លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើខ្ញុំអាចធ្វើយ៉ាងណាដើម្បីឲ្យឪពុកម្ដាយទុកចិត្តខ្ញុំ?

តើខ្ញុំអាចធ្វើយ៉ាងណាដើម្បីឲ្យឪពុកម្ដាយទុកចិត្តខ្ញុំ?

 អ្វី​ដែល​ប្អូន​គួរ​ដឹង

 ប្អូន​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត​ប៉ុន​ណា នោះ​ឪ​ពុក​ម្ដាយ​របស់​ប្អូន​នឹង​ទុក​ចិត្ត​ប្អូន​ប៉ុណ្ណឹង​ដែរ។ ការ​ស្ដាប់​បង្គាប់​ឪ​ពុក​ម្ដាយ​ប្រៀប​ដូច​ជា​ការ​សង​បំណុល​ទៅ​ធនាគារ។ បើ​ប្អូន​ធ្វើ​ការ​សង​ប្រាក់​ទៅ​ធនាគារ​យ៉ាង​ទៀង​ទាត់ នោះ​ធនាគារ​នឹង​ស្រួល​ឲ្យ​ប្អូន​ខ្ចី​ប្រាក់​បន្ថែម​ទៀត។ ដូច​គ្នា​ដែរ បើ​ប្អូន​ធ្លាប់​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត នោះ​ឪ​ពុក​ម្ដាយ​ប្អូន​នឹង​ស្រួល​ឲ្យ​សេរី​ភាព​ទៅ​ប្អូន​ច្រើន​ជាង។ តែ​ប្រសិន​ជា​ប្អូន​ធ្លាប់​ជា​មនុស្ស​ដែល​មិន​គួរ​ឲ្យ​ទុក​ចិត្ត ជា​ការ​ធម្មតា​ទេ ដែល​ឪ​ពុក​ម្ដាយ​ប្អូន​នឹង​ដាក់​កម្រិត​ទៅ​លើ​សេរី​ភាព​របស់​ប្អូន។

 ដើម្បី​ទទួល​បាន​ការ​ទុក​ចិត្ត​គឺ​ត្រូវ​ការ​ពេល។ តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​ប្អូន នោះ​ប្អូន​ត្រូវ​បង្ហាញ​ឲ្យ​ឪ​ពុក​ម្ដាយ​របស់​ប្អូន​ឃើញ​ថា​ប្អូន​ជា​មនុស្ស​ដែល​ចេះ​ទទួល​ខុស​ត្រូវ មុន​ពេល​ដែល​ពួក​គាត់​អាច​ឲ្យ​សេរី​ភាព​ដល់​ប្អូន​ច្រើន​ជាង។

 រឿង​ពិត: ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​ខ្រេក​បាន​រៀប​រាប់​ថា​៖«ជា​យុវវ័យ​ម្នាក់ ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​ឪ​ពុក​ម្ដាយ​ខ្ញុំ​ចង់​ឲ្យ​ធ្វើ ដូច្នេះ​នៅ​មុខ​ពួក​គាត់​ខ្ញុំ​ធ្វើ​ពុត​ជា​ធ្វើ​តាម តែ​តាម​ការ​ពិត​ខ្ញុំ​បាន​លួច​ធ្វើ​អ្វី​ផ្សេង​ដែល​ខ្ញុំ​ចង់​ធ្វើ។ ការ​ធ្វើ​ដូច​នេះ​កាន់​តែ​ធ្វើ​ឲ្យ​ឪ​ពុក​ម្ដាយ​របស់​ខ្ញុំ​ពិបាក​ទុក​ចិត្ត​ខ្ញុំ។ ក្រោយ​មក​ខ្ញុំ​រៀន​ថា: ការ​កុហក​មិន​មែន​ជា​វិធី​ដើម្បី​ទទួល​បាន​សេរី​ភាព​នោះ​ទេ។ ដើម្បី​ទទួល​បាន​ការ​ទុក​ចិត្ត អ្នក​ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ជា​មុន​សិន»។

