លោតទៅអត្ថបទ

សព្វ​ថ្ងៃ​នេះ តើ​វេជ្ជបណ្ឌិត​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​បញ្ចូល​ឈាម?

សព្វ​ថ្ងៃ​នេះ តើ​វេជ្ជបណ្ឌិត​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​បញ្ចូល​ឈាម?

អស់​រាប់​សិប​ឆ្នាំ​មក​ហើយ សាក្សី​ព្រះ​យេហូវ៉ា​បាន​ត្រូវ​រិះ​គន់​ដោយ​សារ​ពួក​គេ​មិន​ព្រម​ទទួល​ការ​ចាក់​បញ្ចូល​ឈាម។ ពួក​គេ​មិន​ព្រម​ទទួល​ការ​ចាក់​បញ្ចូល​ឈាម ដោយ​សារ​គម្ពីរ​ណែនាំ​ថា​ត្រូវ«ជៀស​វាង​ពី​ឈាម»។ ក៏​ប៉ុន្តែ​ជួន​កាល​នេះ​នាំ​ឲ្យ​ពួក​គេ​មាន​គោល​ជំហរ​ដែល​ប្រទាំង​គ្នា​នឹង​ទស្សនៈ​របស់​វេជ្ជបណ្ឌិត ដែល​គិត​ថា​ការ​បញ្ចូល​ឈាម​ជា​វិធី​ព្យាបាល​ដ៏​ល្អ​សម្រាប់​អ្នក​ជំងឺ។—សកម្មភាព ១៥​:​២៩

ក៏​ប៉ុន្តែ ក្រុម​វេជ្ជបណ្ឌិត​ដែល​មាន​បទ​ពិសោធន៍​បាន​ពិចារណា​កាន់​តែ​ច្រើន​អំពី​មូលហេតុ​ដែល​ការ​ព្យាបាល​ដោយ​មិន​ចាក់​បញ្ចូល​ឈាម​មាន​ប្រយោជន៍​ក្នុង​វិស័យ​ការ​ថែ​ទាំ​សុខភាព។

ទស្សនាវដ្ដី​មួយ​ដែល​ចុះ​ផ្សាយ​នៅ​ឆ្នាំ​២០១៣ មាន​សេចក្ដី​រាយ​ការណ៍​ពិសេស​មួយ​អំពី​ឈាម ដែល​ផ្នែក​មួយ​មាន​ចំណង​ជើង​ថា«ការ​ប្រឆាំង​ចំពោះ​ទម្លាប់​មួយ​ដែល​មាន​ជា​ទូ​ទៅ ហេតុ​អ្វី​វេជ្ជបណ្ឌិត​កាន់​តែ​តិច​ទៅៗព្យាបាល​ដោយ​ចាក់​បញ្ចូល​ឈាម?»(Stanford Medicine Magazine, a publication of the Stanford University School of Medicine)។ សារ៉ាវីល្លាម​ដែល​ជា​អ្នក​និពន្ធ​អត្ថបទ​នេះ បាន​សរសេរ​ថា៖«ក្នុង​ប៉ុន្មាន​ទសវត្សរ៍​មុន ក្រុម​ស្រាវ​ជ្រាវ​ដ៏​ល្បី​មួយ​បាន​បង្ហាញ​ថា ក្នុង​មន្ទីរ​ពេទ្យ​នៅ​ទូ​ទាំង​ពិភព​លោក ឈាម​ដែល​បាន​ត្រូវ​បរិច្ចាគ​បាន​ត្រូវ​គេ​ចាក់​បញ្ចូល​ញឹក​ញាប់​ជាង​តម្រូវ​ការ និង​ក្នុង​ចំនួន​ច្រើន​ជាង​អ្វី​ដែល​ត្រូវ​ការ ដើម្បី​ជួយ​ព្យាបាល​អ្នក​ជំងឺ មិន​ថា​ក្នុង​បន្ទប់​វះ​កាត់​ឬ​ក្នុង​សាល​អ្នក​ជំងឺ​ក្ដី»។

