តើអ្វីជាសញ្ញាសម្គាល់នៃ«គ្រាចុងក្រោយបង្អស់» ឬ«ទីបញ្ចប់ពិភពលោក»?
ចម្លើយពីគម្ពីរ
គម្ពីររៀបរាប់អំពីព្រឹត្តិការណ៍នានា ស្ថានភាពផ្សេងៗ និងចិត្តគំនិតរបស់មនុស្សដែលសម្គាល់«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក[នេះ]»ឬ«ទីបញ្ចប់ពិភពលោក»។ (ម៉ាថាយ ២៤:៣; King James Version) គម្ពីរហៅគ្រានេះថា«គ្រាចុងក្រោយបង្អស់»ឬ«គ្រាចុងបញ្ចប់»។—ធីម៉ូថេទី២ ៣:១; ដានីយ៉ែល ៨:១៩
តើមានទំនាយអ្វីខ្លះក្នុងគម្ពីរអំពី«គ្រាចុងក្រោយបង្អស់»?
គម្ពីរប្រកាសទុកជាមុនថា មានអ្វីៗជាច្រើននឹងកើតឡើងនៅពេលដំណាលគ្នា ហើយនោះជា«សញ្ញាសម្គាល់»នៃគ្រាចុងក្រោយបង្អស់។ (លូកា ២១:៧) សូមពិចារណាឧទាហរណ៍ខ្លះ៖
សង្គ្រាមកើតឡើងនៅទូទាំងពិភពលោក។ លោកយេស៊ូប្រកាសទុកជាមុនថា៖«ប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ»។ (ម៉ាថាយ ២៤:៧) ស្រដៀងគ្នាដែរ ការបើកបង្ហាញ ៤:៦ បានប្រកាសទុកជាមុនថាអ្នកជិះសេះម្នាក់បានតំណាងឲ្យសង្គ្រាមដែលនឹង«ដកយកសន្តិភាពចេញពីផែនដី»។
ការអត់ឃ្លាន។ លោកយេស៊ូប្រកាសទុកជាមុនថា៖«នឹងមានការអត់ឃ្លាន»។ (ម៉ាថាយ ២៤:៧) សៀវភៅការបើកបង្ហាញបានប្រកាសទុកជាមុនអំពីអ្នកជិះសេះមួយទៀតនឹងនាំឲ្យមានការអត់ឃ្លានយ៉ាងខ្លាំង។—ការបើកបង្ហាញ ៦:៥, ៦
ការរញ្ជួយដីធំៗ។ លោកយេស៊ូមានប្រសាសន៍ថានឹងមាន«រញ្ជួយដីពីកន្លែងមួយទៅកន្លែងមួយ»។ (ម៉ាថាយ ២៤:៧; លូកា ២១:១១) ការរញ្ជួយដីធំៗទាំងនេះមាននៅជុំវិញពិភពលោក ហើយនោះបណ្ដាលឲ្យមានទុក្ខវេទនានិងបាត់បង់មនុស្សច្រើនជាងពេលមុនៗទៅទៀត។
ជំងឺ។ យោងទៅតាមប្រសាសន៍លោកយេស៊ូ នឹងមានរោគរាតត្បាតឬ«ជំងឺដែលគួរឲ្យខ្លាច»។—លូកា ២១:១១, Contemporary English Version
ឧក្រិដ្ឋកម្ម។ ទោះជាធ្លាប់មានបទឧក្រិដ្ឋអស់រាប់រយឆ្នាំហើយក៏ដោយ លោកយេស៊ូបានប្រកាសទុកជាមុនថានៅគ្រាចុងក្រោយបង្អស់ «ការប្រឆាំងច្បាប់នឹងមានកាន់តែច្រើនឡើង»។—ម៉ាថាយ ២៤:១២
ការបង្ខូចផែនដី។ ការបើកបង្ហាញ ១១:១៨ បានប្រាប់ទុកជាមុនថាមនុស្ស«កំពុងបង្ខូចផែនដី»។ ពួកគេធ្វើដូច្នោះតាមវិធីជាច្រើន មិនគ្រាន់តែធ្វើអ្វីអាក្រក់ប៉ុណ្ណោះទេ តែក៏បង្ខូចបរិស្ថានផងដែរ។
