លោតទៅអត្ថបទ

តើ​គ្រិស្ត​សាសនិក​អាច​ទទួល​ការ​ព្យាបាល​ខាង​ពេទ្យ​ទេ?

តើ​គ្រិស្ត​សាសនិក​អាច​ទទួល​ការ​ព្យាបាល​ខាង​ពេទ្យ​ទេ?

ចម្លើយ​ពី​គម្ពីរ

 អាច។ ព្រោះ​ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖​«​មនុស្ស​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ តែ​អ្នក​ដែល​ឈឺ​ទើប​ត្រូវ​ការ​គ្រូ​ពេទ្យ​»​ លោក​ចង់​បង្កប់​ន័យ​ថា អ្នក​កាន់​តាម​លោក​អាច​ទទួល​ការ​ព្យាបាល​ខាង​ពេទ្យ​បាន។ (​ម៉ាថាយ ៩:១២​) ទោះ​ជា​គម្ពីរ​មិន​មែន​ជា​សៀវភៅ​ខាង​វេជ្ជសាស្ត្រ​ក្ដី តែ​គម្ពីរ​ផ្ដល់​ការ​ណែនាំ​ដល់​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។

សូម​សួរ​ខ្លួន​ឯង​ថា​៖

 ១. តើ​ខ្ញុំ​យល់​អំពី​ការ​ព្យាបាល​ដែល​គេ​ស្នើ​ឲ្យ​ទេ? គម្ពីរ​បាន​ឲ្យ​យោបល់​ថា​យើង​ត្រូវ​ស្វែង​រក​ការ​ព្យាបាល​ដែល​គួរ​ឲ្យ​ទុក​ចិត្ត មិន​មែន​ចេះ​តែ​«​ជឿ​គ្រប់​ពាក្យ​ទាំង​អស់​»​ទេ។—សុភាសិត ១៤:១៥

 ២. តើ​ខ្ញុំ​គួរ​សុំ​យោបល់​ពី​គ្រូ​ពេទ្យ​ផ្សេង​ទៀត​ទេ? ការ​មាន​«​ការ​ប្រឹក្សា​ច្រើន​»​អាច​មាន​ប្រយោជន៍​ណាស់ ជា​ពិសេស​ពេល​ដែល​អ្នក​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ។—សុភាសិត ១៥:២២

 ៣. តើ​ការ​ព្យាបាល​នោះ​បំពាន​បង្គាប់​ក្នុង​គម្ពីរ​ដែល​ឲ្យ​«​ជៀស​វាង . . . ពី​ឈាម​»​ឬ​ទេ?—សកម្មភាព ១៥:២០

 ៤. តើ​ការ​ព្យាបាល​នោះ​ទាក់​ទង​នឹង​មន្ត​អាគម​ទេ? គម្ពីរ​ផ្ដន្ទា​ទោស​អ្វី​ដែល​«​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​»។ (​កាឡាទី ៥:១៩​-​២១​) ដើម្បី​ដឹង​ថា​ការ​ព្យាបាល​នោះ​ទាក់​ទង​នឹង​មន្ត​អាគម​ឬ​យ៉ាង​ណា សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖

  •   តើ​បុគ្គល​ដែល​ព្យាបាល​ជំងឺ​នោះ​ទាក់​ទង​នឹង​មន្ត​អាគម​ទេ?

  •   តើ​ការ​ព្យាបាល​នោះ​ផ្អែក​ទៅ​លើ​ជំនឿ​ដែល​ថា​អ្នក​ជំងឺ​ឈឺ​ដោយ​សារ​ព្រះ​ខឹង​គាត់​ឬ​ដោយ​សារ​មាន​អ្នក​ដាក់​អំពើ?

  •   តើ​ការ​ព្យាបាល​នោះ​មាន​ការ​សែន​ព្រេន សូត្រ​មន្ត ឬ​ប្រើ​វត្ថុ​ស័ក្តិ​សិទ្ធិ​ណា​មួយ​ទេ?

 ៥. តើ​ខ្ញុំ​ខ្វល់​ហួស​ហេតុ​អំពី​សុខភាព​របស់​ខ្ញុំ​ទេ? គម្ពីរ​ឲ្យ​យោបល់​ថា​៖​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​អ្នក​រាល់​គ្នា​ជា​មនុស្ស​សម​ហេតុ​សម​ផល​»។ (​ភីលីព ៤:៥​) ការ​មាន​គំនិត​សម​ហេតុ​សម​ផល នឹង​ជួយ​ឲ្យ​អ្នក​ផ្ដោត​អារម្មណ៍​ទៅ​លើ​«​អ្វី​ដែល​សំខាន់​ជាង​»​ ដូច​ជា​ការ​បម្រើ​ព្រះ​យេហូវ៉ា​ជា​ដើម។—ភីលីព ១:១០; ម៉ាថាយ ៥:៣