លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

ហេតុ​អ្វី​ឪពុក​ម្ដាយ​ខ្ញុំ​មិន​ឲ្យ​ខ្ញុំ​មាន​ពេល​សប្បាយ​សោះ​អ៊ីចឹង?

ហេតុ​អ្វី​ឪពុក​ម្ដាយ​ខ្ញុំ​មិន​ឲ្យ​ខ្ញុំ​មាន​ពេល​សប្បាយ​សោះ​អ៊ីចឹង?

 មិត្ត​ភក្តិ​ប្អូន​បបួល​ប្អូន​ទៅ​ជប់​លៀង​នៅ​ចុង​សប្ដាហ៍​នេះ។ ប្អូន​បាន​សុំ​ការ​អនុញ្ញាត​ពី​ឪពុក​ម្ដាយ តែ​ពួក​គាត់​ឆ្លើយ​យ៉ាង​ម៉ឺង​ម៉ាត់​ថា​«​អត់​ឲ្យ​ទៅ​ទេ​»។ ប្អូន​មិន​ចម្លែក​ចិត្ត​ទេ ព្រោះ​រាល់​លើក​គាត់​តែង​តែ​ប្រាប់​អ៊ីចឹង។

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​៖

 ហេតុ​អ្វី​ឪពុក​ម្ដាយ​ខ្ញុំ​តែង​តែ​ថា​ទេ?

 តាម​មើល​ទៅ​ឪពុក​ម្ដាយ​ប្អូន​តែង​តែ​ថា​ទេ ពេល​ដែល​ប្អូន​សុំ​ធ្វើ​អ្វី​មួយ។ ប្អូន​ប្រហែល​ជា​សន្និដ្ឋាន​ថា​គាត់​មិន​ចង់​ឲ្យ​ប្អូន​មាន​ឱកាស​សប្បាយ​សោះ។

 យុវតី​ម្នាក់​ឈ្មោះ​ម៉ារៀ ក៏​មាន​អារម្មណ៍​ដូច្នេះ​ដែរ​ពេល​ដែល​នាង​ទើប​តែ​មាន​ទូរស័ព្ទ។ នាង​និយាយ​ថា​៖​«​ឪពុក​ខ្ញុំ​ដាក់​កម្រិត​ច្រើន​ណាស់ ដូច​ជា​កម្ម​វិធី​ណា​ខ្ញុំ​អាច​ថត​ចម្លង​បាន ហើយ​កម្ម​វិធី​ណា​ខ្ញុំ​មិន​អាច​ថត​ចម្លង​បាន។ គាត់​ចង់​ដឹង​ថា​ខ្ញុំ​និយាយ​ជា​មួយ​អ្នក​ណា​ខ្លះ ហើយ​ខ្ញុំ​អាច​និយាយ​យូរ​ប៉ុណ្ណា​ជា​មួយ​ពួក​គេ។ ប៉ុន្តែ​ដំណាល​គ្នា​នោះ ពួក​ម៉ាក​របស់​ខ្ញុំ​អាច​ធ្វើ​អ្វី​ក៏​បាន​តាម​តែ​ចិត្ត​ពួក​គេ​»។

 សូម​ពិចារណា​៖ តើ​ឪពុក​ម៉ារៀ​ពិត​ជា​មិន​ចង់​ឲ្យ​នាង​មាន​ឱកាស​សប្បាយ​ឬ? តើ​គាត់​ប្រហែល​ជា​បារម្ភ​អំពី​អ្វី​ខ្លះ?

ការ​មាន​ល្បឿន​កំណត់​ក្នុង​ការ​បើក​បរ​ដាក់​កម្រិត​លើ​សេរី​ភាព​របស់​ប្អូន តែ​នោះ​ការ​ពារ​ប្អូន​ពី​គ្រោះ​ថ្នាក់ នេះ​ដូច​គ្នា​នឹង​វិន័យ​ដែល​ឪពុក​ម្ដាយ​បាន​ដាក់​ឲ្យ​ប្អូន​ដែរ

 សូម​សាក​ធ្វើ​តាម​យោបល់​នេះ​៖ សូម​ស្រមៃ​គិត​ថា​ប្អូន​ជា​ឪពុក​ឬ​ម្ដាយ​ម្នាក់ ហើយ​ប្អូន​មាន​កូន​ជំទង់​ម្នាក់​ដែល​ទើប​តែ​មាន​ទូរស័ព្ទ​ប្រើ។ តើ​ប្អូន​នឹង​បារម្ភ​អំពី​អ្វី​ខ្លះ? តើ​ប្អូន​នឹង​ដាក់​កម្រិត​អ្វី​ខ្លះ​ទៅ​លើ​ការ​ប្រើ​ប្រាស់​របស់​កូន? តើ​ប្អូន​នឹង​និយាយ​យ៉ាង​ណា​បើ​កូន​របស់​ប្អូន​ប្រាប់​ថា ប្អូន​មិន​ចង់​ឲ្យ​គាត់​សប្បាយ​ទាល់​តែ​សោះ?