ចិត្តគំនិតមនុស្សកាន់តែអាក្រក់ទៅៗ។ នៅធីម៉ូថេទី២ ៣:១-៤ គម្ពីរប្រាប់ទុកជាមុនថាមនុស្សជាទូទៅនឹង«រមិលគុណ គ្មានភក្ដីភាព . . . មិនព្រមស្រុះស្រួលគ្នា ជាអ្នកបង្កាច់បង្ខូច មិនចេះទប់ចិត្ត កាចសាហាវ មិនស្រឡាញ់គុណធម៌ ជាអ្នកក្បត់ ធ្វើតាមទំនើងចិត្ត មានមោទនភាពហួសហេតុពេក»។ មនុស្សនឹងបង្ហាញចិត្តគំនិតទាំងនេះខ្លាំងដល់ម្ល៉េះ បានជាការរៀបរាប់ថាគ្រានេះ«នឹងលំបាកខ្លាំងណាស់»គឺពិតជាត្រឹមត្រូវមែន។
ក្រុមគ្រួសារបែកបាក់គ្នា។ នៅធីម៉ូថេទី២ ៣:២, ៣ គម្ពីរប្រកាសទុកជាមុនថា មនុស្សជាច្រើននឹង«គ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស»ចំពោះក្រុមគ្រួសារ ហើយថែមទាំងប្រាប់ថាកូនៗនឹង«មិនស្ដាប់បង្គាប់ឪពុកម្ដាយ»ទៀតផង។
លែងមានសេចក្ដីស្រឡាញ់ចំពោះព្រះ។ លោកយេស៊ូប្រកាសទុកជាមុនថា៖«សេចក្ដីស្រឡាញ់របស់មនុស្សភាគច្រើននឹងរសាយទៅ»។ (ម៉ាថាយ ២៤:១២) លោកយេស៊ូចង់មានន័យថាសេចក្ដីស្រឡាញ់របស់មនុស្សភាគច្រើនចំពោះព្រះនឹងរសាយទៅ។ ដូចគ្នាដែរ នៅធីម៉ូថេទី២ ៣:៤ ចែងថានៅគ្រាចុងក្រោយបង្អស់ មនុស្សបែបនោះនឹង«ស្រឡាញ់ការសប្បាយជាជាងស្រឡាញ់ព្រះ»។
ភាពលាក់ពុតខាងសាសនា។ នៅធីម៉ូថេទី២ ៣:៥ គម្ពីរប្រកាសទុកជាមុនថាមនុស្សនឹងអះអាងថាខ្លួនគោរពប្រណិប័តន៍ព្រះ តែពួកគេមិនមានរបៀបរស់នៅស្របតាមខ្នាតតម្រារបស់លោកទេ។
ការយល់ទំនាយក្នុងគម្ពីរកាន់តែច្រើនឡើង។ សៀវភៅដានីយ៉ែលបានប្រកាសទុកជាមុនថានៅ«គ្រាចុងបញ្ចប់» មនុស្សជាច្រើននឹងមានចំណេះអំពីសេចក្ដីពិតកាន់តែច្រើនឡើង ហើយពួកគេយល់ត្រឹមត្រូវអំពីទំនាយទាំងនេះ។—ដានីយ៉ែល ១២:៤, កំណត់សម្គាល់
ការផ្សព្វផ្សាយនៅទូទាំងពិភពលោក។ លោកយេស៊ូប្រកាសទុកជាមុនថា៖«ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី»។—ម៉ាថាយ ២៤:១៤
ការមិនអើពើនិងការសើចចំអកមានជាទូទៅ។ លោកយេស៊ូប្រកាសទុកជាមុនថាមនុស្សទូទៅនឹងមិនអើពើចំពោះទីសំអាងជាច្រើនដែលបញ្ជាក់ថាពិភពលោកនេះជិតមកដល់ទីបញ្ចប់ឡើយ។ (ម៉ាថាយ ២៤:៣៧-៣៩) លើសពីនោះទៅទៀត នៅពេត្រុសទី២ ៣:៣, ៤ ប្រាប់ទុកជាមុនថាអ្នកខ្លះនឹងសើចចំអកចំពោះទីសំអាងទាំងនោះ ហើយពួកគេនិយាយថានោះមិនមែនជាទីសំអាងនៃអ្វីណាទេ។
ទំនាយទាំងអស់បានកើតឡើងហើយ។ លោកយេស៊ូមានប្រសាសន៍ថា គ្រាចុងក្រោយបង្អស់នឹងត្រូវសម្គាល់ដោយព្រឹត្តិការណ៍ទាំងអស់នៃទំនាយទាំងនេះកើតឡើងនៅពេលដំណាលគ្នា មិនមែនគ្រាន់តែព្រឹត្តិការណ៍ពីរបី ឬភាគច្រើននោះទេ។—ម៉ាថាយ ២៤:៣៣
តើយើងកំពុងរស់នៅ«គ្រាចុងក្រោយបង្អស់»មែនឬ?
