លោតទៅអត្ថបទ

តើការជក់បារីគឺជាអំពើខុសឆ្គងឬទេ?

តើការជក់បារីគឺជាអំពើខុសឆ្គងឬទេ?

ចម្លើយ​ពី​គម្ពីរ

 គម្ពីរ​មិន​បាន​រៀប​រាប់​អំពី​ការ​ជក់​បារី a ឬ​ការ​ប្រើ​ថ្នាំ​ជក់​ប្រភេទ​ផ្សេង​ៗ​ទេ។ ក៏​ប៉ុន្តែ គម្ពីរ​មាន​គោល​ការណ៍​ដែល​បង្ហាញ​ថា​ព្រះ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ប្រព្រឹត្ត​ដ៏​ស្មោក​គ្រោក និង​ការ​មាន​ទម្លាប់​មិន​ស្អាត​ស្អំ។ ដូច្នេះ ព្រះ​ចាត់​ទុក​ថា​ការ​ជក់​បារី​គឺ​ជា​អំពើ​ខុស​ឆ្គង។

  •   ការ​ឲ្យ​តម្លៃ​ចំពោះ​ជីវិត។ ‹ព្រះ​ផ្ដល់​ជីវិត និង​ដង្ហើម​ដល់​មនុស្ស​គ្រប់​រូប›។ (​សកម្មភាព ១៧:២៤, ២៥​) ដោយ​សារ​ជីវិត​ជា​អំណោយ​ពី​ព្រះ យើង​មិន​គួរ​ធ្វើ​អ្វី​ដែល​អាច​កាត់​បន្ថយ​អាយុជីវិត​របស់​យើង​ទេ ដូច​ជា​ការ​ជក់​បារី​ជា​ដើម។ នៅ​ទូទាំង​ពិភព​លោក ការ​ជក់​បារី​ជា​មូលហេតុ​ចម្បង​មួយ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់។

  •   ស្រឡាញ់​អ្នក​ជិត​ខាង។ ​«​អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក​»។ (​ម៉ាថាយ ២២:៣៩​) ការ​ជក់​បារី​នៅ​ក្នុង​ចំណោម​អ្នក​ឯ​ទៀត គឺ​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ឡើយ។ ពួក​អ្នក​ដែល​បាន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ហឺត​ផ្សែង​បារី​ជា​ទៀង​ទាត់​អាច​កើត​ជំងឺ​ផ្សេង​ៗ​ដែល​មក​ពី​ការ​ជក់​បារី ច្រើន​ជាង​អ្នក​ជក់​ទៅ​ទៀត។

  •   យើង​ត្រូវ​តែ​បរិសុទ្ធ។ ចូរ​«​ប្រគល់​រូប​កាយ​របស់​ខ្លួន​ជា​គ្រឿង​បូជា​ដែល​មាន​ជីវិត ក៏​បរិសុទ្ធ ហើយ​គាប់​ចិត្ត​ព្រះ​»។ (​រ៉ូម ១២:១​) ​«​ចូរ​យើង​សម្អាត​ចិត្ត​និង​កាយ​របស់​យើង​ឲ្យ​ស្អាត​ពី​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ស្មោក​គ្រោក ហើយ​ដោយ​កោត​ខ្លាច​ព្រះ ចូរ​យើង​ធ្វើ​ឲ្យ​សេចក្ដី​បរិសុទ្ធ​របស់​យើង​ឈាន​ទៅ​រក​ភាព​ល្អ​ឥត​ខ្ចោះ​»។ ការ​ជក់​បារី​គឺ​ខុស​ពី​ធម្មជាតិ ហើយ​មិន​បរិសុទ្ធ​ឬ​មិន​ស្អាត​ស្អំ​ទេ។ អ្នក​ជក់​បារី​ប្រើ​ថ្នាំ​ជក់​ដែល​មាន​សារធាតុ​ពុល​ដោយ​ចេតនា នោះ​នាំ​ឲ្យ​បង្ខូច​រូប​កាយ​របស់​ពួក​គេ។

តើ​គម្ពីរ​ចែង​អំពី​ការ​ជក់​កញ្ឆា​ឬ​ការ​ប្រើ​ថ្នាំ​ដែល​មាន​សារធាតុ​ញៀន​សម្រាប់​ការ​កម្សាន្ត​ឬ​ទេ?

