លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​គួរ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? ភាគ​ទី១: អត្ថន័យ​នៃ​ការ​ជ្រមុជ​ទឹក

តើ​ខ្ញុំ​គួរ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? ភាគ​ទី១: អត្ថន័យ​នៃ​ការ​ជ្រមុជ​ទឹក

 ជា​រៀង​រាល់​ឆ្នាំ យុវវ័យ​ជា​ច្រើន​ដែល​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ដោយ​ឪពុក​ម្ដាយ​ជា​សាក្សី​ព្រះ​យេហូវ៉ា​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ តើ​ប្អូន​កំពុង​គិត​អំពី​រឿង​នេះ​ទេ? បើ​ប្អូន​កំពុង​គិត​មែន ដំបូង​ប្អូន​ត្រូវ​យល់​អំពី​អត្ថន័យ​នៃ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ការ​ជ្រមុជ​ទឹក។

 តើ​ការ​ជ្រមុជ​ទឹក​សំដៅ​ទៅ​លើ​អ្វី?

 ការ​ជ្រមុជ​ទឹក​ក្នុង​គម្ពីរ​មិន​សំដៅ​ទៅ​លើ​ការ​ប្រោះ​ទឹក​ទេ តែ​សំដៅ​ទៅ​លើ​ការ​ពន្លិច​ខ្លួន​ទៅ​ក្នុង​ទឹក​ដែល​តំណាង​ឲ្យ​អ្វី​មួយ​ដ៏​សំខាន់។

  •   ការ​ពន្លិច​ខ្លួន​ក្នុង​ទឹក​ពេល​ដែល​ទទួល​ការ​ជ្រមុជ​ទឹក គឺ​បង្ហាញ​ជា​សាធារណៈ​ថា ប្អូន​នឹង​លែង​រស់​នៅ​ដើម្បី​ធ្វើ​តាម​បំណង​ចិត្ត​របស់​ប្អូន​ទៀត​ហើយ។

  •   ការ​ងើប​ឡើង​ពី​ទឹក គឺ​បង្ហាញ​ថា​ប្អូន​ចាប់​ផ្ដើម​ជីវិត​ថ្មី​ដែល​ផ្ដោត​ទៅ​លើ​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​វិញ។

 ពេល​ប្អូន​ទទួល​ការ​ជ្រមុជ​ទឹក ប្អូន​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​កំណត់​ខ្នាត​តម្រា​អំពី​អ្វី​ខុស​និង​អ្វី​ត្រូវ ហើយ​ប្អូន​សន្យា​នៅ​ខាង​មុខ​អ្នក​ឯ​ទៀត​ថា​ប្អូន​ស្ម័គ្រ​ចិត្ត​ធ្វើ​អ្វី​ដែល​លោក​ចង់​ឲ្យ​ប្អូន​ធ្វើ។

 សូម​ពិចារណា​៖ ហេតុ​អ្វី​ប្អូន​ចង់​បង្ហាញ​ជា​សាធារណៈ​ថា​ប្អូន​ប្រើ​ជីវិត​របស់​ប្អូន​ដើម្បី​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា? សូម​មើល​យ៉ូហាន​ទី​១ ៤:១៩; ការ​បើក​បង្ហាញ ៤:១១

 តើ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​មាន​ន័យ​ដូច​ម្ដេច?

 មុន​ប្អូន​ទទួល​ការ​ជ្រមុជ​ទឹក ប្អូន​គួរ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​សិន។ តើ​តាម​របៀប​ណា?