 ប្អូន​ថានយ៉ា​បាន​រៀប​រាប់​ថា​៖​«​ឪពុក​ខ្ញុំ​តែង​និយាយ​ថា​៖‹ចាំ​កូន​ឯង​ធ្វើ​ជា​ឪពុក​ម្ដាយ​គេ​ទើប​កូន​ឯង​ដឹង›។ ពាក្យ​សម្ដី​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ឲ្យ​តម្លៃ​ចំពោះ​វិន័យ​ដែល​គាត់​ដាក់​ឲ្យ និង​គិត​អំពី​មូលហេតុ​ដែល​គាត់​ដាក់​វិន័យ​ទាំង​នោះ។ បើ​ខ្ញុំ​មាន​កូន ខ្ញុំ​គិត​ថា​ខ្ញុំ​ក៏​ចង់​ឲ្យ​កូន​ខ្ញុំ​ធ្វើ​តាម​វិន័យ​ដែល​ខ្ញុំ​បាន​ដាក់​ឲ្យ​ពួក​គេ​ដែរ​»។

 តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ឪពុក​ម្ដាយ​ខ្ញុំ​អនុញ្ញាត?

 អ្វី​ដែល​ប្អូន​មិន​គួរ​ធ្វើ​៖ កុំ​ធ្វើ​មុខ​ក្រញូវ ត្អូញត្អែរ ឬ​ប្រកែក​ជា​មួយ​គាត់​ឡើយ។

 ប្អូន​រីឆឺដ​បាន​រៀប​រាប់​ថា​៖​«​គ្មាន​ប្រយោជន៍​ទេ​បើ​យើង​ស្រែក​ដាក់​គាត់ ហើយ​វា​ធ្វើ​ឲ្យ​អ្នក​និង​ឪពុក​ម្ដាយ​មើល​មុខ​គ្នា​មិន​ចំ។ បើ​អ្នក​ឈ្លោះ​ប្រកែក​ជា​មួយ​គាត់ គាត់​នឹង​គិត​ថា​អ្នក​មិន​ទាន់​មាន​គំនិត​ចាស់​ទុំ​ល្មម ដើម្បី​ទទួល​សេរី​ភាព​ច្រើន​ជាង​ទេ​»។

 សូម​សាក​ធ្វើ​តាម​យោបល់​នេះ​៖ កុំ​ប្រតិកម្ម​រហ័ស​ពេក។ ប៉ុន្តែ សូម​ស្រមៃ​គិត​ថា​បើ​ប្អូន​ជា​ឪពុក​ឬ​ម្ដាយ​តើ​ប្អូន​ធ្វើ​យ៉ាង​ណា? សូម​សួរ​ខ្លួន​ថា​៖តើ​គាត់​មិន​ទុក​ចិត្ត​ខ្ញុំ ឬ​ដោយ​សារ​គាត់​បារម្ភ​ថា​ខ្ញុំ​ប្រហែល​ជា​នឹង​ជួប​បញ្ហា​ណា​មួយ​ឬ​គាត់​មិន​ទុក​ចិត្ត​មនុស្ស​ដែល​ខ្ញុំ​សេព​គប់​ជា​មួយ? សូម​និយាយ​ជា​មួយ​ពួក​គាត់​អំពី​រឿង​នោះ​ដោយ​ស្លូត​បូត ដើម្បី​ប្អូន​អាច​យល់​មូលហេតុ​ដែល​ពួក​គាត់​មិន​អនុញ្ញាត។

 ប្អូន​អ៊ីវី​បាន​រៀប​រាប់​ថា​៖​«​តាម​ធម្មតា វិន័យ​បង្កើត​ឡើង​ក្នុង​បំណង​ល្អ។ ឪពុក​ម្ដាយ​ខ្ញុំ​មិន​មែន​មិន​ចង់​ឲ្យ​ខ្ញុំ​សប្បាយ​នោះ​ទេ ការ​ពិត​ពួក​គាត់​ចង់​ឲ្យ​ខ្ញុំ​សប្បាយ​ច្រើន​បំផុត តែ​ជា​ការ​សប្បាយ​ដែល​មិន​នាំ​ឲ្យ​ខ្ញុំ​មាន​បញ្ហា​»។

 គោល​ការណ៍​គម្ពីរ​៖​«​មនុស្ស​ល្ងី​ល្ងើ​បញ្ចេញ​កំហឹង​របស់​ខ្លួន​មក​ទាំង​អស់ ប៉ុន្តែ អ្នក​ដែល​មាន​ប្រាជ្ញា​ចេះ​ទប់​អារម្មណ៍​របស់​ខ្លួន​ជា​និច្ច​»។—សុភាសិត ២៩:១១

