លោតទៅអត្ថបទ

តើការទៅជាបរិសុទ្ធមានន័យដូចម្ដេច?

តើការទៅជាបរិសុទ្ធមានន័យដូចម្ដេច?

ចម្លើយ​ពី​គម្ពីរ

 ការ​ទៅ​ជា​បរិសុទ្ធ​សំដៅ​ទៅ​លើ​ការ​ញែក​ចេញ​ពី​អ្វី​ដែល​ស្មោក​គ្រោក។ ពាក្យ​ភាសា​ហេប្រឺ​ដែល​បក​ប្រែ​ថា​«​បរិសុទ្ធ​»​មក​ពី​ពាក្យ​ដែល​មាន​ន័យ​ថា​«​ញែក​ដោយ​ឡែក​»។ ហេតុ​នេះ អ្វី​ដែល​បរិសុទ្ធ​គឺ​បាន​ត្រូវ​ញែក​ចេញ​ពី​អ្វី​ដែល​ប្រើ​ជា​ទូទៅ​ឬ​ចាត់​ទុក​ជា​ពិសិដ្ឋ ជា​ពិសេស​ទាក់​ទង​នឹង​បរិសុទ្ធ​និង​ការ​ស្អាត​ស្អំ​ខាង​សីលធម៌។

 ព្រះ​គឺ​បរិសុទ្ធ​បំផុត។ គម្ពីរ​ចែង​ថា​៖​«​គ្មាន​ព្រះ​ណា​បរិសុទ្ធ ដូច​ព្រះ​យេហូវ៉ា​ឡើយ​»។ a (​សាំយូអែល​ទី​១ ២:២​) ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​មាន​សិទ្ធិ​កំណត់​ខ្នាត​តម្រា​អំពី​អ្វី​ដែល​បរិសុទ្ធ។

 ពាក្យ​«​បរិសុទ្ធ​»​អាច​សំដៅ​ទៅ​លើ​អ្វី​ណា​ក៏​ដោយ​ដែល​ទាក់​ទង​នឹង​ព្រះ។ ជា​ពិសេស​អ្វី​ដែល​បាន​ត្រូវ​ញែក​ដោយ​ឡែក​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ផ្ដាច់​មុខ។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​អំពី​៖

  •   កន្លែង​បរិសុទ្ធ: ពេល​ម៉ូសេ​នៅ​ជិត​គុម្ព​បន្លា​ដែល​កំពុង​ឆេះ ព្រះ​បាន​ប្រាប់​គាត់​ថា​៖​«​កន្លែង​ដែល​ឈរ​នោះ​ជា​ដី​បរិសុទ្ធ​»។—និក្ខមនំ ៣:២​-​៥

  •   ព្រឹត្តិការណ៍​បរិសុទ្ធ: ជន​ជាតិ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​បាន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​ពិធី​បុណ្យ​ផ្សេង​ៗ​ដែល​ធ្វើ​ឡើង​ជា​ទៀង​ទាត់ គេ​ហៅ​បុណ្យ​ទាំង​នោះ​ថា​«​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​»។—លេវីវិន័យ ២៣:៣៧

  •   វត្ថុ​បរិសុទ្ធ: ក្នុង​ក្រុង​យេរូសាឡិម មាន​ប្រដាប់​ប្រដា​មួយ​ចំនួន​ដែល​គេ​ប្រើ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​នៅ​ឯ​វិហារ​លោក​នា​សម័យ​បុរាណ ប្រដាប់​ប្រដា​ទាំង​នោះ​គេ​ហៅ​ថា​«​គ្រឿង​ប្រដាប់​បរិសុទ្ធ​»។ (​ពង្សាវតារ​ក្សត្រ​ទី​១ ៨:៤​) ប្រដាប់​ប្រដា​ពិសិដ្ឋ​ទាំង​នោះ ត្រូវ​គេ​ប្រើ​ដោយ​មាន​ការ​គោរព​យ៉ាង​ខ្លាំង។ ទោះ​ជា​យ៉ាង​នោះ​ក្ដី គេ​មិន​គោរព​បូជា​ប្រដាប់​ប្រដា​ទាំង​នោះ​ទេ។ b

តើ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​អាច​ទៅ​ជា​បរិសុទ្ធ​បាន​ទេ?

 បាន។ ព្រះ​បង្គាប់​គ្រិស្ត​សាសនិក​ពិត​ថា​៖​«​អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ ពី​ព្រោះ​ខ្ញុំ​បរិសុទ្ធ​»។ (​ពេត្រុស​ទី​១ ១:១៦​) ពិត​មែន​ថា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​មិន​អាច​បរិសុទ្ធ​ដល់​ខ្នាត​តម្រា​បរិសុទ្ធ​របស់​ព្រះ ប៉ុន្តែ​បើ​មនុស្ស​ណា​ដែល​ធ្វើ​តាម​ច្បាប់​ដ៏​សុចរិត​របស់​ព្រះ នោះ​ពួក​គេ​អាច​ត្រូវ​ចាត់​ទុក​ថា​«​បរិសុទ្ធ ហើយ​គាប់​ចិត្ត​ព្រះ​»។ (​រ៉ូម ១២:១​) បុគ្គល​ដែល​ខំ​ឲ្យ​បាន​បរិសុទ្ធ ស​ឲ្យ​ឃើញ​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​គាត់។

តើ​បុគ្គល​ដែល​បរិសុទ្ធ​តាម​ទស្សនៈ​ព្រះ​អាច​បាត់​បង់​លក្ខណៈ​បរិសុទ្ធ​របស់​ខ្លួន​ឬ​ទេ?

