លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

ចុះ​បើ​ឪពុក​ម្ដាយ​ខ្ញុំ​លែង​លះ​គ្នា?

ចុះ​បើ​ឪពុក​ម្ដាយ​ខ្ញុំ​លែង​លះ​គ្នា?

 ក្នុង​ចំណោម​ស្ថានភាព​ដែល​ធ្វើ​ឲ្យ​យុវវ័យ​តាន​តឹង​ចិត្ត​ខ្លាំង​ជាង​គេ នោះ​គឺ​ឪពុក​ម្ដាយ​ពួក​គេ​បែក​បាក់​គ្នា។ បើ​ប្អូន​ស្ថិត​ក្នុង​ស្ថានភាព​នោះ​មែន ប្អូន​ពិត​ជា​ពិបាក​ចិត្ត​ខ្លាំង​ណាស់។ តើ​អ្វី​អាច​ជួយ​ប្អូន​ឲ្យ​ស៊ូ​ទ្រាំ​នឹង​អារម្មណ៍​បែប​នោះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា

 ចំណុច​បី​យ៉ាង​ដែល​ប្អូន​គួរ​ជៀស​វាង

 ១. កុំ​បន្ទោស​ខ្លួន

 ប្អូន​ដាយអាណា​បាន​រៀប​រាប់​ថា​៖​«​ពេល​មួយ ម្ដាយ​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា​តាំង​ពី​ខ្ញុំ​កើត​មក គាត់​និង​ឪពុក​ខ្ញុំ​ចេះ​តែ​មាន​បញ្ហា​រហូត។ ដូច្នេះ ខ្ញុំ​គិត​ថា​មក​ពី​ខ្ញុំ​ទើប​ឪពុក​ម្ដាយ​ខ្ញុំ​បែក​បាក់​គ្នា​»។

 សូម​ចាំ​ចំណុច​នេះ​៖ ឪពុក​ម្ដាយ​របស់​ប្អូន​លែង​លះ​គ្នា​មិន​មែន​ដោយ​សារ​ប្អូន​ទេ។ នេះ​ជា​រឿង​រវាង​ពួក​គាត់​ទាំង​ពីរ។ ប្អូន​មិន​មែន​ជា​អ្នក​បង្ក​ឲ្យ​មាន​បញ្ហា ហើយ​ប្អូន​ក៏​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នោះ​ដែរ។ ពួក​គាត់​គួរ​ទទួល​ខុស​ត្រូវ​ចំពោះ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គាត់។

 ​«​ម្នាក់​ៗ​ត្រូវ​ទទួល​ភារៈ​របស់​ខ្លួន​»។—កាឡាទី ៦:៥

 ២. កុំ​ចង​គំនុំ

 ប្អូន​រី​អាណា​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ខឹង​ឪពុក​ខ្ញុំ​ខ្លាំង​ណាស់​ដែល​ក្បត់​ចិត្ត​ម្ដាយ​ខ្ញុំ។ ដូច្នេះ ខ្ញុំ​លែង​មាន​ទំនុក​ចិត្ត​ចំពោះ​គាត់​ទៀត​»។

 សូម​ចាំ​ចំណុច​នេះ​៖ ប្អូន​ប្រហែល​ជា​អាក់​អន់​ចិត្ត​ហើយ​ខឹង ដោយ​សារ​ឪពុក​ម្ដាយ​លែង​លះ​គ្នា។ ការ​មាន​អារម្មណ៍​បែប​នេះ គឺ​សម​ហេតុ​សម​ផល។ ប៉ុន្តែ មិន​ល្អ​ទេ​ដែល​ប្អូន​ចង​គំនុំ ព្រោះ​នោះ​អាច​បង្ខូច​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​របស់​ប្អូន។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​និយាយ​ថា​ការ​ចង​គំនុំ​ប្រៀប​ដូច​ជា​ខ្លួន​ផឹក​ថ្នាំ​ពុល ហើយ​ចាំ​មើល​ថា​អ្នក​ឯ​ទៀត​នឹង​ពុល​ឬ​អត់។ a

 ​«​ចូរ​បោះ​បង់​ចោល​កំហឹង​និង​ចិត្ត​ក្រេវ​ក្រោធ​»។—ចម្រៀង​សរសើរ​ព្រះ ៣៧:៨

 ៣. កុំ​គិត​ថា​ជីវិត​អាពាហ៍ពិពាហ៍​របស់​ប្អូន​ដូច​ជា​ពួក​គាត់​ដែរ

 ប្អូន​ជេស៊ីកា​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​បារម្ភ​ថា​ខ្ញុំ​នឹង​ធ្វើ​តាម​គន្លង​របស់​ឪពុក​ខ្ញុំ។ ខ្ញុំ​ខ្លាច​ថា​បើ​ខ្ញុំ​រៀប​ការ ហើយ​មាន​កូន អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​នឹង​ប្រេះ​ឆា​ដូច​ជា​ឪពុក​ម្ដាយ​ខ្ញុំ​ដែរ​»។