 ក្នុង​សេចក្ដី​អធិដ្ឋាន​ពិសេស​មួយ ប្អូន​ប្រាប់​ព្រះ​យេហូវ៉ា​ថា​ប្អូន​សន្យា​បម្រើ​លោក​ជា​រៀង​រហូត ហើយ​ថា​ប្អូន​នឹង​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​លោក​ចង់​ឲ្យ​ប្អូន​ធ្វើ មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ឬ​អ្នក​ឯ​ទៀត​សម្រេច​ចិត្ត​ធ្វើ​បែប​ណា​ក៏​ដោយ។

 ការ​ជ្រមុជ​ទឹក​គឺ​ជា​ការ​បង្ហាញ​ជា​សាធារណៈ​ថា​ប្អូន​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​រួច​ហើយ។ ការ​ជ្រមុជ​ទឹក​ក៏​បង្ហាញ​ឲ្យ​អ្នក​ឯ​ទៀត​ឃើញ​ថា​ប្អូន​លែង​រស់​នៅ​ដើម្បី​ខ្លួន​ទៀត ហើយ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ប្អូន​គឺ​ជា​របស់​ព្រះ​យេហូវ៉ា។—ម៉ាថាយ ១៦:២៤

 សូម​ពិចារណា​៖ ហេតុ​អ្វី​ជីវិត​របស់​ប្អូន​ប្រសើរ​ឡើង​ពេល​ដែល​ប្អូន​ក្លាយ​ជា​របស់​ព្រះ​យេហូវ៉ា? សូម​មើល​អេសាយ ៤៨:១៧, ១៨ និង​ហេប្រឺ ១១:៦

 ហេតុ​អ្វី​ការ​ជ្រមុជ​ទឹក​គឺ​សំខាន់​ចាំ​បាច់?

 លោក​យេស៊ូ​បាន​ប្រាប់​ថា ការ​ជ្រមុជ​ទឹក​គឺ​ជា​អ្វី​ដែល​ចាំ​បាច់​សម្រាប់​អ្នក​កាន់​តាម​លោក។ (​ម៉ាថាយ ២៨:១៩, ២០​) ហេតុ​នេះ​ហើយ ការ​ជ្រមុជ​ទឹក​ក៏​នៅ​តែ​ជា​អ្វី​ដែល​សំខាន់​ចាំ​បាច់​សម្រាប់​គ្រិស្ត​សាសនិក​ដែរ។ តាម​ពិត គម្ពីរ​បាន​ប្រាប់​ថា​នោះ​គឺ​ជា​អ្វី​ដ៏​សំខាន់​ចាំ​បាច់​ដើម្បី​សង្គ្រោះ​ជីវិត។—ពេត្រុស​ទី​១ ៣:២១

 ទោះ​ជា​យ៉ាង​នោះ​ក្ដី ការ​ជ្រមុជ​ទឹក​គួរ​តែ​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដែល​ប្អូន​មាន​ចំពោះ​ព្រះ​យេហូវ៉ា​និង​អំណរ​គុណ​ដែល​ប្អូន​មាន​ចំពោះ​លោក។ ប្អូន​ត្រូវ​មាន​ចិត្ត​គំនិត​ដូច​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ ដែល​ថា​៖​«​តើ​ខ្ញុំ​នឹង​យក​អ្វី​ដើម្បី​តប​ស្នង​ព្រះ​យេហូវ៉ា ចំពោះ​អ្វី​ល្អ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​សម្រាប់​ខ្ញុំ? . . . ខ្ញុំ​នឹង​ហៅ​រក​នាម​ព្រះ​យេហូវ៉ា។ ខ្ញុំ​នឹង​ធ្វើ​តាម​សម្បថ​របស់​ខ្ញុំ​ចំពោះ​ព្រះ​យេហូវ៉ា នៅ​មុខ​រាស្ត្រ​ទាំង​អស់​របស់​លោក​»។—ចម្រៀង​សរសើរ​ព្រះ ១១៦:១២​-​១៤

 សូម​ពិចារណា​៖ តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ល្អ​អ្វី​ខ្លះ​សម្រាប់​ប្អូន? តើ​ប្អូន​អាច​សង​លោក​វិញ​យ៉ាង​ដូច​ម្ដេច? សូម​មើល​ការ​បំភ្លឺ​ច្បាប់ ១០:១២, ១៣ និង​រ៉ូម ១២:១