 អាច​បាន។ បើ​គាត់​លែង​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ស្ដី​អំពី​ការ​ប្រព្រឹត្ត​ត​ទៅ​ទៀត។ បើ​គាត់​ធ្វើ​ដូច្នោះ ព្រះ​នឹង​លែង​ចាត់​ទុក​គាត់​ជា​បរិសុទ្ធ​ទៀត​ហើយ។ ជា​ឧទាហរណ៍ សៀវភៅ​គម្ពីរ​ហេប្រឺ​បាន​បញ្ជាក់​អំពី​«​បង​ប្អូន​បរិសុទ្ធ​»​ តែ​ក្នុង​សៀវភៅ​នោះ​ក៏​ព្រមាន​ថា​ពួក​គេ​អាច​បណ្ដុះ​«​ចិត្ត​ទុច្ចរិត​ដែល​គ្មាន​ជំនឿ ដោយ​សារ​ថយ​ចេញ​ពី​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​»។—ហេប្រឺ ៣:១, ១២

ទស្សនៈ​ផ្សេង​ៗ​អំពី​ការ​ទៅ​ជា​បរិសុទ្ធ

 ទស្សនៈ: ដើម្បី​អាច​ឲ្យ​ខ្លួន​ទៅ​ជា​អ្នក​បរិសុទ្ធ អ្នក​នោះ​ត្រូវ​ប្រព្រឹត្ត​តឹង​តែង​ចំពោះ​ខ្លួន។

 ការ​ពិត: គម្ពីរ​បញ្ជាក់​ថា​ការ​«​ប្រព្រឹត្ត​តឹង​តែង​ហួស​ហេតុ​ចំពោះ​ខ្លួន​ឯង​»​ ជា​ការ​ប្រព្រឹត្ត​ដែល​គ្មាន​តម្លៃ​ចំពោះ​ព្រះ។ (​កូឡុស ២:២៣​) ផ្ទុយ​ពី​នោះ ព្រះ​ចង់​ឲ្យ​យើង​រីក​រាយ​នឹង​អ្វី​ល្អ​ៗ។ ​«​គ្រប់​មនុស្ស​បាន​ស៊ី​ហើយ​ផឹក ព្រម​ទាំង​រីក​រាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ទាំង​ការ​នឿយ​ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ​ទាន​នៃ​ព្រះ​ទេ​»។—សាស្ដា ៣:១៣

 ទស្សនៈ: ពេល​ស្ថិត​ក្នុង​ស្ថានភាព​បរិសុទ្ធ ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​បរិសុទ្ធ​ថែម​ទៀត។

 ការ​ពិត: បើ​បុគ្គល​ម្នាក់​សម្រេច​ចិត្ត​មិន​រៀប​ការ ស្ថានភាព​បរិសុទ្ធ​មិន​ធ្វើ​ឲ្យ​គាត់​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ​ឡើយ។ គឺ​ជា​ការ​ពិត​ថា​អ្នក​ដែល​នៅ​លីវ​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​ដោយ​គ្មាន​អ្វី​បង្វែរ​អារម្មណ៍។ (​កូរិនថូស​ទី​១ ៧:៣២​-​៣៤​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គម្ពីរ​បង្ហាញ​ថា​អ្នក​ដែល​រៀប​ការ​ហើយ​ក៏​អាច​បរិសុទ្ធ​បាន​ដែរ។ ការ​ពិត យ៉ាង​ហោច​ណាស់​សាវ័ក​ម្នាក់​របស់​លោក​យេស៊ូ​បាន​រៀប​ការ​ហើយ គឺ​ពេត្រុស។—ម៉ាថាយ ៨:១៤; កូរិនថូស​ទី​១ ៩:៥

a យេហូវ៉ា​ជា​នាម​ផ្ទាល់​របស់​ព្រះ​។ នៅ​ក្នុង​ខ​គម្ពីរ​រាប់​រយ​ខ​បាន​ភ្ជាប់​នាម​នេះ​ជា​មួយ​នឹង​ពាក្យ​«​បរិសុទ្ធ​»​និង​«​ភាព​បរិសុទ្ធ​»។

b គម្ពីរ​ផ្ដន្ទា​ទោស​ការ​គោរព​បូជា​ប្រដាប់​ប្រដា​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​សាសនា។—កូរិនថូស​ទី​១ ១០:១៤