 សូម​ចាំ​ចំណុច​នេះ​៖ ទោះ​ជា​អាពាហ៍ពិពាហ៍​របស់​ឪពុក​ម្ដាយ​ប្អូន​បរាជ័យ​ក្ដី តែ​នេះ​មិន​មាន​ន័យ​ថា​អាពាហ៍ពិពាហ៍​របស់​ប្អូន​នឹង​បរាជ័យ​ដែរ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ប្អូន​អាច​ទាញ​មេ​រៀន​ពី​បទ​ពិសោធន៍​នោះ។ ជា​ឧទាហរណ៍ ប្អូន​ប្រហែល​ជា​ដឹង​ច្បាស់​ជាង​ថា​ប្អូន​ចង់​បាន​គូ​ដែល​មាន​លក្ខណៈ​បែប​ណា។ ហើយ​ដោយ​សារ​បទ​ពិសោធន៍​នោះ ក៏​អាច​ជួយ​ប្អូន​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ដែល​ជួយ​ប្អូន​ឲ្យ​ទៅ​ជា​ប្ដី​ឬ​ប្រពន្ធ​ដែល​ល្អ​ជាង។

 ​«​ចូរ​ឲ្យ​ម្នាក់​ៗ​ពិនិត្យ​មើល​ការ​ប្រព្រឹត្ត​របស់​ខ្លួន​»។—កាឡាទី ៦:៤

ការ​បាក់​ឆ្អឹង​អាច​ជា​សះ​ស្បើយ​បាន ស្រដៀង​គ្នា​ដែរ អារម្មណ៍​ឈឺ​ចិត្ត​ដោយ​សារ​ឪពុក​ម្ដាយ​លែង​លះ​គ្នា​ក៏​អាច​ធូរ​ស្រាល​ឡើង​វិញ​បាន​ដែរ

 អ្វី​បី​យ៉ាង​ដែល​ប្អូន​អាច​ធ្វើ

 ១. ប្រាប់​អំពី​អារម្មណ៍​របស់​ប្អូន។ អ្នក​ខ្លះ​ពេល​មិន​សប្បាយ​ចិត្ត​មិន​ចង់​និយាយ​អំពី​អារម្មណ៍​របស់​ខ្លួន​ទេ។ ដូច្នេះ ពួក​គេ​ផឹក​ស្រា​ឬ​សេព​គ្រឿង​ញៀន ដើម្បី​បំបាត់​ទុក្ខ។ សូម​ប្អូន​កុំ​ធ្វើ​ដូច្នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ សូម​សាក​ធ្វើ​តាម​វិធី​ខាង​ក្រោម​៖

 ប្រាប់​អារម្មណ៍​របស់​ប្អូន​ដល់​ឪពុក​ម្ដាយ។ បើ​ឪពុក​ឬ​ម្ដាយ​ចេះ​តែ​ប្រាប់​កំហុស​របស់​គ្នា​ដល់​ប្អូន សូម​និយាយ​ដោយ​ស្លូត​បូត​ប្រាប់​គាត់​ថា រឿង​នោះ​ប៉ះ​ពាល់​យ៉ាង​ណា​មក​លើ​ប្អូន។ តែ​បើ​ប្អូន​ពិបាក​និយាយ​ប្រាប់​គាត់​ដោយ​ផ្ទាល់ ប្អូន​អាច​សរសេរ​សំបុត្រ​ប្រាប់​ពួក​គាត់​ក៏​បាន។

 ប្រាប់​អារម្មណ៍​របស់​ប្អូន​ដល់​មិត្ត​ភក្តិ។ ពេល​អ្នក​ណា​ម្នាក់​ស្ដាប់​ប្អូន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ នោះ​ប្អូន​ច្បាស់​ជា​ធូរ​ចិត្ត​ណាស់។ គម្ពីរ​ចែង​ថា​៖​«​មិត្ត​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា ហើយ​គាត់​ប្រៀប​ដូច​ជា​បង​ប្អូន​ដែល​កើត​មក ដើម្បី​ជួយ​គ្នា​នៅ​ពេល​មាន​ទុក្ខ​លំបាក​»។—សុភាសិត ១៧:១៧

 ប្រាប់​អារម្មណ៍​របស់​ប្អូន​ដល់​ព្រះ​ដែល​ជា​អ្នក​បង្កើត។ រៀង​រាល់​ដង​ដែល​ប្អូន​ប្រាប់​អារម្មណ៍​របស់​ប្អូន​ដល់​ព្រះ​យេហូវ៉ា លោក​តែង​តែ​ស្ដាប់​ប្អូន​ជា​និច្ច ព្រោះ​លោក​ជា​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិដ្ឋាន​»។ (​ចម្រៀង​សរសើរ​ព្រះ ៦៥:២​) គម្ពីរ​ចែង​ថា ប្អូន​អាច‹ផ្ទេរ​កង្វល់​ទាំង​អស់​ទៅ​ព្រះ ពីព្រោះ​លោក​រមែង​គិត​អំពី​ប្អូន›។—ពេត្រុស​ទី​១ ៥:៧

  •   តើ​ប៉ា​ឬ​ក៏​ម៉ាក់​ដែល​ប្អូន​អាច​និយាយ​ជា​មួយ​ដោយ​អារម្មណ៍​ស្រួល?

