តើអ្វីជាសត្វសាហាវដែលមានសម្បុរក្រហមឆ្អៅពីសៀវភៅការបើកបង្ហាញ ជំពូក១៧?
ចម្លើយពីគម្ពីរ
សត្វសាហាវដែលមានសម្បុរក្រហមឆ្អៅនៅសៀវភៅការបើកបង្ហាញ ជំពូក១៧ គឺជានិមិត្តរូបនៃអង្គការមួយដែលមានគោលបំណងបង្រួបបង្រួមប្រជាជាតិនានានៃពិភពលោកនេះ និងជាតំណាងប្រជាជាតិទាំងនោះ។ ដំបូង វាគឺជាអង្គការសម្ព័ន្ធប្រជាជាតិ ហើយឥឡូវគឺជាអង្គការសហប្រជាជាតិ។
របៀបសម្គាល់អត្តសញ្ញាណរបស់សត្វសាហាវដែលមានសម្បុរក្រហមឆ្អៅ
១. អង្គការនយោបាយ។ សត្វសាហាវដែលមានសម្បុរក្រហមឆ្អៅមាន«ក្បាល៧» ដែលជាតំណាង«ភ្នំ៧» និង«ស្ដេច៧រូប»ឬអំណាចគ្រប់គ្រង។ (ការបើកបង្ហាញ ១៧:៩, ១០) ក្នុងគម្ពីរ ភ្នំនិងសត្វបានត្រូវប្រើដើម្បីជានិមិត្តរូបសម្រាប់រដ្ឋាភិបាល។—យេរេមា ៥១:២៤, ២៥; ដានីយ៉ែល ២:៤៤, ៤៥; ៧:១៧, ២៣
២. លក្ខណៈស្រដៀងនឹងប្រព័ន្ធនយោបាយទូទាំងពិភពលោក។ សត្វសាហាវដែលមានសម្បុរក្រហមឆ្អៅ មានភាពស្រដៀងនឹងសត្វសាហាវដែលមានក្បាល៧ពីសៀវភៅការបើកបង្ហាញ ជំពូក១៣ ដែលជាតំណាងប្រព័ន្ធនយោបាយទូទាំងពិភពលោក។ សត្វសាហាវទាំងពីរនេះមានក្បាល៧ ស្នែង១០ និងមានឈ្មោះដែលប្រមាថព្រះ។ (ការបើកបង្ហាញ ១៣:១; ១៧:៣) ភាពស្រដៀងគ្នាទាំងនេះមិនអាចកើតឡើងដោយចៃដន្យទេ។ សត្វសាហាវដែលមានសម្បុរក្រហមឆ្អៅ គឺមានលក្ខណៈស្រដៀងឬជារូបនៃប្រព័ន្ធនយោបាយទូទាំងពិភពលោក។—ការបើកបង្ហាញ ១៣:១៥
៣. អំណាចមកពីអ្នកគ្រប់គ្រងផ្សេងទៀត។ សត្វសាហាវដែលមានសម្បុរក្រហមឆ្អៅ«ចេញពី»ឬបានកើតមកពីអំណាចគ្រប់គ្រងផ្សេងទៀត។—ការបើកបង្ហាញ ១៧:១១, ១៧
៤. ជាប់ទាក់ទងនឹងសាសនា។ បាប៊ីឡូនដ៏ខ្លាំងក្លា ដែលជាសាសនាមិនពិតទាំងឡាយនៅទូទាំងពិភពលោក អង្គុយពីលើសត្វសាហាវដែលមានសម្បុរក្រហមឆ្អៅ។ នេះបង្ហាញថាវាទទួលឥទ្ធិពលពីសាសនាផ្សេងៗ។—ការបើកបង្ហាញ ១៧:៣-៥
៥. បង្ខូចកិត្តិយសព្រះ។ សត្វសាហាវនោះ«ពេញទៅដោយឈ្មោះដែលប្រមាថព្រះ»។—ការបើកបង្ហាញ ១៧:៣
៦. អសកម្មអស់មួយរយៈ។ សត្វសាហាវដែលមានសម្បុរក្រហមឆ្អៅនោះ នៅក្នុង«ទីជ្រៅបំផុត» aឬអសកម្មអស់មួយរយៈពេល ប៉ុន្តែក្រោយមកមានសកម្មភាពឡើងវិញ។—ការបើកបង្ហាញ ១៧:៨
ទំនាយគម្ពីរក្លាយជាការពិត
សូមគិតពិចារណាអំពីរបៀបដែលអង្គការសហប្រជាជាតិ និងអង្គការមុននោះ គឺអង្គការសម្ព័ន្ធប្រជាជាតិ បានសម្រេចទំនាយគម្ពីរស្ដីអំពីសត្វសាហាវដែលមានសម្បុរក្រហមឆ្អៅ។
១. អង្គការនយោបាយ។ អង្គការសហប្រជាជាតិគាំទ្រប្រព័ន្ធនយោបាយដោយកាន់ខ្ជាប់«សមភាព និងអធិបតេយ្យភាពរបស់សមាជិកទាំងអស់»។ b
២. លក្ខណៈស្រដៀងនឹងប្រព័ន្ធនយោបាយទូទាំងពិភពលោក។ នៅឆ្នាំ២០១១ អង្គការសហប្រជាជាតិបានបន្ថែមសមាជិកទី១៩៣។ ដូច្នេះ អង្គការនេះអះអាងថាខ្លួនជាតំណាងមនុស្សនិងប្រជាជាតិភាគច្រើនក្នុងពិភពលោកនេះ។