នាង​បាន​ដក​ស្រង​សម្ដី​របស់​វេជ្ជបណ្ឌិត​ប៉ាទ្រីសាហ្វដ ដែល​ជា​អ្នក​ស្រាវ​ជ្រាវ និង​ជា​នាយក​ក្នុង​មជ្ឈមណ្ឌល​ព្យាបាល​និង​វះ​កាត់​ដោយ​មិន​ប្រើ​ឈាម​នៃ​មន្ទីរ​ពេទ្យ​ប៉ិនស៊ីវ៉ានី។ វេជ្ជបណ្ឌិត​ហ្វដ​បាន​មាន​ប្រសាសន៍​ថា៖«អ្វី​ដែល​គ្រូ​ពេទ្យ​ជា​ទូ​ទៅ​បាន​ត្រូវ​បង្រៀន​គឺ​ពិបាក​នឹង​លុប​បំបាត់​ណាស់ ពោល​គឺ​ទស្សនៈ​ដែល​ថា​មនុស្ស​នឹង​ត្រូវ​ស្លាប់ បើ​ពួក​គេ​មិន​មាន​ឈាម​តាម​ចំនួន​កំណត់​មួយ ពី​ព្រោះ​ឈាម​គឺ​ជា​ដែល​ល្អ​បំផុត​ដើម្បី​សង្គ្រោះ​ជីវិត​.​.​.។ គំនិត​នេះ​គឺ​ត្រឹម​ត្រូវ​ក្នុង​ស្ថានភាព​ខ្លះ a ប៉ុន្តែ សម្រាប់​អ្នក​ជំងឺ​ភាគ​ច្រើន​មិន​មែន​ដូច្នេះ​ទេ»។

វេជ្ជបណ្ឌិត​ដែល​បាន​ព្យាបាល​សាក្សី​ព្រះ​យេហូវ៉ា​ប្រហែល​ជា​៧០០​នាក់​ជា​រៀង​រាល់​ឆ្នាំ ក៏​បាន​បន្ត​ថា៖«គ្រូ​ពេទ្យ​ជា​ច្រើន​ដែល​ខ្ញុំ​បាន​និយាយ​ជា​មួយ​.​.​.​នឹង​ពួក​គេ​បាន​យល់​ច្រឡំ​ថា អ្នក​ជំងឺ​ជា​ច្រើន​នឹង​មិន​អាច​រស់​បាន​ទេ បើ​មិន​បញ្ចូល​ឈាម​.​.​.​សូម្បី​តែ​ខ្ញុំ​ក៏​ធ្លាប់​គិត​បែប​នេះ​ដែរ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​រៀន​ម្ដង​ហើយ​ម្ដង​ទៀត​គឺ​ថា អ្នក​អាច​ព្យាបាល​អ្នក​ជំងឺ​ទាំង​នេះ ដោយ​គ្រាន់​តែ​ប្រើ​វិធី​ព្យាបាល​ស្រួលៗខ្លះ​ប៉ុណ្ណោះ»។

នៅ​ខែ​សីហា ឆ្នាំ​២០១២ សារ​ព័ត៌មាន​មួយ​បាន​បោះ​ពុម្ព​ផ្សាយ​អំពី​លទ្ធផល​សិក្សា​អំពី​អ្នក​ជំងឺ​វះ​កាត់​បេះ​ដូង​ក្នុង​មជ្ឈមណ្ឌល​មួយ ក្នុង​អំឡុង​រយៈ​ពេល​២៨​ឆ្នាំ។ អ្នក​ជំងឺ​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​ឆាប់​ជា​សះ​ស្បើយ​ជាង​អ្នក​ជំងឺ​ឯ​ទៀត​ដែល​មាន​ស្ថានភាព​ស្រដៀង​គ្នា ដែល​ព្យាបាល​ដោយ​បញ្ចូល​ឈាម។ បើ​ប្រៀប​ធៀប​អ្នក​ជំងឺ​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​និង​អ្នក​ជំងឺ​ដែល​ព្យាបាល​ដោយ​បញ្ចូល​ឈាម សាក្សី​ព្រះ​យេហូវ៉ា​ខ្លះ​ដែល​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ បាន​ផុត​ពី​គ្រោះ​ថ្នាក់​ភ្លាមៗក្រោយ​ពី​ការ​វះ​កាត់ ហើយ​ពួក​គាត់​រស់​នៅ​ដល់​២០​ឆ្នាំ​ក្រោយ​មក(Archives of Internal Medicine)។

