តើគម្ពីរចែងយ៉ាងណាអំពីសត្វដាយណូស័រ?
ចម្លើយពីគម្ពីរ
គម្ពីរមិនបានប្រាប់ច្បាស់ អំពីសត្វដាយណូស័រនោះទេ។ យ៉ាងណាក៏ដោយ គម្ពីរបញ្ជាក់ថាព្រះបាន«បង្កើតអ្វីៗទាំងអស់» ដូច្នេះ នេះជាភ័ស្តុតាងដែលបញ្ជាក់ថា ដាយណូស័រក៏នៅក្នុងចំណោមសត្វដែលព្រះបានបង្កើតមកដែរ។ a (ការបើកបង្ហាញ ៤:១១) ទោះជាគម្ពីរមិនបានរៀបរាប់យ៉ាងចំៗអំពីសត្វដាយណូស័រក៏ដោយ តែគម្ពីរប្រាប់អំពីសត្វមួយក្រុមធំ ហើយដាយណូស័រក៏ប្រហែលជានៅក្នុងចំណោមសត្វទាំងនោះដែរ:
«សត្វសំបើមៗ . . . នៅក្នុងទឹក»។—លោកុប្បត្តិ ១:២១
«គ្រប់ទាំងសត្វដែលលូនវានៅដីគោក»។—លោកុប្បត្តិ ១:២៥
«សត្វព្រៃនៅផែនដី»។—លោកុប្បត្តិ ១:២៥
តើសត្វដាយណូស័រវិវត្តន៍មកពីសត្វផ្សេងទៀតឬ?
តាមអ្វីដែលបានរកឃើញក្នុងហ្វូស៊ីលបញ្ជាក់ថា ជាជាងវិវត្តន៍បន្ដិចម្ដងៗ សត្វដាយណូស័របានកើតមកភ្លាមៗ។ ការរកឃើញនោះស្របគ្នានឹងអ្វីដែលគម្ពីរចែង គឺថា ព្រះបានបង្កើតសត្វទាំងអស់។ ជាឧទាហរណ៍ ទំនុកតម្កើង ១៤៦:៦ បានរៀបរាប់ថាព្រះជាអ្នក«ដែលបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រនិងរបស់សព្វសារពើ ដែលនៅស្ថានទាំងនោះ»។
តើសត្វដាយណូស័រធ្លាប់រស់នៅលើផែនដីតាំងពីពេលណា?
គម្ពីរបានប្រាប់ថាទាំងសត្វក្នុងទឹក និងសត្វលើដីបានត្រូវបង្កើតក្នុងអំឡុងថ្ងៃទី៥ និងថ្ងៃទី៦ នៃគ្រាការបង្កើត។ b (លោកុប្បត្តិ ១:២០-២៥, ៣១) ដូច្នេះ យោងទៅតាមគម្ពីរមានសត្វដាយណូស័ររស់នៅលើផែនដី អស់មួយរយៈពេលវែង។
តើអ្វីបានកើតឡើងដល់សត្វដាយណូស័រទាំងនោះ?
គម្ពីរមិនបានប្រាប់អំពីមូលហេតុដែលសត្វដាយណូស័របានផុតពូជនោះទេ។ យ៉ាងណាក៏ដោយ អ្វីៗដែលបានត្រូវបង្កើតមកទាំងអស់គឺ«ដោយសារបំណងប្រាថ្នារបស់[ព្រះ]» ដូច្នេះច្បាស់ណាស់ ព្រះបង្កើតសត្វដាយណូស័រដោយមានគោលបំណង។ (ការបើកបង្ហាញ ៤:១១) ពេលដែលសត្វដាយណូស័រទាំងនោះធ្វើអ្វីៗតាមបំណងរបស់ព្រះរួចហើយ លោកបានអនុញ្ញាតឲ្យសត្វដាយណូស័រទាំងនោះផុតពូជទៅ។
a តាមរយៈហ្វូស៊ីល(គ្រោងឆ្អឹងដែលនៅជាប់ក្នុងថ្ម)បានបញ្ជាក់ថា ពិតជាមានសត្វដាយណូស័រមែន។ តាមពិត មានហ្វូស៊ីលជាច្រើន ដែលបានបង្ហាញថា ធ្លាប់មានសត្វដាយណូស័រជាច្រើនប្រភេទរស់នៅលើផែនដី។
b ក្នុងគម្ពីរពាក្យថា«ថ្ងៃ»អាចសំដៅទៅលើរយៈពេលមួយដ៏វែង វាអាចមានរយៈពេលរាប់ពាន់ឆ្នាំ។—លោកុប្បត្តិ ១:៣១; ២:១-៤; ហេប្រឺ ៤:៤, ១១