តើសត្វទៅស្ថានសួគ៌ឬទេ?
ចម្លើយពីគម្ពីរ
គម្ពីរបង្រៀនថាព្រះបានបង្កើតមនុស្សនិងសត្វឲ្យរស់នៅផែនដី។ ប៉ុន្តែ មានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលនឹងត្រូវឡើងទៅស្ថានសួគ៌។ (ការបើកបង្ហាញ ១៤:១, ៣) ពួកគេទៅទីនោះដើម្បីគ្រប់គ្រងជាស្ដេច និងជាសង្ឃជាមួយលោកយេស៊ូ។ (លូកា ២២:២៨-៣០; ការបើកបង្ហាញ ៥:៩, ១០) មនុស្សភាគច្រើននឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅផែនដីជាសួនឧទ្យាន។—ទំនុកតម្កើង ៣៧:១១, ២៩
គម្ពីរមិនបានរៀបរាប់ថាមានសត្វចិញ្ចឹមនៅស្ថានសួគ៌ ឬមានសត្វឆ្កែនៅស្ថានសួគ៌ទេ ព្រោះមានមូលហេតុសមត្រឹមត្រូវ។ មានជំហានផ្សេងៗដើម្បីមានគុណសម្បត្តិដែល«ត្រូវហៅឲ្យឡើងទៅស្ថានសួគ៌» តែសត្វមិនអាចធ្វើដូច្នេះទេ។ (ហេប្រឺ ៣:១) ជំហានទាំងនោះរួមមាន ការទទួលចំណេះ ការបង្ហាញជំនឿ និងការស្ដាប់បង្គាប់ព្រះ។ (ម៉ាថាយ ១៩:១៧; យ៉ូហាន ៣:១៦; ១៧:៣) មានតែមនុស្សប៉ុណ្ណោះ ដែលព្រះបង្កើតមកឲ្យមានសេចក្ដីសង្ឃឹមរស់ជារៀងរហូត។—លោកុប្បត្តិ ២:១៦, ១៧; ៣:២២, ២៣
ដើម្បីទៅស្ថានសួគ៌ អ្នកដែលនៅផែនដីត្រូវប្រោសឲ្យរស់ឡើងវិញសិន។ (កូរិនថូសទី១ ១៥:៤២) គម្ពីរបានរៀបរាប់អំពីមនុស្សមួយចំនួនដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ។ (ពង្សាវតារក្សត្រទី១ ១៧:១៧-២៤; ពង្សាវតារក្សត្រទី២ ៤:៣២-៣៧; ១៣:២០, ២១; លូកា ៧:១១-១៥; ៨:៤១, ៤២, ៤៩-៥៦; យ៉ូហាន ១១:៣៨-៤៤; សកម្មភាព ៩:៣៦-៤២; ២០:៧-១២) ប៉ុន្តែ ក្នុងចំណោមអ្នកទាំងនោះមានតែមនុស្សប៉ុណ្ណោះដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ មិនមានសត្វទេ។
តើសត្វមានព្រលឹងឬទេ?
មិនមានទេ! គម្ពីរចែងថាទាំងមនុស្សទាំងសត្វគឺជាព្រលឹង។ (ជនគណនា ៣១:២៨) ពេលដែលអាដាមជាបុរសទី១បានត្រូវបង្កើតមក គាត់មិនបានទទួលព្រលឹងមួយទេ តែគាត់«ត្រឡប់ជាមានព្រលឹងរស់ឡើង»។ (លោកុប្បត្តិ ២:៧) ព្រលឹងបានត្រូវផ្សំពីអ្វីពីរយ៉ាងគឺ«ធូលីដី»និង«ដង្ហើមជីវិត»។
តើព្រលឹងអាចស្លាប់ឬទេ?
អាច! គម្ពីរបង្រៀនថាព្រលឹងអាចស្លាប់។ (លេវីវិន័យ ២១:១១; អេសេគាល ១៨:២០) ពេលស្លាប់ សត្វនិងមនុស្សត្រឡប់ទៅជាធូលីដីវិញ។ (សាស្ដា ៣:១៩, ២០) បើនិយាយឲ្យស្រួលយល់ គឺលែងមានពួកគេទៀត។ a
តើសត្វមានភាពខុសឆ្គងឬទេ?
មិនមានទេ! ភាពខុសឆ្គងមានន័យថា ការធ្វើអ្វីមួយដែលបំពានខ្នាតតម្រារបស់ព្រះ ទោះជាក្នុងចិត្តគំនិតនិងក្នុងអារម្មណ៍ក្ដី។ ដើម្បីប្រព្រឹត្តខុសឆ្គង បុគ្គលម្នាក់ត្រូវធ្វើការសម្រេចចិត្ត តែសត្វមិនមានសមត្ថភាពដូចនេះទេ។ តាមធម្មតា ពួកវាធ្វើអ្វីមួយស្របទៅតាមសភាវៈគតិក្នុងអំឡុងពេលកំណត់នៃអាយុរបស់វា។ (ពេត្រុសទី២ ២:១២) នៅទីបញ្ចប់នៃអាយុរបស់ពួកវា ពួកវានឹងស្លាប់ ទោះជាពួកវាមិនបានធ្វើខុសក៏ដោយ។
តើជាការត្រឹមត្រូវទេដែលយើងប្រព្រឹត្តយ៉ាងសាហាវទៅលើសត្វ?
មិនត្រឹមត្រូវទេ! ព្រះបានឲ្យមនុស្សមានអំណាចលើសត្វ តែពួកគេគ្មានសិទ្ធិធ្វើបាបពួកវាទេ។ (លោកុប្បត្តិ ១:២៨; ទំនុកតម្កើង ៨:៦-៨) ព្រះរមែងគិតអំពីសុខទុក្ខរបស់សត្វ រួមទាំងសត្វស្លាបតូចៗផងដែរ។ (យ៉ូណាស ៤:១១; ម៉ាថាយ ១០:២៩) លោកបង្គាប់អ្នកគោរពប្រណិប័តន៍លោកឲ្យប្រព្រឹត្តចំពោះសត្វដោយចេះគិតដល់វា។—និក្ខមនំ ២៣:១២; ចោទិយកថា ២៥:៤; សុភាសិត ១២:១០