 អ្វី​ដែល​ប្អូន​អាច​ធ្វើ

 សូម​និយាយ​ការ​ពិត ទោះ​បី​ជា​នេះ​មិន​ស្រួល​ក៏​ដោយ។ មនុស្ស​គ្រប់​រូប​ធ្លាប់​ធ្វើ​ខុស ប៉ុន្តែ​ការ​ព្យាយាម​លាក់​កំហុស​ដោយ​ការ​កុហក (​ឬ​ក៏​មិន​ប្រាប់​ការ​ពិត​ទាំង​ស្រុង​) នេះ​នឹង​បំផ្លាញ​ទំនុក​ចិត្ត​របស់​ឪ​ពុក​ម្ដាយ​ប្អូន​ដែល​មាន​ចំពោះ​ប្អូន​ទាំង​ស្រុង។ ម្យ៉ាង​ទៀត ការ​សារភាព​កំហុស​នោះ​នឹង​ធ្វើ​ឲ្យ​ឪ​ពុក​ម្ដាយ​របស់​ប្អូន​ឃើញ​ថា ប្អូន​ជា​មនុស្ស​ស្មោះ​ត្រង់​និង​មាន​ភាព​ចាស់​ទុំ។ បុគ្គល​ដែល​ចេះ​សារភាព​កំហុស​គឺ​ជា​បុគ្គល​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។

 ប្អូន​ស្រី​អាណា​បាន​រៀប​រាប់​ថា​៖«អ្នក​នឹង​មិន​បាត់​បង់​ទំនុក​ចិត្ត​ពី​អ្នក​ឯ​ទៀត​ដោយ​ការ​ធ្វើ​ខុស​ទេ ប៉ុន្តែ​អ្នក​នឹង​បាត់​បង់​ទំនុក​ចិត្ត​ពី​អ្នក​ឯ​ទៀត​បើ​អ្នក​ព្យាយាម​លាក់​កំហុស»។

 គម្ពីរ​ចែង​ថា​៖​«​យើង​ចង់​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»។—ហេប្រឺ ១៣:១៨

  •   សូម​គិត: ពេល​ដែល​ឪ​ពុក​ម្ដាយ​របស់​ប្អូន​សួរ​ថា​ប្អូន​នឹង​ទៅ​ណា ហើយ​តើ​ប្អូន​នឹង​ធ្វើ​អ្វី តើ​ប្អូន​ប្រាប់​ពួក​គាត់​ការ​ពិត​ទាំង​ស្រុង​ទេ? ឬ ពេល​ដែល​ឪ​ពុក​ម្ដាយ​របស់​ប្អូន​សួរ​ថា តើ​ប្អូន​បាន​ទៅ​ណា​ខ្លះ​និង​បាន​ធ្វើ​អ្វី​ខ្លះ តើ​ប្អូន​ប្រាប់​ពួក​គាត់​យ៉ាង​ចំ​ៗ​ឲ្យ​ពួក​គាត់​យល់​ច្បាស់​ទេ?

 សូម​មាន​ទំនួល​ខុស​ត្រូវ។ សូម​ធ្វើ​តាម​វិន័យ​ទាំង​អស់​ដែល​ឪ​ពុក​ម្ដាយ​ដាក់​ឲ្យ។ សូម​ធ្វើ​កិច្ច​ការ​របស់​ប្អូន​ឲ្យ​ទៀង​ទាត់។ បើ​មាន​ការ​ណាត់ សូម​មក​ទាន់​ពេល។ សូម​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​កិច្ច​ការ​សាលា។ សូម​មក​ផ្ទះ​មុន​ម៉ោង​ដែល​ឪ​ពុក​ម្ដាយ​បាន​កំណត់​ឲ្យ។

 ប្អូន​ប្រុស​រ៉ាយអិន​បាន​រៀប​រាប់​ថា​៖«បើ​ឪ​ពុក​ម្ដាយ​របស់​អ្នក​អនុញ្ញាត​ឲ្យ​អ្នក​ចេញ​ក្រៅ​ជា​មួយ​មិត្ត​ភក្ដិ ហើយ​ពួក​គាត់​សុំ​ឲ្យ​អ្នក​មក​ដល់​ផ្ទះ​ម៉ោង​៩​យប់ តែ​អ្នក​បែរ​ជា​មក​វិញ​នៅ​ម៉ោង​១០​កន្លះ​យប់ នោះ​សូម​កុំ​រំពឹង​ឲ្យ​សោះ​ថា​ឪ​ពុក​ម្ដាយ​របស់​អ្នក​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ចេញ​ទៅ​ក្រៅ​នៅ​ពេល​ក្រោយ​ទៀត!»។

 គម្ពីរ​ចែង​ថា​៖​«​ម្នាក់​ៗ​ត្រូវ​ទទួល​ភារៈ​របស់​ខ្លួន​»។—កាឡាទី ៦:៥

  •   សូម​គិត: កន្លង​មក​តើ​ប្អូន​ធ្លាប់​មាន​ការ​ប្រព្រឹត្ត​បែប​ណា អំពី​ការ​គោរព​ពេល​វេលា ការ​ធ្វើ​កិច្ច​ការ​ដែល​ឪ​ពុក​ម្ដាយ​បាន​ដាក់​ឲ្យ និង​ការ​ធ្វើ​តាម​វិន័យ​ផ្សេង​ៗ សូម្បី​តែ​វិន័យ​ដែល​ប្អូន​មិន​ចូល​ចិត្ត​ក៏​ដោយ?

