លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

ហេតុ​អ្វី​ខ្ញុំ​គួរ​ជួយ​អ្នក​ឯ​ទៀត?

ហេតុ​អ្វី​ខ្ញុំ​គួរ​ជួយ​អ្នក​ឯ​ទៀត?

 មូល​ហេតុ​ពីរ​យ៉ាង​ដែល​យើង​គួរ​ជួយ​អ្នក​ឯ​ទៀត

 មូល​ហេតុ​ទី​១: ពេល​ប្អូន​ឲ្យ ប្អូន​ទំនង​ជា​នឹង​ទទួល​មក​វិញ!

 អ្នក​ឯ​ទៀត​នឹង​ឃើញ​ថា​ប្អូន​មាន​ចិត្ត​ទូលាយ។ ពួក​គេ​ទំនង​ជា​បង្ហាញ​ចិត្ត​ទូលាយ​មក​ប្អូន​វិញ។ គម្ពីរ​រៀប​រាប់​អំពី​នេះ​ថា​៖

  •  «​ចូរ​ទម្លាប់​ឲ្យ​គេ ហើយ​គេ​នឹង​ឲ្យ​អ្នក​វិញ។ . . . អ្នក​វាល់​ឲ្យ​គេ​ប៉ុន​ណា គេ​ក៏​នឹង​វាល់​ឲ្យ​អ្នក​ប៉ុណ្ណឹង​ដែរ​»។—លូកា ៦:៣៨

  •  «​អ្នក​ប្រព្រឹត្ត​ទៅ​លើ​គេ​យ៉ាង​ណា គេ​ក៏​នឹង​ប្រព្រឹត្ត​មក​អ្នក​យ៉ាង​នោះ​ដែរ​»។—លូកា ៦:៣៨, Contemporary English Version

 មូល​ហេតុ​ទី​២: ពេល​ប្អូន​ជួយ​អ្នក​ឯ​ទៀត ប្អូន​កំពុង​ជួយ​ខ្លួន​ឯង!

 ការ​ធ្វើ​ល្អ​ចំពោះ​អ្នក​ឯ​ទៀត ធ្វើ​ឲ្យ​ប្អូន​មាន​ការ​គោរព​ចំពោះ​ខ្លួន​ឯង សប្បាយ​រីករាយ​និង​ស្កប់​ចិត្ត​ដែល​មក​ពី​ការ​ឲ្យ​គេ។ គម្ពីរ​រៀប​រាប់​អំពី​នេះ​ថា​៖

  •  «​ការ​ឲ្យ​គេ នោះ​មាន​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។—សកម្មភាព ២០:៣៥

  •  «​ពេល​ដែល​អ្នក​រៀប​ចំ​ភោជនាហារ ចូរ​អញ្ជើញ​អ្នក​ក្រ អ្នក​ខ្វិន អ្នក​ពិការ អ្នក​ងងឹត​ភ្នែក នោះ​អ្នក​នឹង​មាន​សុភមង្គល ពីព្រោះ​ពួក​គេ​មិន​អាច​តប​ស្នង​អ្នក​បាន​ឡើយ​»។—លូកា ១៤:១៣, ១៤

 យុវវ័យ​ដែល​ចេះ​ជួយ​អ្នក​ឯ​ទៀត

 មាន​យុវវ័យ​ជា​ច្រើន​ដែល​ចេះ​ជួយ​អ្នក​ឯ​ទៀត។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះ។

