តើគម្ពីរចែងយ៉ាងណាអំពីការរស់នៅជាមួយគ្នាដោយមិនរៀបការ?
ចម្លើយពីគម្ពីរ
គម្ពីរចែងថាព្រះមានបំណងប្រាថ្នាឲ្យមនុស្ស«ជៀសចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»។ (ថែស្សាឡូនិចទី១ ៤:៣) ពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»ដែលបានត្រូវប្រើក្នុងគម្ពីរ ពាក្យនោះរួមបញ្ចូលការផិតក្បត់ ការរួមដំណេកជាមួយនឹងមនុស្សភេទដូចគ្នា និងការរួមដំណេករវាងបុរសនិងស្ត្រីដែលមិនទាន់រៀបការ។
ហេតុអ្វីព្រះចាត់ទុកការរៀបការគឺជារឿងសំខាន់?
អាពាហ៍ពិពាហ៍គឺជាការរៀបចំដែលមកពីព្រះ។ លោកផ្ដើមឲ្យមានអាពាហ៍ពិពាហ៍ ពេលដែលលោកបានបង្កើតបុរសនិងស្ត្រីដំបូងឲ្យរស់នៅជាមួយគ្នា។ (ដើមកំណើត ២:២២-២៤) លោកមិនដែលមានបំណងឲ្យបុរសនិងស្ត្រីរស់នៅជាមួយគ្នាដោយមិនរៀបការនោះទេ។
ព្រះជ្រាបអ្វីដែលល្អបំផុតសម្រាប់មនុស្ស។ លោកផ្ដើមឲ្យមានអាពាហ៍ពិពាហ៍ជាចំណងដែលនៅស្ថិតស្ថេររវាងបុរសនិងស្ត្រី ដើម្បីការពារនិងផ្ដល់ប្រយោជន៍ដល់សមាជិកគ្រួសារទាំងអស់។ សូមគិតឧទាហរណ៍នេះ៖ ដើម្បីផ្គុំគ្រឿងសង្ហារឹមឲ្យបានត្រឹមត្រូវ យើងត្រូវធ្វើតាមការណែនាំដែលមកពីអ្នកផលិតគ្រឿងសង្ហារឹមនោះ។ ស្រដៀងគ្នាដែរ ដើម្បីគ្រួសារមានសុភមង្គល យើងត្រូវធ្វើតាមដំបូន្មានដែលមកពីព្រះ។ ខ្នាតតម្រារបស់ព្រះតែងតែផ្ដល់ប្រយោជន៍ជានិច្ចដល់អស់អ្នកដែលធ្វើតាម។—អេសាយ ៤៨:១៧, ១៨
ការរួមភេទក្រៅចំណងអាពាហ៍ពិពាហ៍អាចនាំឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ជាឧទាហរណ៍ នេះអាចនាំឲ្យមានផ្ទៃពោះដោយមិនចង់បាន មានជំងឺកាមរោគ និងជំងឺផ្លូវចិត្ត។ a
ព្រះបានឲ្យបុរសនិងស្ត្រីមានសមត្ថភាពបង្កើតកូនដោយការរួមភេទ។ ព្រះចាត់ទុកជីវិតថាពិសិដ្ឋ ហើយថាការរួមរស់ជាមួយគ្នាដើម្បីមានកូនគឺជាអំណោយដ៏វិសេស។ ព្រះចង់ឲ្យយើងប្រើអំណោយនេះឲ្យបានល្អ ដើម្បីបង្ហាញថាយើងគោរពនិងឲ្យតម្លៃចំពោះអាពាហ៍ពិពាហ៍ដែលជាការរៀបចំមួយពីលោក។—ហេប្រឺ ១៣:៤
តើការសាករស់នៅជាមួយគ្នាមុនរៀបការដើម្បីដឹងថាពីរនាក់ចុះសម្រុងគ្នាឬអត់ ជាការខុសទេ?
កត្តាដែលនាំឲ្យអាពាហ៍ពិពាហ៍មានសុភមង្គល មិនអាស្រ័យទៅលើការសាកល្បងរស់នៅជាមួយគ្នាមុនរៀបការនោះទេ។ ផ្ទុយទៅវិញ អាពាហ៍ពិពាហ៍ដែលមានភាពរឹងមាំនិងមានសុភមង្គល គឺអាស្រ័យទៅលើប្ដីនិងប្រពន្ធធ្វើតាមពាក្យសច្ចាដែលពួកគេបានសន្យា ហើយរួមគ្នាយកឈ្នះបញ្ហាផ្សេងៗ។ b អាពាហ៍ពិពាហ៍ពង្រឹងការតាំងចិត្តរួមរស់ជាមួយគ្នា។—ម៉ាថាយ ១៩:៦
តើធ្វើដូចម្ដេចដើម្បីឲ្យចំណងអាពាហ៍ពិពាហ៍រឹងមាំ?
តាមពិតគ្មានអាពាហ៍ពិពាហ៍ណាមួយល្អឥតខ្ចោះទេ។ ប៉ុន្តែ ប្ដីប្រពន្ធអាចធ្វើឲ្យអាពាហ៍ពិពាហ៍របស់ពួកគេមានសុភមង្គលបាន ដោយធ្វើតាមយោបល់ពីគម្ពីរ។ សូមពិចារណាយោបល់ខ្លះដូចតទៅ៖
គិតអំពីសេចក្ដីត្រូវការរបស់គូមុនសេចក្ដីត្រូវការរបស់ខ្លួន។—កូរិនថូសទី១ ៧:៣-៥; ភីលីព ២:៣, ៤
បណ្ដុះសេចក្ដីស្រឡាញ់និងការគោរពចំពោះគ្នា។—អេភេសូរ ៥:២៥, ៣៣
រៀនគ្រប់គ្រងពាក្យសម្ដីរបស់ខ្លួន។—សុភាសិត ១២:១៨
អត់ធ្មត់និងឆាប់អភ័យទោស។—កូឡុស ៣:១៣, ១៤
a សូមមើលអត្ថបទ«សំណួរពីយុវវ័យ . . . ចុះបើគេបង្ខំខ្ញុំឲ្យរួមភេទ?»។
b សូមមើលអត្ថបទ«សម្រាប់ក្រុមគ្រួសារ ពោលគឺការតាំងចិត្តរួមរស់ជាមួយគ្នា»។