាស់ ព្រោះនៅទីបំផុត ខ្ញុំអាចទទួលជំនួយដែលខ្ញុំត្រូវការពីឪពុកខ្ញុំ»។
ប្អូនខាលវិនបានរៀនយកឈ្នះការមើលរូបអាសអាភាស។ គាត់បន្តថា៖«ការមើលរូបអាសអាភាសគឺជាកំហុសដ៏ធំមួយដែលនៅតែបន្តធ្វើទុក្ខខ្ញុំ ព្រោះរូបភាពទាំងនោះដក់ជាប់ក្នុងខួរក្បាលរបស់ខ្ញុំ។ បន្ថែមទៅទៀត ជួនកាលចិត្តរបស់ខ្ញុំល្បួងខ្ញុំឲ្យស្រម៉ៃថា បើខ្ញុំបើកមើលរូបទាំងនោះ ខ្ញុំអាចនឹងឃើញអ្វី។ ប៉ុន្តែ ពេលនោះខ្ញុំចាប់ផ្ដើមគិតអំពីអ្វីល្អៗ ដូចជាចិត្តសប្បាយ ភាពស្អាតស្អំ និងអនាគតដ៏ល្អដែលខ្ញុំអាចមានពីការធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ា»។