អត្ថបទ​មួយ​ក្នុង​សារ​ព័ត៌មាន​ដែល​ចុះ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៣ បាន​សរសេរ​ថា៖«ការ​វះ​កាត់​ដោយ​មិន​បញ្ចូល​ឈាម ដែល​ជា​ការ​វះ​កាត់​ដោយ​មិន​ប្រើ​ឈាម​ដែល​គេ​បាន​បរិច្ចាគ បាន​ត្រូវ​យក​មក​ប្រើ​ជា​វិធី​ព្យាបាល​អស់​រាប់​ឆ្នាំ​មក​ហើយ​ចំពោះ​អ្នក​ជំងឺ​ដែល​មិន​ព្រម​ទទួល​ការ​ចាក់​បញ្ចូល​ឈាម​ដោយ​សារ​ជំនឿ​សាសនា​របស់​ពួក​គេ។ ឥឡូវ​ខាង​មន្ទីរ​ពេទ្យ​ទទួល​ស្គាល់​ជំនឿ​នោះ​ជា​ទូលំ​ទូលាយ​.​.​.​គ្រូ​ពេទ្យ​ជំនាញ​ផ្នែក​វះ​កាត់​ដែល​ជោគ​ជ័យ​ក្នុង​ការ​វះ​កាត់​ដោយ​មិន​បញ្ចូល​ឈាម​និយាយ​ថា ការ​មិន​បញ្ចូល​ឈាម​មិន​គ្រាន់​តែ​ជួយ​កាត់​បន្ថយ​ចំណាយ​ទៅ​លើ​ការ​ទិញ ទុក​ដាក់ ថែ​រក្សា ធ្វើ​តេស្ត និង​ការ​ចាក់​បញ្ចូល​ឈាម​ប៉ុណ្ណោះ​ទេ តែ​វិធី​សាស្ត្រ​នេះ​ក៏​កាត់​បន្ថយ​ការ​ឆ្លង​មេ​រោគ​និង​ផល​វិបាក​ផ្សេងៗដែល​អាច​នាំ​ឲ្យ​អ្នក​ជំងឺ​ត្រូវ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​យូរ​ជាង»។

ដូច្នេះ​ហើយ មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ដែល​វេជ្ជបណ្ឌិត​រ៉ូបឺត ឡូរេន ជា​ប្រធាន​ផ្នែក​ផ្គត់​ផ្គង់​ឈាម​ក្នុង​មន្ទីរ​ពេទ្យ​ក្លេវឺលេន បាន​និយាយ​ថា៖«ពេល​អ្នក​បញ្ចូល​ឈាម​ឲ្យ​អ្នក​ជំងឺ អ្នក​មាន​អារម្មណ៍​ភ្លាមៗថា អ្នក​កំពុង​ជួយ​ពួក​គេ​.​.​.​ប៉ុន្តែ​ផល​ប៉ះ​ពាល់​ក្នុង​រយៈ​ពេល​យូរ​គឺ​ផ្ទុយ​ពី​អ្វី​ដែល​យើង​រំពឹង​ទុក»។

a ដើម្បី​រៀន​អំពី​ទស្សនៈ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ចំពោះ​ឈាម សូម​មើល​អត្ថបទ«សំណួរ​ដែល​មនុស្ស​ជា​ច្រើន​សួរ ហេតុ​អ្វី​អ្នក​មិន​បញ្ចូល​ឈាម?»។