តើគម្ពីរចែងយ៉ាងណាអំពីគ្រោះមហន្តរាយធម្មជាតិ?
ចម្លើយពីគម្ពីរ
ព្រះមិនធ្វើឲ្យមានមហន្តរាយធម្មជាតិនៅសព្វថ្ងៃនេះទេ ផ្ទុយទៅវិញ លោកបារម្ភអំពីពួកអ្នកដែលរងគ្រោះដោយមហន្តរាយធម្មជាតិ។ រាជាណាចក្ររបស់ព្រះនឹងបំបាត់ចោលទុក្ខលំបាកទាំងអស់ រួមទាំងគ្រោះមហន្តរាយធម្មជាតិ។ ដំណាលគ្នានោះ ព្រះក៏ផ្ដល់ការសម្រាលទុក្ខដល់ពួកអ្នកដែលរងគ្រោះដោយមហន្តរាយធម្មជាតិដែរ។—កូរិនថូសទី២ ១:៣
ហេតុអ្វីយើងអាចប្រាកដថាគ្រោះមហន្តរាយធម្មជាតិមិនមែនជាការដាក់ទោសពីព្រះ?
តើគ្រោះមហន្តរាយធម្មជាតិជាសញ្ញាសម្គាល់ថាយើងរស់នៅក្នុងគ្រាចុងក្រោយបង្អស់ឬ?
តើព្រះអាចជួយអ្នកដែលរងគ្រោះដោយមហន្តរាយធម្មជាតិយ៉ាងដូចម្ដេច?
តើគោលការណ៍គម្ពីរអាចជួយយើងឲ្យត្រៀមខ្លួនទុកជាមុនឬទេ?
ខគម្ពីរផ្សេងៗដែលជួយសម្រាលទុក្ខអ្នកដែលរងគ្រោះដោយមហន្តរាយធម្មជាតិ
ហេតុអ្វីយើងអាចប្រាកដថាគ្រោះមហន្តរាយធម្មជាតិមិនមែនជាការដាក់ទោសពីព្រះ?
គ្រោះមហន្តរាយធម្មជាតិខុសគ្នាពីកម្លាំងធម្មជាតិដែលព្រះប្រើ ដូចដែលបានត្រូវកត់ទុកក្នុងគម្ពីរ។
មហន្តរាយធម្មជាតិបណ្ដាលឲ្យស្លាប់និងពិការឥតរើសមុខ។ ផ្ទុយទៅវិញ ពេលព្រះប្រើកម្លាំងធម្មជាតិដើម្បីវិនិច្ឆ័យទោស លោកធ្វើឲ្យប្រាកដថាមានតែមនុស្សទុច្ចរិតប៉ុណ្ណោះដែលត្រូវបំផ្លាញ។ ជាឧទាហរណ៍ ពេលដែលព្រះបំផ្លាញក្រុងសូដុមនិងក្រុងកូម៉ូរ៉ា លោកធ្វើឲ្យប្រាកដថាឡុតដែលជាមនុស្សល្អនិងកូនស្រីពីរនាក់របស់គាត់រួចជីវិត។ (លោកុប្បត្តិ ១៩:២៩, ៣០) ព្រះស្គាល់ចិត្ដរបស់បុគ្គលម្នាក់ៗនៅគ្រានោះ ហើយលោកបំផ្លាញតែអស់អ្នកដែលលោកជឿថាជាមនុស្សទុច្ចរិតប៉ុណ្ណោះ។—លោកុប្បត្តិ ១៨:២៣-៣២; សាំយូអែលទី១ ១៦:៧
មហន្តរាយធម្មជាតិច្រើនតែកើតឡើងដោយបង្ហាញសញ្ញាសម្គាល់បន្ដិចបន្ដួចឬគ្មានការព្រមានទុកជាមុនសោះ។ ផ្ទុយទៅវិញ មុនព្រះប្រើកម្លាំងធម្មជាតិបំផ្លាញមនុស្សទុច្ចរិត លោកបានផ្ដល់ការព្រមានដល់ពួកគេទុកជាមុន។ មនុស្សដែលធ្វើតាមការព្រមាននោះ មានឱកាសរួចជីវិតពីគ្រោះថ្នាក់នោះ។—លោកុប្បត្តិ ៧:១-៥; ម៉ាថាយ ២៤:៣៨, ៣៩
មនុស្សជាចំណែកមួយដែលនាំឲ្យមានមហន្តរាយធម្មជាតិ។ តើតាមរបៀបណា? តាមរយៈការបង្ខូចបរិស្ថានធម្មជាតិ និងដោយសាងសង់នៅតំបន់ដែលងាយរងគ្រោះដោយសារការរញ្ជួយដី ទឹកជំនន់ និងនៅកន្លែងដែលមានអាកាសធាតុប្រែប្រួលខ្លាំង។ (ការបើកបង្ហាញ ១១:១៨) ពេលដែលមនុស្សធ្វើខុស ហើយមានលទ្ធផលអាក្រក់ នោះមិនមែនជាកំហុសរបស់ព្រះទេ។។—សុភាសិត ១៩:៣
តើគ្រោះមហន្តរាយធម្មជាតិជាសញ្ញាសម្គាល់ថាយើងរស់នៅក្នុងគ្រាចុងក្រោយបង្អស់ឬ?
