លោតទៅអត្ថបទ

តើគម្ពីរចែងយ៉ាងណាអំពីការឲ្យ?

តើគម្ពីរចែងយ៉ាងណាអំពីការឲ្យ?

ចម្លើយ​ពី​គម្ពីរ

 គម្ពីរ​លើក​ទឹក​ចិត្ត​យើង ឲ្យ​ដោយ​ស្ម័គ្រ​ពី​ចិត្ត និង​ដោយ​បំណង​ចិត្ត​ត្រឹម​ត្រូវ។ គម្ពីរ​បង្ហាញ​ថា​ការ​ឲ្យ នាំ​ឲ្យ​មាន​សុភមង្គល គឺ​ទាំង​អ្នក​ដែល​ឲ្យ ទាំង​អ្នក​ដែល​ទទួល។ (សុភាសិត ១១:២៥; លូកា ៦:៣៨) លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖«ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល»។—សកម្មភាព ២០:៣៥

 តើ​ពេល​ណា​ដែល​ការ​ឲ្យ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត?

 ការ​ឲ្យ​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត គឺ​ជា​ការ​ឲ្យ​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ គម្ពីរ​ចែង​ថា៖«ចូរ​អ្នក​រាល់​គ្នា​ម្នាក់ៗធ្វើ​តាម​កា​រស​ម្រេច​ចិត្ត​របស់​ខ្លួន​ចុះ មិន​មែន​ដោយ​ទើស​ទាល់​ឬ​ដោយ​មាន​គេ​បង្ខំ​ឡើយ ព្រោះ​ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ»។—កូរិនថូស​ទី២ ៩:៧

 ការ​ឲ្យ​ដោយ​អស់​ពី​ចិត្ត​ជា​ផ្នែក​មួយ​នៃ«របៀប​គោរព​ប្រណិប័តន៍»ដែល​ព្រះ​ពេញ​ចិត្ត។ (យ៉ាកុប ១:២៧) បុគ្គល​ដែល​ជួយ​ជន​ក្រី​ក្រ​ដោយ​ចិត្ត​ទូលាយ កំពុង​រួម​ការ​ងារ​ជា​មួយ​នឹង​ព្រះ ហើយ​លោក​ចាត់​ទុក​ការ​បង្ហាញ​ចិត្ត​ទូលាយ​បែប​នោះ ប្រៀប​ដូច​ជា​ឲ្យ​លោក​ខ្ចី។ (សុភាសិត ១៩:១៧) គម្ពីរ​បង្រៀន​ថា ព្រះ​ផ្ទាល់​នឹង​តប​ស្នង​ដល់​អ្នក​ដែល​ឲ្យ​គេ។—លូកា ១៤:១២​-​១៤

 តើ​ពេល​ណា​ដែល​ការ​ឲ្យ​ធ្វើ​ឲ្យ​ព្រះ​មិន​ពេញ​ចិត្ត?

 ប្រសិន​បើ​យើង​ឲ្យ​ដោយ​មាន​បំណង​គិត​តែ​ពី​ប្រយោជន៍​ខ្លួន។ ឧទាហរណ៍​ដូច​ត​ទៅ៖

 ប្រសិន​បើ​អំណោយ​ទាំង​នោះ​បាន​ត្រូវ​ប្រើ​សម្រាប់​អ្វី​ដែល​ព្រះ​ផ្ដន្ទា​ទោស។ ជា​ឧទាហរណ៍ គឺ​ជា​ការ​ខុស បើ​យើង​ឲ្យ​លុយ​អ្នក​ណា​ម្នាក់​យក​ទៅ​លេង​ល្បែង​ស៊ីសង ឬ​ប្រើ​ក្នុង​ផ្លូវ​ខុស​ដូច​ជា ទិញ​ថ្នាំ​ញៀន ឬ​គ្រឿង​ស្រវឹង​ជា​ដើម។ (កូរិនថូស​ទី១ ៦:៩, ១០; កូរិនថូស​ទី២ ៧:១) ដូច​គ្នា​ដែរ គឺ​មិន​សម​ត្រឹម​ត្រូវ​ឡើយ បើ​យើង​ឲ្យ​អំណោយ​ដល់​អ្នក​ណា​ម្នាក់​ដែល​មាន​សមត្ថភាព​ផ្គត់​ផ្គង់​ខ្លួន​ឯង តែ​មិន​ព្រម​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​ខ្លួន។—ថែស្សាឡូនិច​ទី២ ៣:១០

 ប្រសិន​បើ​យើង​ឲ្យ​អ្នក​ឯ​ទៀត​ច្រើន​ពេក រហូត​ដល់​លែង​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​គ្រួសារ​ខ្លួន។ គម្ពីរ​បង្រៀន​ថា​មេ​គ្រួសារ​ត្រូវ​ទំនុក​បម្រុង​ក្រុម​គ្រួសារ​របស់​ពួក​គេ។ (ធីម៉ូថេ​ទី១ ៥:៨) ដូច្នេះ គឺ​មិន​ត្រឹម​ត្រូវ​ទេ បើ​មេ​គ្រួសារ​ម្នាក់​ឲ្យ​អ្នក​ឯ​ទៀត​ច្រើន​ពេក រហូត​ដល់​ក្រុម​គ្រួសារ​ខ្លួន​ខ្វះ​ខាត។ ស្រដៀង​គ្នា​ដែរ លោក​យេស៊ូ​បាន​ផ្ដន្ទា​ទោស​អស់​អ្នក​ដែល​មិន​ព្រម​ផ្គត់​ផ្គង់​ឪ​ពុក​ម្ដាយ​ដែល​មាន​វ័យ​ចាស់ ដោយ​អះអាង​ថា​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ជា«របស់​ទុក​សម្រាប់​ព្រះ»។—ម៉ាកុស ៧:៩​-​១៣