 ប្អូន​ខេស៊ី​បាន​រៀប​រាប់​ថា​៖​«​ជួន​កាល ខ្ញុំ​គ្រាន់​តែ​ចង់​អង្គុយ​លើ​កៅអី ហើយ​មើល​ទូរទស្សន៍​ប៉ុណ្ណោះ តែ​ពេល​នោះ ខ្ញុំ​បាន​គិត​អំពី​ប៉ា​ម៉ាក់​ខ្ញុំ​ដែល​កំពុង​ធ្វើ​ការ ហើយ​គិត​ថា​ពួក​គាត់​នឿយ​ហត់​ប៉ុណ្ណា​ពេល​ត្រឡប់​មក​វិញ។ ដូច្នេះ ខ្ញុំ​ក្រោក​ឡើង​លាង​ចាន និង​បោស​សម្អាត​ផ្ទះ។ ខ្ញុំ​ក៏​ឆុង​កាហ្វេ​ទុក​ឲ្យ​ពួក​គាត់​ដែរ ព្រោះ​ពួក​គាត់​ចូល​ចិត្ត​ពិសា​កាហ្វេ។ ពេល​ម៉ាក់​ខ្ញុំ​មក​ដល់​ផ្ទះ គាត់​និយាយ​ថា‹អូ! ផ្ទះ​ស្អាត​ណាស់! ហើយ​ក្លិន​ក្រអូប​ទៀត។ អរគុណ​កូន​សម្លាញ់!›។ ខ្ញុំ​សប្បាយ​ណាស់ រាល់​ដង​ដែល​ខ្ញុំ​ធ្វើ​អ្វី​មួយ​ដើម្បី​ប៉ា​ម៉ាក់​ខ្ញុំ​»។

 ប្អូន​ហូលី​បាន​រៀប​រាប់​ថា​៖​«​ឪពុក​ម្ដាយ​ខ្ញុំ​តែង​តែ​ជួយ​គាំទ្រ​ខ្ញុំ និង​ផ្ដល់​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ។ ដូច្នេះ ពេល​ឡាន​ពួក​គាត់​ខូច​ខ្លាំង​នៅ​ឆ្នាំ​មុន ខ្ញុំ​បាន​ឲ្យ​ប្រាក់​មួយ​ចំនួន​ដល់​ពួក​គាត់​ដើម្បី​ជួស​ជុល​ឡាន។ នោះ​ជា​ប្រាក់​ដែល​ខ្ញុំ​បាន​សន្សំ។ ទោះ​ជា​ពួក​គាត់​មិន​ព្រម​ទទួល​ក្ដី ខ្ញុំ​បង្ខំ​ឲ្យ​គាត់​ទទួល។ តាម​ពិត ពួក​គាត់​សម​ទទួល​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់។ ការ​បង្ហាញ​ចិត្ត​ទូលាយ​និង​ធ្វើ​អ្វី​មួយ​ដើម្បី​ពួក​គាត់ ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ខ្លាំង​ណាស់​»។

 តើ​ប្អូន​ដឹង​ទេ? យុវវ័យ​ជា​ច្រើន​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា ពិត​ជា​សប្បាយ​ណាស់​ដែល​បាន​ជួយ​អ្នក​ឯ​ទៀត​តាម​រយៈ​កិច្ច​ការ​អប់រំ​ខាង​គម្ពីរ។ អ្នក​ខ្លះ​ថែម​ទាំង​រើ​ទៅ​ប្រទេស​ដែល​ត្រូវ​ការ​អ្នក​បង្រៀន​គម្ពីរ​ទៀត​ផង។

 ប្អូន​អេវិន​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​បាន​រើ​ពី​សហរដ្ឋ​អាម៉េរិក​ទៅ​ប្រទេស​ម៉ិកស៊ិក​ដើម្បី​ជួយ​បង្រៀន​គម្ពីរ។ ជួន​កាល ការ​បង្ហាញ​ចិត្ត​ទូលាយ​ដោយ​ឲ្យ​លុយ​និង​របស់​របរ​ពិបាក​បន្តិច​សម្រាប់​ខ្ញុំ ដោយ​សារ​ខ្ញុំ​មិន​សូវ​មាន​លុយ​ច្រើន​ទេ។ ប៉ុន្តែ ខ្ញុំ​ឃើញ​ថា​ការ​បង្ហាញ​ចិត្ត​ទូលាយ​ដោយ​ចំណាយ​ពេល​និង​កម្លាំង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ ហើយ​នោះ​មាន​តម្លៃ​ជាង​ការ​ឲ្យ​ជា​វត្ថុ​ទ្រព្យ​ទៅ​ទៀត​»។