មែនហើយ។ ស្ថានភាពពិភពលោក រួមទាំងការគណនាអំពីពេលវេលា មានមូលដ្ឋានទៅលើអ្វីដែលគម្ពីរបានប្រកាសទុកជាមុន។ អ្វីទាំងនេះបញ្ជាក់ថាគ្រាចុងក្រោយបង្អស់ បានចាប់ផ្ដើមនៅឆ្នាំ១៩១៤ ជាឆ្នាំដែលសង្គ្រាមលោកលើកទី១ចាប់ផ្ដើម។ ដើម្បីដឹងថាស្ថានភាពពិភពលោកបង្ហាញថាយើងកំពុងរស់នៅក្នុងគ្រាចុងក្រោយបង្អស់ សូមទស្សនាវីដេអូនេះ៖
នៅឆ្នាំ១៩១៤ រាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌ ហើយកិច្ចការមួយក្នុងចំណោមសកម្មភាពដំបូងដែលរាជាណាចក្រព្រះត្រូវធ្វើ គឺបោះទម្លាក់មេកំណាចសាថាននិងពួកវិញ្ញាណកំណាចពីស្ថានសួគ៌ ហើយដាក់កម្រិតសកម្មភាពរបស់ពួកវានៅផែនដី។ (ការបើកបង្ហាញ ១២:៧-១២) យើងឃើញយ៉ាងច្បាស់នូវឥទ្ធិពលរបស់សាថានទៅលើមនុស្សជាតិ តាមរយៈចិត្តគំនិតអាក្រក់របស់មនុស្សនិងទង្វើអាក្រក់ៗរបស់ពួកគេ ដែលធ្វើឲ្យគ្រាចុងក្រោយបង្អស់«លំបាកខ្លាំងណាស់»។—ធីម៉ូថេទី២ ៣:១
មនុស្សជាច្រើនតានតឹងចិត្តជាច្រើនដោយសារគ្រាដ៏លំបាកនេះ។ ពួកគេបារម្ភថាមនុស្សលែងចេះរស់នៅជាមួយគ្នាទៀត។ អ្នកខ្លះថែមទៀតភ័យខ្លាចថាមនុស្សនឹងបំផ្លាញគ្នាទៅវិញទៅមក។
នៅដំណាលគ្នានោះ អ្នកឯទៀតដែលខ្វល់ខ្វាយដែរអំពីស្ថានភាពពិភពលោក មានសង្ឃឹមចំពោះអនាគត។ ពួកគេជឿជាក់ថាមិនយូរទៀតរាជាណាចក្រព្រះ នឹងចាត់វិធានការដើម្បីបំបាត់ចោលបញ្ហាពិភពលោក។ (ដានីយ៉ែល ២:៤៤; ការបើកបង្ហាញ ២១:៣, ៤) ពួកគេរង់ចាំដោយចិត្តអត់ធ្មត់ ពេលដែលព្រះសម្រេចសេចក្ដីសន្យារបស់លោក ហើយពួកគេទទួលការសម្រាលទុក្ខពីប្រសាសន៍របស់លោកយេស៊ូ ដែលថា៖«អ្នកណាដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់ អ្នកនោះនឹងត្រូវសង្គ្រោះ»។—ម៉ាថាយ ២៤:១៣; មីកា ៧:៧