 សូម​មាន​ចិត្ត​អត់​ធ្មត់។ ប្រសិន​ជា ប្អូន​ធ្លាប់​បាន​បំផ្លាញ​ទំនុក​ចិត្ត​របស់​ឪ​ពុក​ម្ដាយ​ប្អូន គឺ​ត្រូវ​ការ​ពេល​ដើម្បី​ប្អូន​អាច​ទទួល​បាន​ការ​ទុក​ចិត្ត​ម្ដង​ទៀត។ សូម​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់។

 ប្អូន​ស្រី​រេឆឺល​បាន​រៀប​រាប់​ថា​៖«ខ្ញុំ​ខក​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​ឪ​ពុក​ម្ដាយ​របស់​ខ្ញុំ​មិន​ផ្ដល់​សិទ្ធ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ទោះ​បី​ជា​ខ្ញុំ​មាន​អាយុ​ល្មម​ក្ដី។ ក្រោយ​មក​ខ្ញុំ​ទទួល​ស្គាល់​ថា ភាព​ចាស់​ទុំ​មិន​អាស្រ័យ​លើ​អាយុ​ទេ។ ខ្ញុំ​បាន​សុំ​ពេល​ពី​ឪ​ពុក​ម្ដាយ ដើម្បី​ខ្ញុំ​អាច​បង្ហាញ​ឲ្យ​ពួក​គាត់​ឃើញ​ថា​ខ្ញុំ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ នោះ​ប្រើ​ពេល​បន្ដិច​មែន តែ​មាន​ប្រសិទ្ធភាព។ នេះ​បង្រៀន​ខ្ញុំ​ថា ដើម្បី​ទទួល​បាន​ទំនុក​ចិត្ត​ពី​អ្នក​ឯ​ទៀត នោះ​អាស្រ័យ​លើ​ការ​ប្រព្រឹត្ត មិន​មែន​លើ​អាយុ​ទេ»។

 គម្ពីរ​ចែង​ថា​៖​«​ចូរ​ស​ឲ្យ​ឃើញ​ជា​និច្ច​ថា​អ្នក​ជា​មនុស្ស​បែប​ណា​»។—កូរិនថូស​ទី២ ១៣:៥

  •   សូម​គិត​: ដើម្បី​ទទួល​បាន​ទំនុក​ចិត្ត​ពី​ឪ​ពុក​ម្ដាយ តើ​មាន​ចំណុច​អ្វី​ខ្លះ​ដែល​ប្អូន​អាច​ធ្វើ​ដើម្បី‹ស​ឲ្យ​ឃើញ​ថា​ប្អូន​ជា​មនុស្ស​បែប​ណា›?

 យោបល់: សូម​កំណត់​គោល​ដៅ ដូច​ជា​ការ​គោរព​ពេល​វេលា ការ​ធ្វើ​កិច្ច​ការ​ណា​មួយ ការ​គោរព​តាម​វិន័យ ឬ​ធ្វើ​តាម​អ្វី​ផ្សេង​ទៀត​ដែល​ឪ​ពុក​ម្ដាយ​កំណត់​ឲ្យ។ សូម​បង្ហាញ​ឲ្យ​ឪ​ពុក​ម្ដាយ​របស់​ប្អូន​ឃើញ​ថា​ប្អូន​កំពុង​តាំង​ចិត្ត​ធ្វើ​ដូច្នេះ ហើយ​សូម​សួរ​ពួក​គាត់ អំពី​អ្វី​ដែល​ពួក​គាត់​ចង់​ឲ្យ​ប្អូន​ធ្វើ​ដើម្បី​ឲ្យ​ពួក​គាត់​អាច​ទុក​ចិត្ត​ប្អូន។ សូម​ធ្វើ​តាម​ការ​រំលឹក​ពី​គម្ពីរ​ដោយ:​«​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់ ដែល​ស្រប​គ្នា​នឹង​ការ​ប្រព្រឹត្ត​របស់​អ្នក​ពី​មុន​»។ (​អេភេសូរ ៤:២២​) នៅ​ថ្ងៃ​ណា​មួយ​ឪ​ពុក​ម្ដាយ​របស់​ប្អូន​នឹង​ឃើញ​ការ​រីក​ចម្រើន​របស់​ប្អូន!