 គម្ពីរ​មិន​បាន​រៀប​រាប់​អំពី​កញ្ឆា ឬ​ថ្នាំ​ផ្សេង​ទៀត​ដែល​មាន​សារធាតុ​ញៀន​ដូច​កញ្ឆា​ទេ។ ប៉ុន្តែ គម្ពីរ​មាន​គោល​ការណ៍​ផ្សេង​ៗ​ដែល​ជួយ​យើង​យល់​ថា យើង​មិន​គួរ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​សម្រាប់​ការ​កម្សាន្ត​ទេ។ គម្ពីរ​ក៏​មាន​គោល​ការណ៍​គម្ពីរ​ផ្សេង​ទៀត​ដែរ ដូច​រៀប​រាប់​ខាង​ក្រោម​នេះ​៖

  •   យើង​ត្រូវ​គ្រប់​គ្រង​សមត្ថភាព​រិះ​គិត​របស់​ខ្លួន។ ​«​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក . . . អស់​ពី​សមត្ថភាព​រិះ​គិត​»។ (​ម៉ាថាយ ២២:៣៧, ៣៨​) ​«​ចូរ​ដឹង​ខ្លួន​ក្នុង​គ្រប់​ការ​ទាំង​អស់​»។ (​ពេត្រុស​ទី​១ ១:១៣​) បើ​បុគ្គល​ម្នាក់​ប្រើ​ថ្នាំ​ដែល​មាន​សារធាតុ​ញៀន គាត់​មិន​អាច​គ្រប់​គ្រង​សមត្ថភាព​រិះ​គិត​របស់​គាត់​ទាំង​ស្រុង​បាន​ទេ ថែម​ទាំង​អាច​ទៅ​ជា​ញៀន​ទៀត​ផង។ ពួក​គេ​គិត​តែ​អំពី​របៀប​ដែល​អាច​មាន​ថ្នាំ​ញៀន​ទៀត និង​អំពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​នោះ ជា​ជាង​គិត​អំពី​អ្វី​ដែល​លើក​ទឹក​ចិត្ត។—ភីលីព ៤:៨

  •   ចូរ​គោរព​ច្បាប់​របស់​ពួក​អាជ្ញាធរ។ ចូរ​«​ស្ដាប់​បង្គាប់​រដ្ឋាភិបាល​និង​ពួក​អាជ្ញាធរ​ជា​អ្នក​គ្រប់​គ្រង​»។ (​ទីតុស ៣:១​) នៅ​ប្រទេស​ជា​ច្រើន មាន​ច្បាប់​តឹងរ៉ឹង​ក្នុង​ការ​ប្រើ​ប្រាស់​ថ្នាំ​ខ្លះ​ដែល​មាន​សារធាតុ​ញៀន។ បើ​យើង​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត យើង​គួរ​ស្ដាប់​បង្គាប់​ពួក​អាជ្ញាធរ។—រ៉ូម ១៣:១

a ក្នុង​អត្ថបទ​នេះ ការ​ជក់​បារី​សំដៅ​ទៅ​លើ​ការ​ស្រូប​ផ្សែង​ពី​បារី ស៊ី​ហ្គា ឬ​ជក់​ថ្នាំ​ដោយ​ប្រើ​ខ្សៀ​រ។ ក៏​ប៉ុន្តែ​គោល​ការណ៍​ក្នុង​អត្ថបទ​នេះ ក៏​អាច​សំដៅ​ទៅ​លើ​ការ​ទំពា​ថ្នាំ​ជក់ ចុក​ថ្នាំ​ជក់ ឬ​ការ​ជក់​បារី​អេឡិចត្រូនិក​ដែល​មាន​សារធាតុ​នីកូទីន​និង​ផលិតផល​ស្រដៀង​គ្នា​ដែរ។