៣. អំណាចមកពីអ្នកគ្រប់គ្រងផ្សេងទៀត។ ប្រជាជាតិនានាដែលជាសមាជិកអង្គការសហប្រជាជាតិបានបង្កើតអង្គការនោះមក។ អង្គការសហប្រជាជាតិទទួលអំណាចតាមដែលប្រជាជាតិទាំងនោះផ្ដល់ឲ្យ។
៤. ជាប់ទាក់ទងនឹងសាសនា។ ទាំងអង្គការសម្ព័ន្ធប្រជាជាតិ ទាំងអង្គការសហប្រជាជាតិបានទទួលការគាំទ្រពីសាសនានានានៃពិភពលោកនេះ។ c
៥. បង្ខូចកិត្តិយសព្រះ។ អង្គការសហប្រជាជាតិបានត្រូវបង្កើតឡើង«ដើម្បីរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ»។ d ទោះជាគោលដៅនេះមើលទៅគួរឲ្យសរសើរក្ដី តាមពិតអង្គការសហប្រជាជាតិបង្ខូចកិត្តិយសព្រះដោយអះអាងថាពួកគេអាចធ្វើអ្វីដែលលោកបានមានប្រសាសន៍ថាមានតែរាជាណាចក្រលោកប៉ុណ្ណោះអាចសម្រេចបាន។—ចម្រៀងសរសើរព្រះ ៤៦:៩; ដានីយ៉ែល ២:៤៤
៦. អសកម្មអស់មួយរយៈ។ អង្គការសម្ព័ន្ធប្រជាជាតិបានត្រូវបង្កើតឡើងមិនយូរក្រោយពីសង្គ្រាមលោកលើកទី១ ដោយមានគោលបំណងរក្សាសន្តិភាព។ ទោះជាយ៉ាងនោះក៏ដោយ អង្គការនោះមិនបានទប់ស្កាត់ការវាយប្រហារទៅលើប្រទេសផ្សេងៗនៅទូទាំងពិភពលោកទេ។ អង្គការនោះបានដួលរលំពេលសង្គ្រាមលោកលើកទី២ចាប់ផ្ដើមនៅឆ្នាំ១៩៣៩។ នៅឆ្នាំ១៩៤៥ ក្រោយពីសង្គ្រាមលោកលើកទី២បញ្ចប់ អង្គការសហប្រជាជាតិបានត្រូវបង្កើតមក។ គោលបំណង វិធីសាស្ត្រ និងរបៀបរៀបចំរបស់អង្គការនោះគឺស្រដៀងគ្នានឹងអង្គការសម្ព័ន្ធប្រជាជាតិ។
a យោងទៅតាមសៀវភៅវចនានុក្រមគម្ពីរមួយ ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«ទីជ្រៅបំផុត» រៀបរាប់អំពី«ជម្រៅដែលគ្មានដែនកំណត់»។ (Vine’s Expository Dictionary of Old and New Testament Words) សេចក្ដីបកប្រែគម្ពីរឃីងជេម្សជាភាសាអង់គ្លេស បានបកប្រែពាក្យនេះថា«រណ្ដៅជ្រៅក្រៃលែងស្ទង់មិនបាន»។ ក្នុងគម្ពីរ នេះសំដៅលើកន្លែងឬស្ថានភាពឃុំឃាំងដែលគ្មានសកម្មភាពអ្វីទាំងអស់។
b សូមមើលប្រការទី២នៃគោលការណ៍អង្គការសហប្រជាជាតិជាភាសាអង់គ្លេស។
c ជាឧទាហរណ៍នៅឆ្នាំ១៩១៨ ក្រុមប្រឹក្សាដែលជាតំណាងវិហារប្រូតេស្តង់នៅប្រទេសអាម៉េរិក បានប្រកាសថា អង្គការសម្ព័ន្ធប្រជាជាតិនឹងទៅ«ជាតំណាងរាជាណាចក្ររបស់ព្រះនៅផែនដី»។ នៅឆ្នាំ១៩៦៥ បុគ្គលមួយចំនួនដែលជាតំណាងពុទ្ធសាសនា សាសនាកាតូលិក សាសនាអូធូដុក្សខាងកើត សាសនាហិណ្ឌូ សាសនាអ៊ីស្លាម សាសនាយូដា និងសាសនាប្រូតេស្តង់ បានជួបជុំគ្នានៅក្រុងសានហ្វ្រានស៊ីស្កូ ដើម្បីគាំទ្រនិងអធិដ្ឋានឲ្យអង្គការសហប្រជាជាតិ។ ម្យ៉ាងទៀត នៅឆ្នាំ១៩៧៩ សម្ដេចប៉ាបចន ផលទី២បាននិយាយអំពីក្ដីសង្ឃឹមរបស់គាត់ថា អង្គការសហប្រជាជាតិ«នឹងបន្តធ្វើជាស្ថាប័នដ៏ប្រសើរបំផុតដើម្បីឲ្យមានសន្តិភាពនិងយុត្តិធម៌»។
d សូមមើលប្រការទី១នៃគោលការណ៍អង្គការសហប្រជាជាតិ។