 អ្វី​ដែល​ប្អូន​មិន​គួរ​ធ្វើ​៖ កុំ​លួច​ធ្វើ​អ្វី​ពី​ក្រោយ​ខ្នង​ឪពុក​ម្ដាយ។

 ប្អូន​ម៉ារៀ​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ខុស​ពី​កម្រិត​ដែល​ឪពុក​ខ្ញុំ​បាន​ដាក់​ឲ្យ គឺ​ខ្ញុំ​លួច​ផ្ញើ​សារ​ទៅ​ពួក​ម៉ាក​ខ្ញុំ​ដល់​យប់​ជ្រៅ​ឬ​ថត​ចម្លង​កម្ម​វិធី​ខ្លះ​ដែល​ឪពុក​ខ្ញុំ​បាន​ហាម។ ទី​បំផុត គាត់​ចាប់​បាន ហើយ​គាត់​ដាក់​កម្រិត​ថែម​ទៀត​ទៅ​លើ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ ដោយ​សារ​គាត់​លែង​ទុក​ចិត្ត​ខ្ញុំ​ទៀត។ ដូច្នេះ ការ​លួច​ធ្វើ​អ្វី​ពី​ក្រោយ​ខ្នង​ឪពុក​ម្ដាយ មិន​មែន​ជា​វិធី​ល្អ​ទេ​»។

 សូម​សាក​ធ្វើ​តាម​យោបល់​នេះ​៖ សូម​បង្ហាញ​ឲ្យ​ឪពុក​ម្ដាយ​ឃើញ​ថា ប្អូន​អាច​ធ្វើ​តាម​ការ​ដាក់​កម្រិត​របស់​ពួក​គាត់។ បើ​ប្អូន​ធ្វើ​ដូច្នោះ ពួក​គាត់​នឹង​ទុក​ចិត្ត​ប្អូន​ជាង។

 ប្អូន​ម៉ាឡេនដា​បាន​រៀប​រាប់​ថា​៖​«​សូម​អត់​ធ្មត់។ ប្រហែល​ត្រូវ​ការ​ពេល​បន្តិច​មុន​នឹង​ឪពុក​ម្ដាយ​បន្ធូរ​វិន័យ​របស់​គាត់ តែ​បើ​គាត់​ឃើញ​ថា​អ្នក​គោរព​វិន័យ​ដែល​គាត់​ដាក់​ឲ្យ គាត់​ប្រហែល​ជា​ឲ្យ​សេរី​ភាព​អ្នក​ច្រើន​ជាង​»។

 គោល​ការណ៍​គម្ពីរ​៖​«​កូន​ទាំង​ឡាយ​អើយ ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​ក្នុង​គ្រប់​ការ​ទាំង​អស់​»។—កូឡុស ៣:២០

 អ្វី​ដែល​ប្អូន​មិន​គួរ​ធ្វើ​៖ សូម​កុំ​ដាក់​សម្ពាធ​លើ​ឪពុក​ម្ដាយ ប្រហែល​ដោយ​និយាយ​ថា​ម៉េច​ក៏​ក្មេង​ឯ​ទៀត​អាច​ធ្វើ​បាន កូន​ធ្វើ​មិន​បាន។

 ប្អូន​ណាថាលី​បាន​រៀប​រាប់​ថា​៖​«​ការ​ទទូច​ទាម​ទារ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ មិន​នាំ​ឲ្យ​ជីវិត​អ្នក​ប្រសើរ​ឬ​ជួយ​អ្នក​ឲ្យ​បាន​អ្វី​ដែល​អ្នក​ចង់​បាន​នោះ​ទេ​»។

 សូម​សាក​ធ្វើ​តាម​យោបល់​នេះ​៖ សូម​ប្រើ​ក្រដាស​លំហាត់​«​ការ​គិត​ពិចារណា​អំពី​វិន័យ​»​ដើម្បី​ជួយ​ប្អូន​ពិភាក្សា​រឿង​នោះ​ជា​មួយ​ឪពុក​ម្ដាយ។

 ប្អូន​ចូសេហ្វ​បាន​រៀប​រាប់​ថា​៖​«​ឪពុក​ម្ដាយ​ចង់​ឃើញ​ថា​យើង​ជា​មនុស្ស​ចេះ​គិត។ ដូច្នេះ ពេល​និយាយ​ជា​មួយ​ពួក​គាត់ ខ្ញុំ​ព្យាយាម​ពន្យល់​ហេតុ​ផល​ដល់​គាត់ មិន​មែន​និយាយ​តាម​តែ​អារម្មណ៍​ទេ។ ដោយ​ធ្វើ​ដូច្នោះ ឪពុក​ម្ដាយ​ខ្ញុំ​ទំនង​ជា​អនុញ្ញាត ពេល​ខ្ញុំ​សុំ​គាត់​ធ្វើ​អ្វី​មួយ​»។

 គោល​ការណ៍​គម្ពីរ​៖«ចូរ​គោរព​ឪពុក​និង​ម្ដាយ​របស់​អ្នក​»។—អេភេសូរ ៦:២