មែនហើយ ទំនាយក្នុងគម្ពីរបានបញ្ជាក់ថានឹងមានគ្រោះមហន្តរាយ ក្នុងអំឡុង«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»ឬ«គ្រាចុងក្រោយបង្អស់»។ (ម៉ាថាយ ២៤:៣; ធីម៉ូថេទី២ ៣:១) ជាឧទាហរណ៍ លោកយេស៊ូបានមានប្រសាសន៍អំពីសម័យយើងថា៖«នឹងមានរញ្ជួយដីពីកន្លែងមួយទៅកន្លែងមួយ ថែមទាំងមានការអត់ឃ្លានទៀតផង»។ (ម៉ាថាយ ២៤:៧) មិនយូរទៀត ព្រះនឹងបំបាត់ចោលដើមហេតុទាំងអស់ ដែលបណ្ដាលឲ្យមានការឈឺចាប់ ទុក្ខវេទនា រួមទាំងមហន្ដរាយធម្មជាតិផងដែរ។—ការបើកបង្ហាញ ២១:៣, ៤
តើព្រះអាចជួយអ្នកដែលរងគ្រោះដោយមហន្តរាយធម្មជាតិយ៉ាងដូចម្ដេច?
ព្រះសម្រាលទុក្ខអ្នកដែលរងគ្រោះ តាមរយៈគម្ពីរជាបណ្ដាំរបស់លោក។ គម្ពីរធានាចំពោះយើងថាព្រះយកចិត្ដទុកដាក់នឹងយើង ហើយពេលយើងរងទុក្ខ លោកក៏រងទុក្ខដែរ។ (អេសាយ ៦៣:៩; ពេត្រុសទី១ ៥:៦, ៧) គម្ពីរក៏ប្រាប់ពីសេចក្ដីសន្យាដែលថានឹងមានគ្រាមួយដែលនឹងលែងមានគ្រោះមហន្តរាយធម្មជាតិទៀត។ សូមមើល« ខគម្ពីរផ្សេងៗដែលជួយសម្រាលទុក្ខពួកអ្នកដែលរងគ្រោះដោយមហន្ដរាយធម្មជាតិ»។
ព្រះជួយអ្នកដែលរងគ្រោះតាមរយៈអ្នកគោរពប្រណិប័តន៍របស់លោក។ ព្រះប្រើអ្នកគោរពប្រណិប័តន៍របស់លោកនៅផែនដី ឲ្យធ្វើតាមគំរូរបស់លោកយេស៊ូ។ គម្ពីរបានទាយទុកជាមុនថាលោកយេស៊ូនឹងសម្រាលទុក្ខ«មនុស្សដែលមានចិត្ដសង្រេង»និង«អស់អ្នកដែលសោយសោក»។ (អេសាយ ៦១:១, ២) អ្នកគោរពប្រណិប័តន៍ព្រះព្យាយាមធ្វើដូចនោះ។—យ៉ូហាន ១៣:១៥
ព្រះក៏ប្រើអ្នកគោរពប្រណិប័តន៍របស់លោក ដើម្បីផ្ដល់ជំនួយដល់អ្នកដែលរងគ្រោះដោយមហន្តរាយធម្មជាតិដែរ។—សកម្មភាព ១១:២៨-៣០; កាឡាទី ៦:១០
តើគោលការណ៍គម្ពីរអាចជួយយើងឲ្យត្រៀមខ្លួនទុកជាមុនសម្រាប់គ្រោះមហន្តរាយធម្មជាតិឬទេ?
ពិតជាអាចជួយបាន ទោះជាគម្ពីរមិនបានរៀបរាប់ប្រាប់យើងឲ្យរៀបចំសម្រាប់មហន្តរាយធម្មជាតិក៏ដោយ តែគោលការណ៍គម្ពីរអាចជួយយើងបាន។ ជាឧទាហរណ៍:
ចូររៀបចំទុកជាមុនសម្រាប់ពេលដែលមានមហន្តរាយធម្មជាតិ។ គម្ពីរចែងថា«មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្ដីអាក្រក់មក ក៏ពួនខ្លួនទៅ»។ (សុភាសិត ២២:៣) គឺជាការប្រកបដោយប្រាជ្ញា បើយើងត្រៀមខ្លួនជាមុន ពេលគ្រោះថ្នាក់មកដល់។ ការត្រៀមខ្លួននេះ រួមបញ្ចូលការរៀបចំឧបករណ៍សង្គ្រោះបន្ទាន់ជាស្រេចក្នុងករណីអាសន្ន ហើយសូមហាត់សមជាមួយក្រុមគ្រួសារ និងប្រាប់ទុកជាមុនថាកន្លែងណាដែលត្រូវជួបគ្នា បើមានមហន្តរាយកើតឡើង។
ជីវិតមានតម្លៃជាងទ្រព្យសម្បត្ដិ។ គម្ពីរទទួលស្គាល់ថា«យើងមិនបានយកអ្វីចូលមកក្នុងពិភពលោកទេ ហើយក៏មិនអាចយកអ្វីចេញទៅជាមួយបានដែរ»។ (ធីម៉ូថេទី១ ៦:៧, ៨) យើងសុខចិត្ដបោះបង់ចោលផ្ទះនិងទ្រព្យសម្បត្ដិរបស់យើងដើម្បីរួចរស់ពីគ្រោះថ្នាក់។ យើងត្រូវចាំថាជីវិតរបស់យើងគឺមានតម្លៃជាងរបស់ទ្រព្យទាំងអស់។—ម៉ាថាយ ៦:២៥