 តើ​ខ្ញុំ​អាច​ជួយ​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

 តើ​ប្អូន​ចង់​មាន​អំណរ​ដែល​មក​ពី​ការ​ជួយ​អ្នក​ឯ​ទៀត​ឬ​ទេ? នៅ​ខាង​ក្រោម​នេះ​មាន​យោបល់​ខ្លះ​ៗ។

 ជួយ​ក្រុម​គ្រួសារ​៖

  •  ប្អូន​អាច​ជួយ​បោស​សម្អាត​ផ្ទះ លាង​ចាន ឬ​សម្អាត​បន្ទប់​ជា​ដើម

  •  ចម្អិន​អាហារ

  •  សូម​សរសេរ​សំបុត្រ​ខ្លី​មួយ​ដែល​ប្រាប់​ពី​អំណរ​គុណ​របស់​ប្អូន​ចំពោះ​ឪពុក​ម្ដាយ

  •  ជួយ​បង្រៀន​ប្អូន​ធ្វើ​លំហាត់​សាលា

 ជួយ​អ្នក​ឯ​ទៀត​ក្រៅ​ពី​សមាជិក​គ្រួសារ​៖

  •  ផ្ញើ​សំបុត្រ​ខ្លី​មួយ​ដល់​អ្នក​ណា​ម្នាក់​ដែល​កំពុង​ឈឺ

  •  ជួយ​សម្អាត​សួន​ច្បារ​អ្នក​ជិត​ខាង​ដែល​មាន​វ័យ​ចាស់

  •  ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ណា​ម្នាក់​ដែល​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​គេ

  •  ទិញ​អំណោយ​ឲ្យ​អ្នក​ណា​ម្នាក់​ដែល​កំពុង​ជួប​ទុក្ខ​លំបាក

 យោបល់​៖ សាក​គិត​អំពី​អ្វី​ដែល​ប្អូន​អាច​ធ្វើ។ រួច​យក​អ្វី​នោះ​ជា​គោល​ដៅ​ដើម្បី​ជួយ​បុគ្គល​ម្នាក់​ក្នុង​សប្ដាហ៍​នេះ។ ប្អូន​ច្បាស់​ជា​ភ្ញាក់​ផ្អើល​ពេល​ដែល​ប្អូន​ឃើញ​ថា ប្អូន​សប្បាយ​ចិត្ត​យ៉ាង​ណា​ក្រោយ​ពី​ប្អូន​ធ្វើ​ដូច្នោះ។

 ប្អូន​អេឡាណឺ​បាន​រៀប​រាប់​ថា​៖​«​ពេល​យើង​ជួយ​អ្នក​ឯ​ទៀត យើង​មាន​អារម្មណ៍​សប្បាយ។ យើង​មាន​អារម្មណ៍​ថា​យើង​បាន​សម្រេច​កិច្ច​ការ​ណា​មួយ ហើយ​យើង​អាច​ឃើញ​ថា​អ្នក​ឯ​ទៀត​ក៏​សប្បាយ​ដែរ។ ការ​ជួយ​គេ​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​សប្បាយ ទោះ​ជា​ដំបូង​យើង​មិន​គិត​អ៊ីចឹង​ក៏​ដោយ។ អ្នក​ប្រហែល​ជា​មិន​គិត​ថា​ការ​នោះ​ជា​ការ​លះ​បង់​ឡើយ ព្រោះ​ការ​ពិត​គឺ​ជា​ខ្លួន​អ្នក​ផ្ទាល់​ទេ​ដែល​បាន​ទទួល​ប្រយោជន៍​ជា​ច្រើន​»។