  •   តើ​មិត្ត​ភក្តិ​មួយ​ណា​ដែល​អាច​ជួយ​សម្រាល​ទុក្ខ​ប្អូន ជា​មិត្ត​ដែល​មាន​អាយុ​ស្រករ​ប្អូន​ឬ​មាន​អាយុ​ចាស់​ជាង​ប្អូន?

  •   តើ​កង្វល់​មួយ​ណា​ដែល​ប្អូន​ចង់​អធិដ្ឋាន​ប្រាប់​ព្រះ?

 ២. សម្រប​ខ្លួន​ទៅ​តាម​ស្ថានភាព​ថ្មី

 ក្រោយ​ឪពុក​ម្ដាយ​ប្អូន​លែង​លះ​គ្នា ប្អូន​ប្រហែល​ជា​ត្រូវ​សម្រប​ខ្លួន​នឹង​ស្ថានភាព​ថ្មី ដូច​ជា​ត្រូវ​ទៅ​រស់​នៅ​ផ្ទះ​ថ្មី រៀន​នៅ​សាលា​ថ្មី មាន​មិត្ត​ភក្តិ​ថ្មី ហើយ​ការ​ចាយ​វាយ​ក៏​ខុស​ពី​មុន​ដែរ។ រឿង​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ប្អូន​តាន​តឹង​ចិត្ត មាន​ការ​ខ្វល់​ខ្វាយ និង​មាន​អារម្មណ៍​ថា​ជីវិត​ដូច​ជា​ក្រឡាប់​ចាក់​ទាំង​ស្រុង តែ​នេះ​ជា​អារម្មណ៍​ធម្មតា​ទេ។ តើ​ប្អូន​អាច​សម្រប​ខ្លួន​យ៉ាង​ណា​នឹង​ស្ថានភាព​ថ្មី? សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ប្អូន​អាច​ធ្វើ។

  •   ដោយ​សារ​ឪពុក​ម្ដាយ​ប្អូន​លែង​លះ​គ្នា តើ​អ្វី​ជា​ការ​ផ្លាស់​ប្ដូរ​ធំ​ជាង​គេ​សម្រាប់​ប្អូន?

  •   តើ​មាន​ជំហាន​អ្វី​ខ្លះ​ដែល​ប្អូន​អាច​ធ្វើ​ដើម្បី​សម្រប​ខ្លួន​ទៅ​តាម​ស្ថានភាព​ថ្មី​នោះ?

 «​ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត ទោះ​ជា​ខ្ញុំ​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​»។—ភីលីព ៤:១១

 ៣. កត់​សម្គាល់​ចំណុច​ខ្លាំង​របស់​ខ្លួន

 ប្អូន​ប្រហែល​ជា​តាន​តឹង​ចិត្ត​ខ្លាំង​ណាស់​ពេល​ដែល​ឪពុក​ម្ដាយ​លែង​លះ​គ្នា តែ​នោះ​ក៏​ជួយ​ប្អូន​ឲ្យ​រឹង​មាំ​មួយ​កម្រិត​ដែរ។ ម្យ៉ាង​ទៀត នោះ​ក៏​ជួយ​ប្អូន​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ថ្មី។ ជា​ឧទាហរណ៍ ប្អូន​យេរេមី​ដែល​មាន​ឪពុក​ម្ដាយ​លែង​លះ​គ្នា​ពេល​គាត់​អាយុ​១៣​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​ក្រោយ​ពី​ឪពុក​ម្ដាយ​ខ្ញុំ​លែង​លះ​គ្នា ខ្ញុំ​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ជាង។ ខ្ញុំ​ជា​កូន​ច្បង ដូច្នេះ​ខ្ញុំ​ជួយ​រែក​ពុន​បន្ទុក​ម្ដាយ​ខ្ញុំ និង​ជួយ​ផ្គត់​ផ្គង់​ប្អូន​ៗ​របស់​ខ្ញុំ​»។

ក្រោយ​ពី​ឪពុក​ម្ដាយ​លែង​លះ ប្អូន​អាច​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ជាង​នៅ​ផ្ទះ

  •   ដោយ​សារ​ស្ថានភាព​គ្រួសារ​របស់​ប្អូន​ផ្លាស់​ប្ដូរ តើ​ប្អូន​រក​ឃើញ​ចំណុច​ខ្លាំង​អ្វី​ខ្លះ​របស់​ខ្លួន?

  •   តើ​មាន​លក្ខណៈ​អ្វី​ខ្លះ​ដែល​ប្អូន​ចង់​រីក​ចម្រើន​ថែម​ទៀត?

 «​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ក៏​មាន​ប្រយោជន៍​សម្រាប់ . . . ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ​»។—ធីម៉ូថេ​ទី​២ ៣:១៦

a ដើម្បី​ស្វែង​យល់​ថែម​ទៀត សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ទប់​កំហឹង?​»។